ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងលោកស្រី Jill Biden ដែលជាភរិយារបស់លោកប្រធានាធិបតីបានទៅបំពេញទស្សនកិច្ចនៅសាលាបឋមសិក្សាក្នុងទីក្រុង Uvalde រដ្ឋ Texas សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បីសម្តែងសមានចិត្តនិងចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសាច់ញាតិជនរងគ្រោះនិងអ្នកបាត់បង់ជីវិតនៅក្នុងការបាញ់ប្រហារដ៏ធំមួយក្នុងពេលថ្មីៗនេះនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីមានព្រឹត្តិកាណ៍បាញ់សម្លាប់នៅទីនោះដែលបានសម្លាប់កុមារសិស្សសាលាបឋមសិក្សាចំនួន១៩នាក់និងគ្រូបង្រៀន២នាក់ផងដែរ។
លោកBiden និងភរិយាបានដើរកាត់ទីកន្លែងដាក់កម្រងផ្កាឧទ្ទិសដល់ជនរងគ្រោះនៅខាងក្រៅសាលាបឋមសិក្សា Robb Elementary School និងបានស្ទាបទៅលើរូបថតជនរងគ្រោះទាំង២១នាក់ហើយបានអានឈ្មោះរបស់ពួកគេម្នាក់ៗផងដែរ។
ស្របពេលដែលលោក Biden និងភិរយាចូលរួមគោរពវិញ្ញានក្ខណ្ឌដល់ជនរងក្នុងការបាញ់ប្រហារនោះ ក្រសួងយុត្តិធម៌អាមេរិកបានប្រកាសថា ខ្លួននឹងពិនិត្យមើលឡើងវិញចំពោះការឆ្លើយតបរបស់ប៉ូលិសនៅក្នុងហេតុការណ៍នៃការបាញ់ប្រហារនៅក្នុងសាលារៀននោះ ដែលបានកើតឡើងកាលពីថ្ងៃអង្គារកន្លងទៅតាមសំណើរបស់អភិបាលទីក្រុង Uvalde លោក Don McLaughlin ដើម្បីស្វែងយល់ពីមេរៀនដែលបានកើតឡើងនិងដើម្បីអនុវត្តឱ្យបានល្អក្នុងពេលអនាគតក្នុងការជួយដល់អ្នកឆ្លើយតបក្នុងការត្រៀមខ្លួនធ្វើអន្តរាគមន៍ក្នុងព្រឹត្តិការណ៍បាញ់ប្រហារនៅសាលារៀនផ្សេងៗទៀត។
នៅក្នុងការបាញ់ប្រហារនៅក្នុងសាលារៀននៃរដ្ឋ Texas នេះ មន្រ្តីពង្រឹងច្បាប់ត្រូវបានគេចោទសួរយ៉ាងខ្លាំងថា ហេតុអ្វីបានជាត្រូវប្រើពេលរហូតដល់ទៅជាងមួយម៉ោងដើម្បីប្រឈមនឹងខ្មាន់កាំភ្លើងនោះ។
លោកប្រធានាធិបតីអាមេរិកនិងភរិយារបស់លោកបានចំណាយពេលប្រមាណជិត៧ម៉ោង នៅក្នុងទីក្រុងភាគនិរតីដ៏តូចមួយនេះដោយបាននិយាយជាមួយសាច់ញាតិនិងក្រុមគ្រួសារជនរងគ្រោះដោយសារព្រឹត្តិការណ៍នៃការបាញ់ប្រហារនោះដែលបានធ្វើឡើងដោយខ្មាន់កាំភ្លើងអាយុ១៨ឆ្នាំដែលបានសម្រុកទៅកាន់បន្ទប់រៀនថ្នាក់ទី៤ ហើយបើកការបាញ់ប្រហារលើពួកគេ។ លោក Biden ក៏បានចូលរួមនៅក្នុងពិធីសាសនាក្នុងវិហារកាតូលិកមួយហើយបន្ទាប់មកក៏បានជួបជាមួយក្រុមអ្នកជួយអន្តរាគមន៍ក្នុងគ្រាអាសន្នផងដែរ។
នេះជាលើកទី២ហើយនៅក្នុងខែឧសភានេះដែលលោក Biden និងសហរដ្ឋអាមេរិកបានប្រឈមនឹងការបាញ់ប្រហារ២ករណីដ៏ធំដែលបានកើតមានឡើងនោះ។ កាលពីដើមខែឧសភាកន្លងទៅ លោកBidenបានទៅធ្វើទស្សនកិច្ចនៅទីក្រុង Buffalo ក្នុងរដ្ឋ New York ភាគឦសាន្ត ដែលនៅទីនោះជនស្បែកសម្នាក់បានបាញ់សម្លាប់ជនស្បែកខ្មៅចំនួន១០នាក់នៅក្នុងហាងលក់គ្រឿងទេសមួយកន្លែង៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP និង Reuters។