នៅពេលបច្ចុប្បន្ននេះ ចំណេះដឹងភាសាអង់គ្លេសជាការចាំបាច់សម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលអាចផ្តល់លទ្ធភាពឲ្យពួកគេអាចរកការងារដែលផ្តល់ប្រាក់កម្រៃខ្ពស់។ ទន្ទឹមជាមួយគ្នានេះដែរ បញ្ញវន្តខ្មែរបង្ហាញការព្រួយបារម្ភមួយចំនួនអំពីការហូរចូលវប្បធម៌បរទេសតាមរយៈភាសានេះ។
កាលពីពេលថ្មីៗនេះ នាង ប៉ស់ សុជាតា បានអានសៀវភៅដ៏ល្បីរបស់អ្នកកាសែតសញ្ជាតិអង់គ្លេសឈ្មោះ Jojo Moyesដ៏ល្បីល្បាញម្នាក់។ សៀវភៅរបស់គាត់នោះមានចំណងជើងថា Me Before You ដែលជាសៀវភៅប្រលោមលោកមនោសញ្ចេតនា ដែលក្រោយមកត្រូវបានគេផលិតជាខ្សែភាពយន្ត។
ដោយមានការជក់ចិត្តជាមួយស្នាដៃរបស់សៀវភៅរបស់លោកស្រី Jojo Moyes នោះ នាង សុជាតា បានចាប់យកសៀវភៅបន្ទាប់មួយទៀតរបស់អ្នកនិពន្ធរូបនេះ ហើយសៀវភៅថ្មីនេះមានចំណងជើងថា After You។
នេះមិនមែនជាលើកទីមួយទេ ដែលនាង សុជាតា អាយុ២៧ឆ្នាំ សិក្សាពីវប្បធម៌ប្រទេសដទៃទៀតដោយខ្លួនឯង តាមរយៈការអានសៀវភៅ។ នាង សុជាតា និងបងប្អូនស្រីពីរនាក់ទៀតរបស់នាងបានអានសៀវភៅផ្សេងៗជាភាសាអង់គ្លេសរាប់រយក្បាល ទោះជារឿងពិត ឬជារឿងប្រឌិតក្តី តាំងពីនាងនៅរៀននៅវិទ្យាល័យម៉្លេះ។ នាង សុជាតា បានចូលរួមជាមួយនិស្សិតខ្មែរផ្សេងៗទៀតដែលចូលចិត្តការអានសៀវភៅ។
នាង សុជាតា នៅក្នុងចំណោមមនុស្សជំនាន់ក្រោយរាប់ពាន់នាក់ដែលប្រើប្រាស់ភាសាអង់គ្លេសជាទៀងទាត់ក្នុងការធ្វើទំនាក់ទំនងនៅសាលា និងនៅក្នុងជីវិតប្រចាំថ្ងៃ សម្រាប់ការអប់រំ និងដើម្បីទទួលបានព័ត័មាន និងបង្កើនលទ្ធភាពការងាររបស់នាងក៏ដូចជាដើម្បីការកម្សាន្ដផងដែរ។
បញ្ញវន្តកម្ពុជាបានជំរុញឲ្យមានការប្រើប្រាស់ភាសាអង់គ្លេសឲ្យបានច្រើនដើម្បីជាមធ្យោបាយតភ្ជាប់ជាមួយលោកខាងក្រៅ។ ពួកគេក៏បានលើកឡើងនូវការព្រួយបារម្ភអំពីផលប៉ះពាល់នៃការរីករាលដាលភាសាអង់គ្លេសទៅលើវប្បធម៌កម្ពុជាផងដែរ។
នាង សុជាតា បាននិយាយថា សមត្ថភាពក្នុងការប្រើភាសាអង់គ្លេសរបស់នាងមិនមែនកើតឡើងពីខិតខំប្រឹងប្រែងរយៈពេលខ្លីទេ។
នាង សុជាតា មានសំណាងដែលឪពុកម្តាយរបស់នាងបានបញ្ជូននាងឲ្យចូលរៀនភាសាអង់គ្លេសនៅសាលាដែលល្អបំផុតមួយនៅទីក្រុងភ្នំពេញ ជាកន្លែងដែលនាងបានអនុវត្តការអានសរសេរ និយាយ និងស្តាប់ភាសាអង់គ្លេស មុនពេលនាងចូលរៀននៅមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការអប់រំ Australian Center for Education។
អ្វីដែលនាង សុជាតា ចង់បាន នាងតែងតែរកឃើញនៅក្នុងបណ្ណាល័យមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការអប់រំនេះ។ នាងបានយកសៀវភៅពីបណ្ណាល័យនោះមួយក្បាល ហើយមួយក្បាលទៀតដើម្បីអាន។
នាង សុជាតា ពាក់អាវអំបោះពណ៌ខៀវដៃខ្លី ហើយនឹងតុបតែងមុខលក្ខណៈធម្មជាតិ ដែលមើលទៅខុសពីស្ត្រីកម្ពុជាផ្សេងទៀតអាយុស្រករនាង។
នាង សុជាតា ញញឹមដោយមានទំនុកចិត្ត។ នាងបានប្រាប់ VOA អំពីរបៀបដែលនាងបានទទួលអាហារូបករណ៍សន្តិភាពអន្តរជាតិមួយ ដើម្បីចូលរួមក្នុងសាកលវិទ្យាល័យមួយនៅក្នុងប្រទេសអូស្ត្រាលីក្នុងឆ្នាំ២០០៩ ខណៈពេលដែលនាងនៅជានិស្សិតឆ្នាំទីបីរបស់វិទ្យាស្ថានភាសាបរទេស និងដេប៉ាតេម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៅក្នុងរាជធានីភ្នំពេញ។
នាងបាននិយាយថា បើនាងមិនចេះភាសាអង់គ្លេសទេ នាងទំនងជាខកខានឱកាសសំខាន់ៗជាច្រើន។
នាងនិយាយថា ជាចាំបាច់សិស្ស និស្សិតកម្ពុជាត្រូវតែចេះភាសាអង់គ្លេសឲ្យបានល្អដើម្បីទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេស។
នាង សុជាតា បានទទួលសញ្ញាប័ត្រអនុបណ្ឌិតក្នុងការរចនាពហុមេឌៀពីសាកលវិទ្យាល័យ Monashនៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី។
នៅពេលវិលត្រឡប់មកប្រទេសកម្ពុជាវិញ នាង សុជាតា បានធ្វើជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Limkokwing ហើយក្រោយមកបានធ្វើជាអ្នកផលិតកម្មវិធីឲ្យក្រុមហ៊ុនឯកជនមួយ។
នាងបាននិយាយថា៖ «ពេលដែលចេះភាសាអង់គ្លេសទៅ គឺខ្ញុំអាចរៀនយល់ដឹងពីវប្បធម៌ផ្សេងៗហើយអាចធ្វើស្វ័យសិក្សាដោយខ្លួនឯងងាយស្រួលជាងមុន ព្រោះនៅពេលដែលខ្ញុំចាប់ផ្តើមចេះភាសាអង់គ្លេស គឺខ្ញុំចាប់ផ្តើមចេះប្រើអ៊ិនធឺណិត និងចេះប្រើអ៊ីម៉េលនៅពេលតែមួយដែរ។ អញ្ចឹងនៅពេលហ្នឹង នៅពេលដែលខ្ញុំត្រូវការរៀន និងចង់ស្វែងយល់អ្វីបន្ថែមទៀត ខ្ញុំអាចរកតាមអ៊ីនធឺណិតបានដោយងាយស្រួល ហើយមួយទៀតគឺនៅពេលដែលយើងប្រាស្រ័យទាក់ទងជាមួយអ្នកផ្សេងក៏វាងាយស្រួលដែរ»។
ក្រៅពីផ្តល់ឱកាសដើម្បីស្វែងយល់ឲ្យបានច្រើនអំពីពិភពលោក ជំនាញភាសាអង់គ្លេសរបស់នាង សុជាតា បានផ្តល់លទ្ធភាពឱ្យនាងស្វែងយល់វប្បធម៌ប្រទេសផ្សេងៗជាច្រើន។
«អ្វីដែលសំខាន់ហ្នឹង នៅពេលដែលយើងចេះភាសាដែលជាភាសាអន្តរជាតិមួយហ្នឹង យើងមិនត្រឹមតែប្រាស្រ័យទាក់ទងជាមួយគេបានទេ ប៉ុន្តែធ្វើឲ្យយើងហ្នឹងយល់ដឹងពីវប្បធម៌ប្រទេសផ្សេង។ អញ្ចឹងទោះបីជានៅប្រទេសម៉ាឡេស៊ី សិង្ហបុរីអញ្ចឹង គេមានភាសាដើមគេហើយជនជាតិគេនិយាយភាសាអង់គ្លេស។ នៅពេលដែលយើងយល់ដឹង ចេះភាសាអង់គ្លេស យើងអាចប្រាស្រ័យទាក់ទងជាមួយជនជាតិគេហ្នឹងបានទៅ យើងក៏យល់ដឹងពីវប្បធម៌គេដែរ។ កាលណាយើងដឹងវប្បធម៌ច្រើន ធ្វើឲ្យមនុស្សយើងហ្នឹងបើកចិត្តទូលាយ ទទួលយកអ្វីប្លែកៗថ្មីៗ»។
នាង សុជាតា បាននិយាយថា ចេះអង់គ្លេសអនុញ្ញាតឱ្យនាងអាចទៅគ្រប់ទីកន្លែងក្នុងពិភពលោក។
នាងនិយាយថា៖ «នៅព្រលានយន្តហោះមួយៗហ្នឹង គេតែងតែដាក់អក្សរអង់គ្លេសហើយនឹងអក្សរជាតិគេ។ អញ្ចឹងទោះបីជាយើងអត់ចេះអក្សរជាតិណាក៏ដោយ យើងទៅព្រលានយន្តហោះណាក៏បានដែរ។ យើងអាចដឹងផ្លូវបានដោយសារភាសាអង់គ្លេស»។
បច្ចុប្បន្ននេះ នាង សុជាតា ជាស្ត្រីវ័យក្មេងដែលមានឯករាជ្យផ្នែកហិរញ្ញវត្ថុ។ នាងគឺជាមន្រ្តីទំនាក់ទំនងនៅអង្គការមួយមានឈ្មោះថា Room To Readដែលជាអង្គការធ្វើការដើម្បីលើកកម្ពស់វិស័យអប់រំនៅប្រទេសកម្ពុជា ដែលជាញឹកញយនាង សុជាតា ត្រូវធ្វើដំណើរទៅខេត្តជាច្រើននៅជុំវិញប្រទេសកម្ពុជា។
បទពិសោធន៍រស់នៅម្នាក់ឯងក្នុងប្រទេសអូស្រ្តាលីរបស់នាងបានធ្វើឲ្យឪពុកម្តាយរបស់នាងមានការជឿទុកចិត្តថា នាង សុជាតា អាចមើលការខុសត្រូវលើខ្លួនឯងបាន។
បើទោះបីជានាង សុជាតា ដឹងថា ភាសាអង់គ្លេសគឺជាឧបករណ៍សំខាន់ដើម្បីនាងអាចរៀនដោយខ្លួនឯងបាន តែនាងនៅតែមើលឃើញផលអវិជ្ជមានរបស់ភាសានេះចំពោះប្រទេសកម្ពុជា។
«ចំណុចអវិជ្ជមានមានខ្លះដែរ។ ប៉ុន្តែអាហ្នឹងវាអាស្រ័យទៅលើបុគ្គល។ អ្នកខ្លះនៅពេលដែលគាត់និយាយភាសាអង់គ្លេស គាត់ធ្វើដូចរាងរើសអើងអ្នកដែលអត់ចេះ។ ប៉ុន្តែហ្នឹងវាអាស្រ័យលើបុគ្គលដែរ ដោយសារតែគាត់គិតថា គាត់ពូកែជាងគេ។ ចំណុចអវិជ្ជមួយទៀតគឺ នៅពេលដែលយើងចេះនិយាយពីរ ឬមួយក៏បីភាសា យើងតែងតែច្រឡូកច្រឡំភាសាទាំងអស់ហ្នឹងនៅពេលខ្លះ។ ឧទាហរណ៍ដូច ខ្ញុំផ្ទាល់ នៅពេលខ្ញុំនិយាយខ្មែរ ជួនកាលរកពាក្យខ្មែរអត់ទាន់ ខ្ញុំបន្លំដាក់ពាក្យអង់គ្លេសចូលមួយពាក្យៗដែរ»។
លោក សុខ សូត្រ ជាព្រឹទ្ធបុរស និងជាសាស្ត្រាចារ្យនៃមហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសរសេរនិក្ខេបបទអំពីការនិយាយភាសាពីរ និងឥទ្ធិពលនៃការប្រើប្រាស់ភាសាបរទេសមកលើអត្តសញ្ញាណបុគ្គល និងជាតិនៅពេលដែលលោកទៅសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria នៅប្រទេសអូស្ត្រាលី។
លោកបាននិយាយថា៖ «ភាសាអង់គ្លេសបណ្តុះបណ្តាល Critical Thinking ការត្រិះរិះពិចារណា។តាមយោបល់របស់ខ្ញុំ គឺខ្ញុំសង្កេតឃើញថា អ្នកដែលរៀនភាសាអង់គ្លេស គឺពូកែគិតចេះ Debate ចេះជជែកវែកញែក ចេះរកខុសរកត្រូវ»។
លោក សុខ សូត្រ បានបន្ថែមទៀតថា អ្នកដែលប្រាស្រ័យទាក់ទងជាភាសាអង់គ្លេស មាននិន្នាការបើកចំហបន្ថែម និងមានភាពឯករាជ្យ ហើយជួនកាលពួកគេអ្នកទាំងនោះអាចប្រឆាំងនឹងបំណងរបស់ឪពុកម្តាយរបស់ពួកគេ។
លោកមានប្រសាសន៍ថា៖ «យើងមិនអាចបញ្ឈប់ការផ្លាស់ប្តូរបាននោះទេ»។
លោកបាននិយាយបន្ថែមទៀតថា វាជាការសំខាន់ណាស់ដែលឪពុកម្តាយរបស់សិស្សនិស្សិតទាំងនោះដឹងថា បុគ្គលិកលក្ខណៈរបស់កូនរបស់ពួកគេនឹងផ្លាស់ប្តូរ នៅពេលដែលពួកគេនិយាយ អានស្តាប់ និងសរសេរភាសាអង់គ្លេសស្ទាត់ជំនាញនោះ។
លោក រស់ សាលីន អ្នកនាំពាក្រនៃក្រសួងអប់រំ យុវជននិងកីឡា បានទទួលស្គាល់ថា ចំណេះដឹងខាងភាសាអង់គ្លេសបណ្តាលឲ្យមានគុណវិបត្តិខ្លះដល់ប្រជាជនកម្ពុជា ប៉ុន្តែលោកនិយាយថា ភាសាអង់គ្លេសមានអត្ថប្រយោជន៍សម្រាប់ការប្រកួតប្រជែងក្នុងទីផ្សារការងារបច្ចុប្បន្ន ជាពិសេសនៅពេលដែលប្រទេសកម្ពុជាជាសមាជិករបស់សហគមន៍អាស៊ាន។
លោកបានបន្ថែមថា ភាសានេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យុវជនកម្ពុជានាពេលបច្ចុប្បន្ន ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតប្រជែងទីផ្សារការងារនៅក្នុងស្រុកផងក៏ដូចជានៅក្នុងតំបន់។
លោកបាននិយាយថា៖ «ភាសាអង់គ្លេសក្លាយជាភាសាអន្ដរជាតិទី១ នៅក្នុងបរិបទសហគមន៍អាស៊ាន ព្រោះថា ចាប់តាំងពីឆ្នាំ២០១៦ទៅ យើងស្ថិតនៅក្នុងសហគមន៍អាស៊ាន។ ធម្មនុញ្ញអាស៊ានបានកំណត់យកភាសាអង់គ្លេសជាភាសាផ្លូវការ ភាសាគោលដែលប្រើប្រាស់នៅក្នុងប្រទេសអាស៊ានទាំង១០»។
លោក សាលីន បានឱ្យដឹងថា រដ្ឋាភិបាលបានដាក់ឲ្យមានកម្មវិធីសិក្សាភាសាអង់គ្លេសក្នុងកម្មវិធីសិក្សារបស់សាលា ដើម្បីកែលម្អស្តង់ដារភាសាអង់គ្លេស។
លោកបានថ្លែងថា៖«ភាសាអង់គ្លេសគឺមានសារៈសំខាន់ណាស់សម្រាប់ពួកគេ។ ទន្ទឹមនឹងនេះក្រសួងយល់ថា វាជាការចាំបាច់។ ក្រសួងបានបញ្ចូលអង់គ្លេសទៅក្នុងកម្មវិធីសិក្សាដោយបញ្ចូលពីថ្នាក់ទីបួនឡើងទៅ ដើម្បីឲ្យសិស្សានុសិស្សអាចរៀនភាសាអង់គ្លេសពីមូលដ្ឋានទាបតែម្តង ពីកម្រិតបឋម ដើម្បីមុននឹងចប់មធ្យមសិក្សា គាត់មានមូលដ្ឋានភាសាអង់គ្លេសល្អ»។
លោកបានប៉ាន់ប្រមាណថា ប្រជាជនកម្ពុជាប្រហែលជាងបីលាននាក់អាចនិយាយភាសាអង់គ្លេសបាន ហើយភាសាអង់គ្លេសអាចជួយឲ្យស្ត្រីកម្ពុជាមានឯករាជ្យភាពនៅក្នុងគ្រួសារ ធ្វើឲ្យគ្រួសារមានភាពធូរធាដែលជាកត្តាកាត់បន្ថយភាពក្រីក្រ។
«ការដែលចេះភាសាអង់គ្លេសគឺជាការសំខាន់គឺជាការចាំបាច់ដែរ។ បញ្ហាសំខាន់គឺថា តើពេលដែលគាត់មានភាពរឹងមាំ ជាពិសេសស្ត្រី កាលណាគាត់ចេះភាសាអង់គ្លេស គាត់អាចដឹងពីពិភពលោក។ គាត់អាចបង្កើនសមត្ថភាពផ្ទាល់ខ្លួន។ អញ្ចឹងអាចបង្កើនស្វ័យភាពរបស់ខ្លួននៅក្នុងគ្រួសារ។ ប៉ុន្តែនេះគឺជាចំណុចមួយវិជ្ជមាននៅក្នុងគោលការណ៍យេនឌ័រ នៅពេលដែលស្ត្រីមានភាពរឹងមាំ។ ស្ត្រីមានស្វ័យភាពនៅក្នុងកិច្ចការសេដ្ឋកិច្ច ដូច្នេះស្ត្រីអាចគ្រប់គ្រងគ្រួសារបានល្អ»។
ភាសាអង់គ្លេសបានចូលមកក្នុងទីផ្សារការងារប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៣ នៅពេលដែលអង្គការសហប្រជាជាតិមកជួយជ្រោមជ្រែងកិច្ចការបោះឆ្នោតកម្ពុជាលើកដំបូង ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។
បច្ចុប្បន្ននេះប្រជាពលរដ្ឋ ដែលចេះភាសាអង់គ្លេសបានច្បាស់ល្អ ត្រូវបានគេមើលឃើញថា អាចរកការងារដែលផ្តល់កម្រៃបានច្រើន ងាយស្រួលជាងអ្នកដែលមិនចេះភាសាអង់គ្លេស៕