រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយថា លោកនឹងស្នើសភានូវទឹកប្រាក់ជំនួយចំនួន ៧៥ លានដុល្លារ សម្រាប់ពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់ Gaza បន្ទាប់ពីបទឈប់បាញ់គ្នាក្នុងពេលថ្មីៗនេះ បានបញ្ចប់ជម្លោះថ្មីៗរវាងអ៊ីស្រាអែលនិងក្រុម Hamas។
លោកBlinken បានប្រកាសបែបនេះកាលពីថ្ងៃអង្គារក្រោយជំនួបនៅទីក្រុង Ramallah ជាមួយប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas។
លោកBlinken បានបញ្ជាក់ថា៖ «យើងដឹងថាអំពើហិង្សាជុំចុងក្រោយគឺជារោគសញ្ញានៃបញ្ហាធំៗ ដែលយើងត្រូវតែដោះស្រាយ ប្រសិនបើយើងរារាំងការកើតឡើងរបស់វា ហើយនេះជាអ្វីដែលយើងបានពិភាក្សាថ្ងៃនេះ។ យើងស្វាគមន៍បទឈប់បាញ់ដែលនៅតែបន្ត ប៉ុន្តែវាមិនគ្រប់គ្រាន់នោះទេ។ យើងត្រូវតែពង្រឹងបទឈប់បាញ់និងព្យាយាមបង្វែរស្ថានការណ៍ទៅទិសដៅវិជ្ជមានពិតប្រាកដ»។
លោក Blinken ក៏បានបញ្ជាក់ជាថ្មីម្ដងទៀតកាលពីថ្ងៃអង្គារថា ជំនឿរបស់រដ្ឋបាលលោក Biden គឺថាដំណោះស្រាយរវាងរដ្ឋទាំងពីរ គឺជាមធ្យោបាយតែមួយគត់ដើម្បីធានាអនាគតរបស់អ៊ីស្រាអែលក្នុងនាមជារដ្ឋនៃជនជាតិជ្វីហ្វនិងជារដ្ឋប្រជាធិបតេយ្យ។ ហើយ ប្រាកដណាស់ គឺដើម្បីផ្ដល់ជូនពលរដ្ឋប៉ាឡេស្ទីននូវរដ្ឋដែលពួកគេមានសិទ្ធិទទួលបាន។
រដ្ឋមន្ត្រីការបរទេសរូបនេះ បានឲ្យដឹងទៀតថា សហរដ្ឋអាមេរិកនឹងបើកដំណើរការឡើងវិញនូវស្ថាន កុងស៊ុលរបស់ខ្លួននៅក្នុងទីក្រុង Jerusalem បន្ទាប់ពីរដ្ឋបាលលោក Trump បានបិទទ្វាវាកាលពីឆ្នាំ ២០១៩ និងផ្ដល់ជំនួយគ្រោះមហន្តរាយបន្ទាន់ចំនួន៥លាន៥សែនដុល្លារអាមេរិក និងជាង៣២លានដុល្លារអាមេរិកទៀតសម្រាប់យុទ្ធនាការមនុស្សធម៌សង្គ្រោះបន្ទាន់មួយរបស់អង្គការសហប្រជាជាតិ។
លោក Blinken បានបញ្ជាក់ទៀតថា ការបើកស្ថានកុងស៊ុលនេះឡើងវិញគឺជាមធ្យោបាយសំខាន់មួយសម្រាប់ឲ្យសហរដ្ឋអាមេរិកចូលរួមនិងផ្ដល់ការជួយឧបត្ថម្ភដល់ពលរដ្ឋប៉ាឡេស្ទីន។
លោក Blinken ក៏បានសន្យាជួយពង្រីកឱកាសខាងសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋប៉ាឡេស្ទីនទាំងនៅក្នុងតំបន់ Gaza និងក្នុងតំបន់ West Bank ផងដែរ ដោយនិយាយថា ការធ្វើដូច្នេះនឹងផ្តល់បរិយាកាសកាន់តែមានស្ថិរភាពឡើងដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋប៉ាឡេស្ទីននិងអ៊ីស្រាអែល៕