ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Bill Clinton ថ្លែង​សុន្ទរកថា​ក្នុង​សន្និបាត​គណបក្ស​ប្រជាធិបតេយ្យ​នា​ថ្ងៃ​អង្គារ​នេះ


អតីតប្រធានាធិតបតី​លោក​ Bill Clinton អបអរ​អតីតបេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតី​លោក​ Sen. Bernie Sanders ខណៈដែល​លោក​កំពុង​ថ្លែង​សុន្ទរកថា​ថ្ងៃ​ដំបូង​នៃ​សន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ក្រុង​ Philadelphia ថ្ងៃច័ន្ទ​ទី​ ២៥ កក្កដា ២០១៦។
អតីតប្រធានាធិតបតី​លោក​ Bill Clinton អបអរ​អតីតបេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតី​លោក​ Sen. Bernie Sanders ខណៈដែល​លោក​កំពុង​ថ្លែង​សុន្ទរកថា​ថ្ងៃ​ដំបូង​នៃ​សន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ក្រុង​ Philadelphia ថ្ងៃច័ន្ទ​ទី​ ២៥ កក្កដា ២០១៦។

លោក Bill Clinton ស្វាមី​លោកស្រី Hillary Clinton ដែល​ជា​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ និង​មាន​បទពិសោធន៍​ធ្លាប់​ធ្វើជា​ប្រធានាធិបតី​ផ្ទាល់​ខ្លួន​លោក នៅ​ថ្ងៃ​អង្គារ​នេះ នឹង​ឡើង​ថ្លែង​សុន្ទរកថា​ដំបូង​គេ​បង្អស់​ក្នុង​ការ​គាំទ្រ​យុទ្ធនាការ​របស់​លោកស្រី​នៅឯ​សន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​ទីក្រុង Philadelphia រដ្ឋ Pennsylvania។

លោកស្រី Nancy Pelosi ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ ដែលជា​គណបក្ស​មាន​សម្លេង​ភាគ​តិច​នៅ​ក្នុង​រដ្ឋសភា​សហរដ្ឋ​អាមេរិក និង​លោកស្រី Donna Brazile ដែលជា​ប្រធាន​ស្តីទី​នៃ​គណៈកម្មាការ​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ និង​ក្រុម​ស្ត្រី​ដែល​មាន​កូន​ស្លាប់​នៅក្នុង​អំពើ​ហិង្សា ឬ​ការ​ប្រទូសរ៉ាយ​ដោយ​អាវុធ​ជាមួយ​ប៉ូលិស ក៏​គ្រោង​នឹង​ថ្លែង​សុន្ទរកថា​នៅក្នុង​សន្និបាត​នោះ​ផងដែរ។

ពួកគេ​នឹង​ថ្លែង​សុន្ទរកថា​បន្ទាប់ពី​ការ​ថ្លែង​របស់​មន្ត្រី​កំពូលៗ​ក្នុងគណបក្ស​ប្រជាធិបតេយ្យ​នៅក្នុង​ការ​បើក​សន្និបាត​គណបក្ស​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ ដែល​អំពាវនាវ​ឲ្យ​អ្នក​បោះឆ្នោត​ទាំងឡាយ​គាំទ្រ​លោកស្រី Hillary Clinton។

លោកស្រី Michelle Obama បាន​មាន​ប្រសាសន៍​អំពី​សារៈសំខាន់​នៃ​អ្នក​ដែល​ធ្វើការ​នៅ​ក្នុង​សេតវិមាន​ប្រធានាធិបតី ក្នុង​ការ​ដើរ​តួ​ជា​គំរូ​ដល់​ក្មេងៗ​អាមេរិកាំង​នៅក្នុង​សហរដ្ឋអាមេរិក ដោយ​បាន​លើក​ឡើង​ថា «ពាក្យ​សម្តី និង​សកម្មភាព​របស់​យើង​គឺ​មាន​សារៈសំខាន់​ណាស់‍» ហើយ​លោកស្រី​ជឿ​ថា លោកស្រី Hillary Clinon គឺជា​បេក្ខជន​តែមួយ​គត់​ដែល​សាកសម​ធ្វើ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នា​អាណត្តិ​ក្រោយ​នេះ។

លោកស្រី Michelle Obama បាន​បញ្ជាក់​នៅ​ក្នុង​សន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​ថា៖ «ខ្ញុំ​ចង់​បាន​ប្រធានាធិបតី​ដែល​មាន​ប្រវត្តិ​បំរើ​ការងារ​រដ្ឋ ដែល​ជីវិត​ការងារ​របស់​អ្នក​នោះ​បង្ហាញ​កូនៗ​របស់​យើង​ឲ្យ​ឃើញ​ថា យើង​មិនចង់​បាន​ភាព​ល្បីល្បាញ និង​ទ្រព្យធន​សម្រាប់​ខ្លួន​យើង​នោះ​ទេ។ ខ្ញុំ​ចង់​បាន​ប្រធានាធិបតី​ដែល​បង្រៀន​កូនៗ​របស់​យើង​ឲ្យ​យល់​ពី​តម្លៃ​របស់​មនុស្ស​រាល់គ្នា​នៅក្នុង​សហរដ្ឋ​អាមេរិក‍»៕

XS
SM
MD
LG