ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក  Biden រៀបចំ​កិច្ចពិភាក្សា​សន្តិសុខ​ពេល​ភាព​តានតឹង​កើនឡើង​នៅ​មជ្ឈិមបូព៌ា


យន្តហោះ​មួយ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​របស់​ប្រទេស​លីបង់ គឺ​ក្រុមហ៊ុន​អាកាសចរណ៍ Middle East Airlines (MEA) ត្រៀម​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Beirut នៅ​ថ្ងៃ​ទី ៥ ខែ​សីហា ឆ្នាំ ២០២៤។
យន្តហោះ​មួយ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​របស់​ប្រទេស​លីបង់ គឺ​ក្រុមហ៊ុន​អាកាសចរណ៍ Middle East Airlines (MEA) ត្រៀម​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Beirut នៅ​ថ្ងៃ​ទី ៥ ខែ​សីហា ឆ្នាំ ២០២៤។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden គ្រោង​នឹង​ពិភាក្សា​អំពី​ភាពតានតឹង​នៅ​មជ្ឈិមបូព៌ា​ជាមួយ​ក្រុម​សន្តិសុខ​ជាតិ​របស់​លោក​នៅ​ថ្ងៃ​ចន្ទ ហើយនឹង​និយាយ​ទូរសព្ទ​ជាមួយ​ព្រះមហាក្សត្រ​ Abdullah ​ទី២​នៃ​ប្រទេស​ហ៊្សកដានី ខណៈ​មេដឹកនាំ​អ៊ីស្រាអែល​ព្រមាន​ថា​ពួកគេ​នឹង​តបត​«ក្នុង​តម្លៃ​ថ្លៃ»​វិញ បើ​អ៊ីស្រាអែល​ត្រូវ​បាន​វាយប្រហារ ចំពេល​មាន​ការ​បារម្ភ​អំពី​ចំណាត់ការ​ដែល​អាច​ធ្វើឡើង​ដោយ​ប្រទេស​អ៊ីរ៉ង់​ឬ​ក្រុម​ដែល​អ៊ីរ៉ង់​គាំទ្រ​ក្នុង​តំបន់។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់ និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ចន្ទ​ថា​អ៊ីរ៉ង់​«មិន​ស្វះស្វែង​ធ្វើ​ឲ្យ​ភាពតានតឹង​ក្នុង​តំបន់​កាន់តែធ្ងន់ធ្ងរ​ទេ» តែ​ថា​ខ្លួន​មាន​សិទ្ធិ​ដាក់​ទោស​អ៊ីស្រាអែល​ក្រោយ​ពី​ការ​វាយប្រហារ​កាល​ពី​សប្តាហ៍​មុន ដែល​បាន​សម្លាប់​មេដឹកនាំ​នយោបាយ​ក្រុម​ហាម៉ាស់​លោក Ismail Haniyeh ក្នុង​ទីក្រុង​តេហេរ៉ង់។

អ៊ីរ៉ង់​ថាអ៊ីស្រាអែល​ជា​អ្នកទទួល​ខុសត្រូវ​ចំពោះ​ការ​សម្លាប់​លោក​ Haniyeh ដែល​បាន​កើតឡើង​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ក្នុង​ក្រុងបេរូត ប្រទេស​លីបង់ ដែល​បាន​សម្លាប់​មេបញ្ជាការ​ម្នាក់​របស់​ក្រុម​យុទ្ធជន​ Hezbollah ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ដូច​ក្រុម​ហាម៉ាស់​ដែរ។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា​អ៊ីរ៉ង់​និង​ក្រុម​ដែល​អ៊ីរ៉ង់​គាំទ្រ​កំពុង​ស្វះស្វែង​ឡោមព័ទ្ធ​អ៊ីស្រាអែល​«ក្នុង​សភាព​ក្រេវក្រោធ​នៃ​អំពើ​ភេរវកម្ម»។

ប្រទេស​តួកគី​និង​ជប៉ុន បាន​ណែនាំ​ពលរដ្ឋ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ ឲ្យ​ចេញ​ពី​លីបង់ ដូច​ការ​អំពាវនាវ​របស់​សហរដ្ឋ​អាមេរិក បារាំង កាណាដា អង់គ្លេស និង​ហ៊្សកដានី ដែរ ដែល​បាន​ព្រមាន​អំពី​លទ្ធភាព​នៃ​គ្រោះថ្នាក់។

រដ្ឋមន្ត្រី​ការបរទេស​ហ៊្សកដានី លោក Ayman Safadi ស្ថិត​ក្នុង​ប្រទេស​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​អាទិត្យ ដែល​នៅ​ទីនោះ លោក​បាន​ជំរុញ​ឲ្យ​បញ្ចប់​ការ​បង្កើន​ភាព​តានតឹង ដើម្បី​ឲ្យ​តំបន់​មជ្ឈិមបូព៌ា​រស់នៅ​ប្រកប​ដោយ​«សន្តិភាព សន្តិសុខ​និង​ស្ថិរភាព»។

ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តីរាយការណ៍នេះ ត្រូវ​បាន​ផ្តល់​ដោយ​ទីភ្នាក់ងារសារព័ត៌មាន The Associated Press, Agence France-Presse និង Reuters៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG