ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden រៃ​អង្គាស​ថវិកា​បាន​ច្រើន​ជាង​លោក Trump នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កន្លង​មក


រូប​ឯកសារ៖ នៅ​ក្នុង​រូប​ផ្គុំ​នេះ អតីតអនុ​ប្រធានាធិបតី​ Joe Biden ថ្លែង​នៅ​ទី​ក្រុង Wilmington រដ្ឋ Delaware កាល​ពី​ខែ​មីនា ឆ្នាំ​២០២០ ខណៈ​លោក​ប្រធានាធិបតី Donald Trump បាន​ថ្លែង​នៅ​សេតវិមាន​កាល​ពី​ខែ​មេសា ឆ្នាំ​២០២០។
រូប​ឯកសារ៖ នៅ​ក្នុង​រូប​ផ្គុំ​នេះ អតីតអនុ​ប្រធានាធិបតី​ Joe Biden ថ្លែង​នៅ​ទី​ក្រុង Wilmington រដ្ឋ Delaware កាល​ពី​ខែ​មីនា ឆ្នាំ​២០២០ ខណៈ​លោក​ប្រធានាធិបតី Donald Trump បាន​ថ្លែង​នៅ​សេតវិមាន​កាល​ពី​ខែ​មេសា ឆ្នាំ​២០២០។

នៅ​ពេល​ដែល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជិត​ចូល​ដល់​ទី​បញ្ចប់ គេ​ឃើញ​ថា យុទ្ធនាការ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump រៃ​អង្គាស​ថវិកា​បាន​តិច​ជាង​យុទ្ធនាការ​របស់​លោក Joe Biden ដែល​ជា​គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

ក្នុង​ពេល​កន្លង​មក យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Biden បាន​រៃ​អង្គាស​ថវិកា​បាន ៨០៩ លាន​ដុល្លារ គឺ​ច្រើន​ជាង​បេក្ខជន​ណាៗ​ទាំង​អស់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក លើកលែង​តែ​លោក​មហាសេដ្ឋី Michael Bloomberg ដែល​ចំណាយ​ប្រាក់​ខ្លួន​ឯង​ធ្វើ​យុទ្ធនាការ​តែ​ប៉ុណ្ណោះ។ រី​ឯ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Trump វិញ បាន​រៃ​អង្គាស​ថវិកា​បាន ៥៥២ លាន​ដុល្លារ។ នេះ​បើ​យោង​តាម​អង្គការ Center for Responsive Politics ដែល​ជា​អង្គការ​ឃ្លាំ​មើល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

ការ​មាន​ប្រៀប​ខាង​ផ្នែក​ថវិកា​នេះ​បាន​ធ្វើ​ឲ្យ​លោក Biden ចំណាយ​ប្រាក់​ច្រើន​ជាង​លោក Trump សម្រាប់​ការ​ឃោសនា​តាម​រលក​ធាតុ​អាកាស និង​តាម​បណ្តាញ​សង្គម​លើ​អ៊ីនធឺណិត​នានា ដោយ​មាន​ការ​ផ្សព្វផ្សាយ​ឃោសនា​នៅ​តាម​បណ្តា​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នៃ​ការ​ឃោសនា​បោះឆ្នោត​នេះ។

ជា​ការពិត ថវិកា​តែ​មួយ​មុខ​មិន​អាច​ជួយ​បេក្ខជន​ឲ្យ​ឈ្នះ​ឆ្នោត​នោះ​ទេ។ ឧទាហរណ៍​កាល​ពី​ឆ្នាំ ២០១៦ អ្នកស្រី Hillary Clinton បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិតេយ្យ បាន​ចាញ់​លោក Trump ទោះបីជា​អ្នកស្រី​បាន​ចំណាយ​ច្រើន​ជាង​លោក Trump នៅ​ក្នុង​យុទ្ធនការ​ឃោសនា​បោះឆ្នោត​ក៏​ដោយ។

ក៏​ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ ការ​មាន​ថវិកា​ច្រើន​អាច​ធ្វើ​ឲ្យ​លោក Biden មាន​ប្រៀប​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ក្នុង​ការ​ឃោសនា​នៅ​តាម​បណ្ដា​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​ដូចជា រដ្ឋ Pennsylvania រដ្ឋ Michigan រដ្ឋ Wisconsin និង​រដ្ឋ Florida ជាដើម៕

XS
SM
MD
LG