ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកគឺលោក Joe Biden គ្រោងនឹងពិភាក្សាអំពីការរាតត្បាតនៃវីរុសកូរ៉ូណាដែលបង្កជំងឺកូវីដ១៩ និងថ្ងៃឈប់សម្រាកនៅក្នុងសុន្ទរកថានៅថ្ងៃពុធនេះ។
សុន្ទរកថានេះធ្វើឡើងមួយថ្ងៃមុនថ្ងៃឈប់បុណ្យរំឭកគុណ Thanksgiving របស់សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍ ដែលជាពេលដែលប្រជាជនអាមេរិករាប់លាននាក់ជួបជុំគ្នាជាមួយក្រុមគ្រួសារ ហើយពួកគេភាគច្រើនធ្វើដំណើរដើម្បីបានជួបជុំគ្រួសារ។ ប៉ុន្តែនៅឆ្នាំនេះ ដោយសារមានការឆ្លងជំងឺកូវីដ១៩ កើនឡើងនៅពាសពេញប្រទេស រដ្ឋាភិបាលសហព័ន្ធបានជំរុញឱ្យប្រជាជនស្នាក់នៅផ្ទះ។
ការិយាល័យអន្តរកាលរបស់លោក Biden បាននិយាយថា លោកនឹង «ពិភាក្សាអំពីការលះបង់រួមគ្នា» ដែលជនជាតិអាមេរិកកំពុងធ្វើនៅថ្ងៃសម្រាកហើយនិយាយថា យើងនឹងឆ្លងកាត់វិបត្ដិបច្ចុប្បន្នជាមួយគ្នា» ។
កាលពីថ្ងៃអង្គារលោក Biden បានប្រកាសថា សហរដ្ឋអាមេរិកបាន «ត្រៀមខ្លួនដឹកនាំពិភពលោក មិនមែនដកថយទេ» ដែលជាការបង្ហាញការចាកចេញពីគោលនយោបាយ«អាមេរិកជាអាទិភាព» របស់លោកប្រធានាធីបតី Donald Trump ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ។
នៅពេលដែលលោកត្រៀមចូលកាន់តំណែងនៅថ្ងៃទី២០ខែមករា លោក Biden បាននិយាយថា សហរដ្ឋអាមេរិកបាន «ត្រៀមខ្លួនប្រឈមមុខនឹងសត្រូវរបស់យើងដោយមិនច្រានចោលសម្ព័ន្ធមិត្តរបស់យើងឡើយ ហើយត្រៀមខ្លួនការពារគុណតម្លៃរបស់យើង»។
កាលពីថ្ងៃអង្គារនោះដែរ ដោយផ្សាយពីមជ្ឈមណ្ឌលអន្តរកាលរបស់លោកនៅក្រុង Wilmington រដ្ឋ Delaware ដែលជាស្រុកកំណើតរបស់លោក ប្រធានាធិបតីជាប់ឆ្នោត Biden បានប្រកាសតែងតាំងមន្ត្រីសម្រាប់គោលនយោបាយការបរទេសកំពូលនិងមន្ត្រីសន្តិសុខជាតិរបស់លោក៕