ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ស្នើ​ហាម​រថយន្ត​ដែល​ភ្ជាប់​សុសវែរ​និង​ហាដវែរ​ចិន​បើក​លើ​ផ្លូវ​អាមេរិក


រូបឯកសារ៖ តាមឡូគ្រប់គ្រង​នៃ​រថយន្ត​អគ្គិសនី Lucid Air មួយ​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ទីក្រុង White Plains រដ្ឋ​ញូវយ៉ក កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។
រូបឯកសារ៖ តាមឡូគ្រប់គ្រង​នៃ​រថយន្ត​អគ្គិសនី Lucid Air មួយ​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ទីក្រុង White Plains រដ្ឋ​ញូវយ៉ក កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ចន្ទ​បាន​ស្នើ​ហាមឃាត់​សុសវែរ (software) និង​ហាដវែរ (hardware) សំខាន់ៗ​របស់​ចិន​ក្នុង​រថយន្ត​ដែល​ភ្ជាប់​ទៅ​បណ្តាញ​អ៊ីនធឺណិត ដោយ​មិន​ឱ្យ​រថយន្ត​ទាំងនោះ​បើក​លើ​ផ្លូវ​នៅក្នុង​សហរដ្ឋ​អាមេរិក​ដោយសារ​ការ​បារម្ភ​អំពី​សន្តិសុខ​ជាតិ។ វិធានការ​នេះ​នឹង​ហាមឃាត់​រថយន្ត​ចិន​ស្ទើរតែ​ទាំងអស់​មិន​ឱ្យ​ចូល​ក្នុង​ទីផ្សារ​អាមេរិក។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

បទប្បញ្ញត្តិ​ដែល​គ្រោង​ឡើង​នេះ​ក៏​នឹង​បង្ខំ​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អាមេរិក​និង​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗ​របស់​ប្រទេស​ផ្សេង​ទៀត​ឱ្យ​ដកចេញ​នូវ​សុសវែរ​និង​ហាដវែរ​សំខាន់ៗ​របស់​ចិន​ចេញ​ពី​រថយន្ត​ទាំងអស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​ផងដែរ។

រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​លើកឡើង​អំពី​ក្តីបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ករណី​ដែល​ក្រុមហ៊ុន​ចិន​ប្រមូល​ទិន្នន័យ​របស់​អ្នក​បើកបរ​និង​ហេដ្ឋារចនាសម្ព័ន្ធ​អាមេរិក​តាមរយៈ​រថយន្ត​ដែល​ភ្ជាប់​បណ្តាញ​អ៊ីនធឺណិត ក៏ដូចជា​ក្ដីបារម្ភ​អំពី​លទ្ធភាព​ដែល​បរទេស​អាច​ប្រើប្រាស់​ដោយ​កេងចំណេញ​នូវ​រថយន្ត​ដែល​ភ្ជាប់​ទៅ​បណ្ដាញ​អ៊ីនធឺណិត​និង​ប្រព័ន្ធ​បង្ហាញផ្លូវ។

បម្រាម​នេះ​ក៏​បង្ការ​ការ​ធ្វើ​តេស្ត​សាកល្បង​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​លើ​រថយន្ត​ដែល​បើក​ដោយ​ខ្លួនឯង​លើ​ផ្លូវ​នានា​នៅក្នុង​សហរដ្ឋ​អាមេរិក និង​ថែមទាំង​ហាមឃាត់​សុសវែរ​និង​ហាដវែរ​របស់​រថយន្ត​ដែល​ផលិត​ដោយ​បច្ចាមិត្ត​បរទេស​របស់​អាមេរិក​ដូចជា​រុស្ស៊ី​ផងដែរ។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​អ្នកស្រី Gina Raimondo បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា៖ «ពេល​បច្ចាមិត្ត​បរទេស​បង្កើត​សុសវែរ​ដើម្បី​ធ្វើ​រថយន្ត នោះ​មាន​ន័យ​ថា​វា​អាច​ត្រូវ​បាន​ប្រើ​សម្រាប់​ឈ្លប​យកការណ៍​បាន ដោយ​អាច​បញ្ជា​ពី​ចម្ងាយ​បាន ដែល​ប៉ះពាល់​ដល់​ឯកជនភាព​និង​សុវត្ថិភាព​របស់​ពលរដ្ឋ​អាមេរិកាំង​ដែល​ធ្វើ​ដំណើរ​តាម​រថយន្ត»៕

XS
SM
MD
LG