ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអបអរសាទរនាយករដ្ឋមន្ត្រីថ្មីនៃចក្រភពអង់គ្លេសអ្នកស្រី Liz Truss នៅក្នុងការនិយាយតាមទូរស័ព្ទកាលពីថ្ងៃអង្គារ ហើយមេដឹកនាំទាំងពីរបានសន្យាពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ខណៈពេលដែលប្រទេសទាំងពីររួមគ្នាប្រឆាំងនឹងប្រទេសរុស្ស៊ី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Biden បានសរសេរនៅលើ Twitter ថា៖ «ខ្ញុំទន្ទឹងរង់ចាំក្នុងការធ្វើឱ្យទំនាក់ទំនងពិសេសរវាងប្រទេសយើងទាំងពីរកាន់តែជ្រាលជ្រៅបន្ថែមទៀត និងធ្វើការក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើបញ្ហាប្រឈមនានានៅលើពិភពលោក ដែលក្នុងនោះរួមមានទាំងការគាំទ្រជាបន្តលើប្រទេសអ៊ុយក្រែននៅពេលដែលអ៊ុយក្រែនការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីផងដែរ»។
មេដឹកនាំទាំងពីរអាចជួបគ្នាឆាប់បំផុតគឺនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅខែកញ្ញានេះ។
អ្នកស្រី Truss បានឈ្នះនៅក្នុងការបោះឆ្នោតផ្ទៃក្នុងរបស់គណបក្សអភិរក្សនិយមរបស់អ្នកស្រីកាលពីថ្ងៃចន្ទនិងបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសជំនួសលោក Boris Johnson កាលពីថ្ងៃអង្គារ នៅចំពេលដែលចក្រភពអង់គ្លេសប្រឈមនឹងបញ្ហាលំបាកខ្លាំងជាច្រើននៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
ខុទ្ទកាល័យនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោក Biden និងអ្នកស្រី Truss បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជ្រាលជ្រៅជាងមុនលើអង្គការអូតង់ (NATO) និងអំពីកិច្ចព្រមព្រៀងសន្តិសុខរវាងសហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី និងចក្រភពអង់គ្លេស ដែលបានបង្កើតឡើងកាលពីឆ្នាំមុនដើម្បីទប់ទល់នឹងប្រទេសចិន។
សេចក្ដីថ្លែងការណ៍នេះបានលើកឡើងថា អ្នកស្រី Truss ទន្ទឹងរង់ចាំ «ធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងលោកប្រធានាធិបតី Biden ក្នុងនាមជាមេដឹកនាំនៃប្រទេសប្រជាធិបតេយ្យសេរី ដើម្បីដោះស្រាយបញ្ហាប្រឈមរួម ជាពិសេសបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរដែលបង្កឡើងដោយសង្គ្រាមរបស់ [ប្រធានាធិបតីរុស្ស៊ីលោក Vladimir] Putin»។
សេចក្ដីថ្លែងការណ៍របស់សេតវិមានប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា មេដឹកនាំទាំងពីរបានពិភាក្សាអំពីការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើបញ្ហាអ៊ុយក្រែន ការដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយប្រទេសចិន ការរារាំងប្រទេសអ៊ីរ៉ង់មិនឱ្យសម្រេចបាននូវកម្មវិធីនុយក្លេអ៊ែរ និង «ការសម្រេចឱ្យបាននូវធនធានថាមពលដែលមានចីរភាពនិងអាចចំណាយបាន»៕
លោក Biden និងអ្នកស្រី Truss ប្ដេជ្ញាប្រឆាំងនឹងរុស្ស៊ី ហើយនឹងព្យាយាមដោះស្រាយបញ្ហាសេដ្ឋកិច្ច
- Reuters
វ៉ាស៊ីនតោន —