អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានហៅការបោះឆ្នោត caucus នៅរដ្ឋ Iowa ដើម្បីជ្រើសតាំងបេក្ខជនប្រធានាធិបតីកាលពីពេលថ្មីៗនេះថាជាជារឿងខកចិត្តខ្លាំងបំផុត ប៉ុន្តែលោកបាននិយាយថា លោកនឹងនៅតែប្រឹងប្រែងទៅមុខទៀត។
លទ្ធផលពីមណ្ឌលបោះឆ្នោតចំនួន ៨៦ ភាគរយ បានបង្ហាញថា លោក Biden ស្ថិតនៅលំដាប់ថ្នាក់ទី ៤។ អ្នកដែលឈរនៅលំដាប់ថ្នាក់លើគេគឺអតីតអភិបាលក្រុង South Bend រដ្ឋ Indinna លោក Pete Buttigieg និងសមាជិកព្រឹទ្ធសភារដ្ឋ Vermont លោក Bernie Sanders ដែលលោកទាំងពីរទទួលបានការគាំទ្រប្រកៀកប្រកិតគ្នា និងលំដាប់ថ្នាក់ទី ៣ គឺសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Massachusetts អ្នកស្រី Elizabeth Warren។ ចំណែកឯសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Minnesota អ្នកស្រី Amy Klobuchar វិញ បានចំណាត់ថ្នាក់ទី ៥។
លោក Biden កំពុងធ្វើការឃោសនាទាក់ទាញការគាំទ្រនៅក្នុងរដ្ឋ New Hampshire ដែលជារដ្ឋដែលនឹងរៀបចំការបោះឆ្នោត primary នៅសប្ដាហ៍ក្រោយ។ ការបោះឆ្នោត primary គឺជាទម្រង់មួយផ្សេងទៀតនៃការបោះឆ្នោតជ្រើសតាំងបេក្ខជនប្រធានាធិបតីរបស់គណបក្ស។
លោក Biden គឺជាអ្នកប្រកាន់ទស្សនៈកណ្ដាលនិយម ដែលហៅខ្លួនលោកថាជាបេក្ខជនដែលសក្ដិសមបំផុតនៅក្នុងការផ្ដួលលោកប្រធានាធិបតី Donald Trump នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។ នៅក្នុងការស្ទង់មតិកន្លងមកគឺតាំងពីមុនពេលដែលលោកប្រកាសអំពីបេក្ខភាពរបស់លោកទៅទៀត លោកទទួលបានការគាំទ្រច្រើនជាងបេក្ខជនដទៃទៀត។
លោក Biden ដែលធ្លាប់ធ្វើជាសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Delaware ផងដែរនោះ បានឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ២ ដង កាលពីឆ្នាំ ១៩៨៨ និងឆ្នាំ ២០០៨ ប៉ុន្តែមិនបានទទួលជោគជ័យ។ កាលពីឆ្នាំ ២០០៨ លោកបានដកខ្លួនចេញពីការប្រកួត បន្ទាប់ពីលោកមិនទទួលបានការគាំទ្រច្រើននៅក្នុងការបោះឆ្នោត caucus នៅក្នុងរដ្ឋ Iowa៕