អភិបាលនៃរដ្ឋភាគខាងជើងចំនួន៤រដ្ឋបានជួបគ្នាកាលពីថ្ងៃទី២០ ក្នុងទីក្រុង Kaduna ដើម្បីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយមូលនិធិ Bill & Melinda Gates និងមូលនិធិ Dangote របស់សេដ្ឋីដែលមានបំផុតនៅទ្វីបអាហ្រ្វិកគឺលោក Aliko Dangote រួមជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅនីហ្សេរីយ៉ា។
អនុស្សរណៈនេះនឹងចាប់ផ្តើមកម្មវិធីដែលមានគោលបំណងបង្កើនការចាក់ថ្នាំបង្ការកុមារឲ្យបានរហូតដល់៨០% ត្រឹមឆ្នាំ២០១៨។ អ្នកតំណាងប្រចាំប្រទេសរបស់មូលនិធិ Gates លោកស្រី Mairo Mandara និយាយថារដ្ឋ Borno រដ្ឋ Yobe រដ្ឋ Sokoto និងរដ្ឋ Kaduna ត្រូវបានជ្រើសរើសដោយសារពួកគេមានតម្រូវការខ្ពស់។
ពួកគេចូលជាមួយរដ្ឋ Kano និងរដ្ឋ Bauchi ដែលបានបន្តកិច្ចព្រមព្រៀងជាថ្មីម្តងទៀតលើកិច្ចព្រមព្រៀងដែលមានរូចមកហើយ។
លោកស្រី Mairo Mandara និយាយថា «បើសិនជាអ្នកក្រឡេកមើលទៅលើប្រទេសទាំងមូល ការចាក់ថ្នាំបង្ការមានកម្រិតទាបបំផុតគឺនៅក្នុងរដ្ឋទាំងនេះ ទីដែលអនុស្សរណៈទាំងនេះត្រូវបានចុះហត្ថលេខា»។
លោកស្រី Mandara ក៏បានបន្តថា អត្រានៃថ្នាំបង្ការគឺអាចទាបបំផុតរហូតដល់៣០%នៅក្នុងរដ្ឋភាគខាងជើងមួយចំនួន។ យោងតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង មូលនិធិ Gates និងមូលនិធិ Dangote រួមទាំងរដ្ឋាភិបាលនឹងបែងចែកការចំណាយនៃការផ្តួចផ្តើម ដូចជាបញ្ចូនក្រុមការងារទៅចាក់ថ្នាំបង្ការដល់កុមារ។ គោលដៅមួយផ្សេងទៀតនោះគឺការពារមិនឲ្យជំងឺស្វិតដៃជើងងើបឡើងម្តងទៀត។ ប្រទេសនីហ្សេរីយ៉ាមិនធ្លាប់បានរាយការណ៍ពីករណីនៃជំងឺនេះតាំងពីឆ្នាំ២០១៤មក។
អង្គការសុខភាពពិភពលោកបាននិយាយកាលពីឆ្នាំមុនថា ជំងឺស្វិតដៃជើងមិនបានឆ្លងរាតត្បាតតាមតំបន់ក្នុងប្រទេសនីហ្សេរីយ៉ាទៀតនោះទេ។ ប៉ុន្តែលោកស្រីនិយាយថា យើងមានកិច្ចការដែលត្រូវបញ្ចប់ជាច្រើនទៀត មុននឹងអាចប្រកាសថាប្រទេសនេះគ្មានជំងឺស្វិតដៃជើងទៀតនោះ។
«យើងត្រូវថែរក្សាប្រព័ន្ធភាពស៊ាំរបស់កុមារ ទើបពួកគេមិននាំយកជំងឺនេះមកវិញនៅពេលដែលគេធ្វើដំណើរទៅកន្លែងផ្សេង។»
លោក Andrew Jonathan Nok ស្នងការសេវាកម្មប្រជាជន និងសុខាភិបាលនៃរដ្ឋ Kaduna និយាយថា លោកជឿថាកម្មវិធីថ្មីទាំងនេះនឹងជួយរដ្ឋឲ្យទទួលបានការចាក់ថ្នាំបង្ការបាន១០០%។
លោកស្រី Mandara បាននិយាយថា លោកស្រីមិនអាចផ្តល់ចម្លើយបានទេថា តើនឹងត្រូវចំណាយអស់ប៉ុន្មានលើកម្មវិធីថ្មីទាំងនេះ ដោយសារតែតម្រូវការរបស់រដ្ឋនីមួយៗកំពុងត្រូវបានគេវាយតម្លៃ៕
ប្រែសម្រួលដោយ ទុំ ម្លិះ