ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden និងលោក Trump មាន​សំឡេង​គាំទ្រ​គ្រប់គ្រាន់​ដើម្បី​ទទួល​ការ​តែងតាំង​ពី​គណបក្ស


រូបផ្គុំបង្ហាញប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump។
រូបផ្គុំបង្ហាញប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump។

ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក​ Joe Biden ត្រូវបាន​សន្មត​ថាក្លាយ​ជាបេក្ខជនប្រធានាធិបតីខាងគណបក្ស​ប្រជាធិបតេយ្យកាលពី​យប់ថ្ងៃអង្គារ​ ហើយលោកអតីត​ប្រធានាធិបតី Donald Trump មាន​ប្រតិភូ​គ្រប់គ្រាន់​ដើម្បីទទួល​ការ​តែងតាំងជាបេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ ដែលនាំឱ្យមានការប្រកួត​ប្រជែង​គ្នា​ជាថ្មីនៅ​ខែវិច្ឆិកាខាងមុខ។

ទាំងលោក​ Trump និងលោក​ Biden ​បាន​ឈ្នះ​ឆ្នោត​ក្នុងការបោះឆ្នោត​បឋមកាល​ពីថ្ងៃអង្គារនៅ​រដ្ឋ Georgia រដ្ឋ Mississippi និង​រដ្ឋ Washington ដែល​ធ្វើឱ្យ​លោកទាំងពីរ​មានប្រតិភូ​គ្រប់គ្រាន់​សម្រាប់ចំនួន​ភាគ​ច្រើននៅក្នុង​បក្ស​រៀងៗខ្លួន។​

កាល​ពី​ថ្ងៃអង្គារ លោក​ Biden ​បានខ្វះប្រតិភូ ១០២ នាក់ ដើម្បី​ទទួលបាន​ចំនួនប្រតិភូ​ភាគច្រើន ១.៩៦៨ ​នាក់ ដែលត្រូវការដើម្បីក្លាយជាបេក្ខជន​ប្រធានាធិបតីផ្លូវការខា​ងគណបក្ស​ប្រជាធិបតេយ្យ​។ ចំណែក​ឯ​លោក​ Trump វិញ​ លោកខ្វះ​ប្រតិភូ ១៣៧ ​នាក់ក្នុង​ចំនួបប្រតិភូភាគច្រើន ១.២១៥ ​នាក់ ​ដែលត្រូវការដើម្បីទទួលបានការតែងតាំង​ពី​បក្ស​សាធារណរដ្ឋ។​

លោក Biden បានប្រឈមនឹង​ការប្រឆាំង​តែឈ្មោះប៉ុណ្ណោះដើម្បី​ទទួលបានការតែងតាំង​ពី​គណបក្ស​ប្រជាធិបតេយ្យ។

ចំណែក​ឯ​លោក Trump វិញ ​លោក​បានឈ្នះ​បេក្ខជន​មួយចំនួន​នៃ​គណបក្ស​សាធារណរដ្ឋ ​ក្នុង​ការ​បោះឆ្នោតបឋម ​រួមមាន​អតីត​ឯកអគ្គរដ្ឋទូតសហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ លោកស្រី Nikki Haley ​និង​អភិបាល​រដ្ឋ Florida ​លោក Ron DeSantis។ បេក្ខជន​ឯទៀតៗ​រួមមានលោក Mike Pence អតីត​អនុប្រធានាធិបតី​របស់​លោក Trump ដែល​បាន​ដក​ខ្លួន​ជា​ច្រើន​ខែ​មកហើយដោយសារ​ខ្វះ​ការគាំទ្រ​ពី​អ្នកបោះឆ្នោត​នៅ​ក្នុង​ការប្រឈមនឹង​ការ​ក្តោបក្តាប់របស់​ក្រុម​អ្នកបោះឆ្នោតច្រើន​នាក់​របស់លោក Trump។​

ទោះ​ជា​មិនទាន់មាន​ការតែងតាំងជាផ្លូវការដោយ​គណបក្សក៏​ដោយ ក៏​លោក Biden និង​លោក Trump ​បានធ្វើការ​ឃោសនា​បោះឆ្នោតយ៉ាង​ពេញ​ទំហឹង ក្នុងពេល​ ៨ ខែមុនការបោះឆ្នោត​ ដោយរិះគន់គ្នាទៅវិញ​ទៅមកតាមតែពួក​គេអាចធ្វើបាន៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តី​រាយការណ៍​នេះត្រូវបាន​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ The Associated Press និង​ Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG