ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសហរដ្ឋអាមេរិកបានរាយការណ៍ថា លោក Joe Biden ដែលគេសន្មតថាជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក នឹងតែងតំាងសមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យតំណាងរដ្ឋ Ohio អ្នកស្រី Marcia Fudge ឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍លំនៅដ្ឋាននិងទីក្រុង។
ជាងនេះទៀត លោក Biden នឹងតែងតាំងលោក Tom Vilsack ឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលជាតួនាទីដែលលោក Vilsack ធ្លាប់ធ្វើអស់រយ:ពេល ៨ ឆ្នាំ នៅក្នុងសម័យលោក Barack Obama ជាប្រធានាធិបតី និងលោក Biden ជាអនុប្រធានាធិបតី។ លោក Vilsack ក៏ធ្លាប់បានធ្វើជាអភិបាលរដ្ឋ Iowa ដែលជារដ្ឋកសិកម្មដ៏សំខាន់បំផុតមួយរបស់សហរដ្ឋអាមេរិកផងដែរ។
អ្នកគាំទ្រអ្នកស្រី Fudge បានអំពាវនាវឲ្យលោក Biden តែងតំាងអ្នកស្រីជារដ្ឋមន្ត្រីក្រសួងកសិកម្ម ដោយសំអាងលើហេតុផលដែលថាអ្នកស្រីយកចិត្តទុកដាក់លើការកាត់បន្ថយភាពអត់ឃ្លាន ក្នុងនាមជាសមាជិកមួយរូបនៃគណ:កម្មាធិការកសិកម្មនៃរដ្ឋសភា។
ប៉ុន្តែប្រភពមួយចំនួនបានឲ្យដឹងថា លោក Biden បែរជាជ្រើសរើសអ្នកស្រី Fudge ឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍លំនៅដ្ឋាននិងទីក្រុងទៅវិញ ដោយសារតែជាយូរមកហើយ អ្នកស្រីគឺជាអ្នកនាំមុខនៅក្នុងការតស៊ូមតិឲ្យមានលំនៅដ្ឋានដែលមានតម្លៃសមរម្យ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។
អ្នកស្រី Fudge គឺជាពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិកទីពីរ ដែលមានឈ្មោះក្នុងជួរគណ:រដ្ឋមន្ត្រីរបស់លោក Biden បន្ទាប់ពីលោក Biden បានសម្រេចកាលពីថ្ងៃចន្ទថា នឹងតែងតាំងឧត្តមសេនីយ៍យោធាចូលនិវត្ដន៍លោក Lloyd Austin ឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងការពារប្រទេស។
លោក Biden កំពុងស្ថិតក្រោមសំពាធកើនឡើងរបស់ក្រុមអ្នកតស៊ូមតិភាគតិច ដែលចង់ឲ្យលោកគោរពតាមការសន្យាពេលឃោសនាបោះឆ្នោត ដែលថានឹងជ្រើសតាំងគណ:រដ្ឋមន្ត្រីដែលមានជាតិសាសន៍ចម្រុះ ដូចជាពលរដ្ឋស្បែកខ្មៅ ដើមកំណើតឡាទីន និងដើមកំណើតអាស៊ីជាដើម៕