លោក Joe Biden បេក្ខជនប្រធានាធិបតីពីខាងគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកបានសម្រេចជ្រើសរើសលោកស្រី Kamala Harris សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកនៃរដ្ឋកាលីហ្វ័រញ៉ា(California) ឲ្យធ្វើជាបេក្ខជនអនុប្រធានាធិបតីជាមួយនឹងលោក។
លោក Biden បានសរសេរសារតាម Twitter កាលពីថ្ងៃអង្គារថា៖ «ខ្ញុំមានកិត្តិយសជាខ្លាំងក្នុងការប្រកាសថាខ្ញុំបានជ្រើសរើសលោកស្រី Kamala Harris ដែលជាអ្នកប្រយុទ្ធតស៊ូដើម្បីមនុស្សទន់ខ្សោយ និងជាមន្ត្រីរដ្ឋការដ៏ឆ្នើមបំផុតមួយរបស់ប្រទេស ឲ្យធ្វើជាដៃគូឈរឈ្មោះជាមួយខ្ញុំ។ ជាមួយនឹងលោកស្រី យើងនឹងយកឈ្នះលោកTrump»។
លោកស្រី Harris ធ្លាប់ឈរឈ្នោះជាបេក្ខជនប្រធានាធិបតីសម្រាប់គណបក្សប្រជាធិបតេយ្យ ដែលបានប្រកួតតទល់នឹងលោក Biden ដើម្បីដណ្តើមបេក្ខភាពរបស់គណបក្ស។
ការជ្រើសរើសរបស់លោកនេះធ្វើឲ្យលោកស្រី Harris អាយុ៥៥ឆ្នាំ ដែលធ្លាប់ជាអតីតប្រធានរដ្ឋអាជ្ញានៃរដ្ឋកាលីហ្វ័រញ៉ាផងនោះ ក្លាយជាស្ត្រីអាមេរិកាំងស្បែងខ្មៅដំបូង និងដើមកំណើតឥណ្ឌាដំបូងដែលត្រូវបានជ្រើសរើសជាបេក្ខជននៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក។
លោកស្រីមានឪពុកជាពលរដ្ឋស្បែកខ្មៅដែលបានធ្វើអន្តោប្រវេស្តន៍ពីប្រទេសហ្សាម៉ាអ៊ីក (Jamaica) និងម្តាយជាជនអន្តោប្រវេស្តន៍កំណើតឥណ្ឌា។ នេះបើតាមកាសែត The Washington Post។