លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden នឹងធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស និងអឺរ៉ុប ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើដំបូងរបស់លោក ដែលផ្តល់សញ្ញាថា រដ្ឋបាលរបស់លោកឲ្យតម្លៃទំនាក់ទំនងអន្តរអាត្លង់ទិក ស្របពេលកំពុងប្រឈមមុខនឹងបញ្ហានានា ដែលបង្កឡើងដោយការរាតត្បាតនៃជំងឺកូវីដ១៩ ការប្រែប្រួលអាកាសធាតុ និងការគំរាមកំហែងពីប្រទេសចិន និងរុស្ស៊ី។
កាលពីថ្ងៃច័ន្ទ អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg បានធ្វើទស្សនកិច្ចនៅសេតវិមាន ជាកន្លែងដែលលោកបានថ្លែងថា លោកប្រធានាធិបតី Joe Biden នឹងត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅនៅអឺរ៉ុប។
លោក Stoltenberg បាននិយាយថា៖ «គ្មានប្រទេសមហាអំណាចណា ដែលមានមិត្តភក្តិ និងសម្ព័ន្ធមិត្តច្រើនដូចសហរដ្ឋអាមេរិកនោះទេ នៅក្នុងអង្គការអូតង់។
សេតវិមានឲ្យដឹងថា លោក Biden ចង់ធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តប្រជាធិបតេយ្យរបស់អាមេរិក នៅចក្រភពអង់គ្លេស និងនៅអឺរ៉ុបដើម្បីដោះស្រាយបញ្ហានានា ដូចជាការគំរាមកំហែង និងការប្រកួតប្រជែងមិនយុត្តិធម៌ពីប្រទេសរុស្ស៊ី និងប្រទេសចិនជាដើម។
ប៉ុន្តែអ្នកជំនាញគោលនយាបាយការបរទេស លោក Brian Katulis និយាយថា បើនិយាយពីប្រទេសចិន ចំណាប់អារម្មណ៍របស់សហរដ្ឋអាមេរិកអាចមិនស្របគ្នាជាមួយចំណាប់អារម្មណ៍របស់សម្ព័ន្ធអឺរ៉ុបទេ។
លោក Katulis បាននិយាយថា លោក Biden នឹងព្យាយាមបង្ហាញពីគុណតម្លៃរួមរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប តែរុស្ស៊ី និងចិនមិនមាន៕