ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping នឹងជួបពិភាក្សាគ្នានៅថ្ងៃពុធនេះនៅឯរមណីយដ្ឋានប្រវត្តិសាស្ត្រមួយនៅជិតទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក។
ការស្ដារបណ្ដាញទំនាក់ទំនងធម្មតាឡើងវិញរវាងយោធានៃប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេបង្អស់ទាំងពីរនៅលើពិភពលោកនេះគឺជាអាទិភាពកំពូលនៅក្នុងរបៀបវារៈនៃជំនួបរវាងលោកទាំងពីរ។
ប្រទេសចិនបានកាត់ផ្តាច់បណ្ដាញទំនាក់ទំនងទាំងនេះកាលពីខែសីហាឆ្នាំ ២០២២ នៅពេលដែលអ្នកស្រី Nancy Pelosi ដែលជាប្រធានរដ្ឋសភាអាមេរិកនៅពេលនោះបានធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់។ កោះតៃវ៉ាន់គឺជាកោះស្វ័យគ្រប់គ្រងដែលចិនចាត់ទុកថាជាផ្នែកមួយរបស់ខ្លួន។
ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកមានលក្ខណៈកាន់តែអាក្រក់ឡើងកាលពីខែកុម្ភៈ បន្ទាប់ពីលោក Biden បានបញ្ជាឱ្យបាញ់ទម្លាក់បាឡុងចារកម្មរបស់ចិនដែលហោះកាត់ពីលើសហរដ្ឋអាមេរិក។
មន្ត្រីជាន់ខ្ពស់ជាច្រើនរូបនៃរដ្ឋបាលរបស់លោក Biden ដែលក្នុងនោះរួមមានទាំងលោករដ្ឋមន្ត្រីការបរទេស Antony Blinken អ្នកស្រីរដ្ឋមន្ត្រីហិរញ្ញវត្ថុ Janet Yellen និងអ្នកស្រីរដ្ឋមន្ត្រីពាណិជ្ជកម្ម Gina Raimondo ផងដែរ បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដើម្បីបន្ធូរបន្ថយភាពតានតឹង។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក John Kirby បានប្រាប់ VOA កាលពីថ្ងៃអង្គារថា លោក Biden ទន្ទឹងរង់ចាំជួបពិភាក្សាជាមួយនឹងលោក Xi ដែលជំនួបនេះកើតឡើងបន្ទាប់ពីមាន «បញ្ហារកាំរកូសជាច្រើននៅក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ»។
ជំនួបរវាងលោក Biden និងលោក Xi នេះធ្វើឡើងក្នុងពេលប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះមុនពេលការបោះឆ្នោតប្រធានាធិបតីនៅកោះតៃវ៉ាន់ចូលមកដល់នៅខែមករាឆ្នាំក្រោយ។ ការស្ទង់មតិលើអ្នកបោះឆ្នោតបានបង្ហាញថា អនុប្រធានាធិបតីតៃវ៉ាន់លោក William Lai ដែលជាឥស្សរជននាំមុខនៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (Democratic Progressive Party) ដែលជាគណបក្សកាន់អំណាចមានទំនោរទៅរកឯករាជ្យភាពរបស់កោះតៃវ៉ាន់ កំពុងនាំមុខលើលោក Hou Yu-ih ដែលជាអតីតអភិបាលក្រុង New Taipei និងជាបេក្ខជនគណបក្ស Kuomingtang ដែលមានទំនោរចង់មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងចិន៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន Reuters និងទីភ្នាក់ងារសារព័ត៌មាន AFP។