កំហឹងដែលកើតចេញពីការស្លាប់របស់លោក George Floyd បានធ្វើអ្នកតវ៉ាលែងខ្លាចការឆ្លងជំងឺកូវីដ១៩ ដោយពួកគេរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាដើរតវ៉ាកាត់តាមដងផ្លូវនានានៅទូទាំងសហរដ្ឋអាមេរិក។
ប៉ុន្តែអាជ្ញាធរផ្នែកសុខភាពសាធារណៈមានការបារម្ភថា ការតវ៉ាទាំងនេះអាចបណ្ដាលឲ្យមានការឆ្លងរាលដាលកាន់តែខ្លាំងថែមទៀតនូវជំងឺកូវីដ១៩។
កន្លងមក មនុស្សជាង ១ សែននាក់នៅក្នុងសហរដ្ឋអាមេរិកបានស្លាប់ដោយសារជំងឺកូវីដ១៩ នេះ។
មនុស្សដែលនៅជិតៗគ្នាអាចចម្លងជំងឺនេះតាមរយៈកម្ទេចទឹកមាត់ដែលខ្ទាតចេញនៅពេលពួកគេដកដង្ហើម និយាយ ក្អក និងកណ្ដាស់។
មន្ទីរសុខាភិបាលទីក្រុងញូយ៉កបានបង្ហោះសារនៅលើ Twitter ដោយផ្ដល់យោបល់ដល់អ្នកតវ៉ាឲ្យបន្ថយហានិភ័យនៃការឆ្លងវីរុសកូរ៉ូណា ដែលក្នុងនោះមានដូចជាការពាក់ម៉ាស់ ការរក្សាគម្លាតពីគ្នា និងការមិនស្រែកខ្លាំងៗជាដើម៕