លោក Joe Biden ដែលត្រូវបានគេសន្មតថាជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក គ្រោងនឹងតែងតាំងអ្នកស្រី Katherine Tai ដែលជាមេធាវីផ្នែកពាណិជ្ជកម្ម ឲ្យធ្វើជាបេសកជនកំពូលផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានារបស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធម្សិលមិញ។
អ្នកស្រី Tai នៅពេលបច្ចុប្បន្ននេះ គឺជាប្រធានមេធាវីផ្នែកពាណិជ្ជកម្មរបស់គណៈកម្មាធិការពន្ធដារនិងប្រាក់ចំណូលនៃរដ្ឋសភា។
សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ ដែលបានជំរុញឲ្យអ្នកស្រី Tai ធ្វើជាអ្នកតំណាងផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកក្នុងរដ្ឋបាលរបស់លោក Biden បានបញ្ជាក់ថា អ្នកស្រីចេះភាសាចិនកុកងឺស្ទាត់ជំនាញ និងមានជំនាញផ្នែកទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន។
ប្រសិនបើទទួលបានការតែងតាំង អ្នកស្រីនឹងក្លាយជាស្ត្រីដំបូងបង្អស់ដែលមិនមែនជាជាតិសាសន៍ស្បែកស ដែលកាន់មុខតំណែងនេះ៕