អ្នកជំនាញជាតិនិងអន្តរជាតិជំរុញឲ្យប្រជាពលរដ្ឋស្វែងយល់វិធីទប់ស្កាត់ និងការពារពីផលប៉ះពាល់បណ្តាលមកពីបញ្ញាសិប្បនិមិ្មត ឬ Artificial Intelligence (AI) ស្របពេលគុណវិបត្តិពីបញ្ញាសិប្បនិមិ្មតនៅកម្ពុជាមានច្រើនជាងគុណសម្បត្តិ។
ការលើកឡើងរបស់អ្នកជំនាញកើតមាន ស្របពេលដែលបញ្ញាសិប្បនិមិ្មត ឬ AI កំពុងត្រូវបានប្រើប្រាស់ និងចែកចាយនៅកម្ពុជាសម្រាប់ជាប្រយោជន៍នៅក្នុងការងារនិងការសិក្សា គ្រាដែលអ្នកប្រើប្រាស់ខ្លះបានប្រើបច្ចេកវិទ្យានេះទៅបង្កើតជារូបភាព សំឡេង ឬវីដេអូ ដែលស្តាប់ឬមើលទៅដូចរបស់ពិតៗ ដែលហៅថា Deepfake។
អ្នកស្រី ឈិត កណិកា ទីប្រឹក្សានិងជាអ្នកបណ្ដុះបណ្ដាលផ្នែកសុវត្ថិភាពលើប្រព័ន្ធឌីជីថលប្រាប់វីអូអេកាលពីសប្តាហ៍មុនថា នៅកម្ពុជា គេតែងឃើញមានការប្រើប្រាស់បញ្ញាសិប្បនិមិ្មត ឬ AI ដើម្បីបង្កើតជាវីដេអូ រូបភាព សំឡេង ឬជាសារផ្សេងៗដែលមិនមែនជាមនុស្សពិត ចែកចាយលើបណ្តាញសង្គម និងអ៊ីនធឺណិត ហើយខ្លះប្រើសម្រាប់ជាជំនួយក្នុងការអនុវត្តការងារ ជំនួញ និងការសិក្សា និងខ្លះប្រើដើម្បីបោកបញ្ឆោតអ្នកដទៃជាដើម។
អ្នកស្រីបានកត់សម្គាល់ទៀតថា បញ្ញាសិប្បនិមិ្មតមានគុណសម្បត្តិច្រើននៅក្នុងការសម្រួលដល់ការងារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលអាចបង្កើនល្បឿនការងារ និងកាត់បន្ថយកម្លាំងពលកម្ម។ ទន្ទឹមនឹងគុណសម្បត្តិនោះ អ្នកជំនាញផ្នែកសុវត្ថិភាពឌីជីថលរូបនេះបន្ថែមថា បញ្ញាសិប្បនិមិ្មតក៏នាំមកនូវគុណវិបត្តិជាច្រើនដល់សេដ្ឋកិច្ច សង្គម និងអ្នកប្រើប្រាស់ តាមរយៈការកើនឡើងនូវការចែកចាយព័ត៌មានមិនពិត ការបន្លំអត្តសញ្ញាណ ការបន្លំរូបភាព សំឡេង ដែលបង្កជាផលប៉ះពាល់ដល់សីលធម៌នៃការប្រើប្រាស់និងការចាញ់បោកផ្សេងៗ។
អ្នកស្រី ឈិត កណិកា ថ្លែងថា៖ «បុគ្គលមានបញ្ហាសេដ្ឋកិច្ច សង្គមយើងក៏មានបញ្ហាសេដ្ឋកិច្ចដែរ។ អ៊ីចឹង បើសិនជាគាត់រងការបោកប្រាស់ច្រើន ចាញ់បោកគេច្រើនអ៊ីចឹងទៅ អាហ្នឹងធ្វើឲ្យចលាចល បាត់បង់ផលប្រយោជន៍ បាត់បង់លុយកាក់ច្រើន។ ហើយមួយទៀត នៅពេលដែលអ្នកប្រើប្រាស់អ៊ីនធឺណិត គាត់ទទួលយក គាត់ស្រូបយកព័ត៌មានមិនពិតច្រើន ធ្វើឲ្យការសម្រេចចិត្តរបស់គាត់លែងសុក្រឹត្យ លែងត្រឹមត្រូវ លែងតម្លាភាព ហើយពិបាកក្នុងការសម្រេចចិត្តធ្វើអ្វីមួយ។ ហើយការប្រើប្រាស់បច្ចេកវិទ្យា AI ច្រើនពេកហ្នឹងធ្វើឲ្យភាពពិតភាពច្នៃប្រតិដ្ឋរបស់មនុស្សយើងហ្នឹងក៏ធ្លាក់ចុះដែរ»។
អ្នកស្រី ឈិត កណិកា យល់ថា អ្នកប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មតនេះត្រូវគិតឲ្យបានដិតដល់អំពីផលប្រយោជន៍ដែលទទួលបានពីបច្ចេកវិទ្យា ធៀបនឹងផលប៉ះពាល់ដែលអាចកើតមានសម្រាប់ខ្លួនឯង និងសង្គម។ ចំណែកភាគីពាក់ព័ន្ធផ្សេងទៀតដូចជារដ្ឋាភិបាល គួរបង្កើនការផ្សព្វផ្សាយឲ្យមានការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ និងផ្សព្វផ្សាយពីគុណវិបត្តិនៃការប្រើប្រាស់បញ្ញាសិប្បនិមិ្មតនេះឲ្យបានច្រើន។
អ្នកស្រី Ivana Bartoletti ប្រធានផ្នែកឯកជនភាព និងអភិបាលកិច្ច AI នៃក្រុមហ៊ុនព័ត៌មានវិទ្យា Wipro លើកឡើងក្នុងកិច្ចសម្ភាសន៍មួយនៅវេទិកាអ៊ីនធឺណិតពិភពលោកលើកទី ១៩ ថា នៅពេលដែលនិយាយអំពីបញ្ញាសិប្បនិមិ្មត គេតែងបារម្ភអំពីការបង្កើតសំឡេង ឬវីដេអូបែបក្លែងបន្លំឲ្យដូចបានកើតឡើងពិតៗ ឬហៅថា Deepfake។
បើតាមអ្នកស្រី Ivana ដើម្បីទប់ស្កាត់ផលប៉ះពាល់ដែលបណ្តាលមកពីការក្លែងបន្លំទាំងនោះ តម្រូវឲ្យមានការអប់រំកុមារឲ្យយល់ដឹង និងតម្រូវឲ្យអ្នកបង្កើតមាតិកាដាក់សញ្ញាសម្គាល់លើរូបភាព ឬវីដេអូ ឬអត្ថបទដែលបង្កើតឡើងដោយបញ្ញាសិប្បនិមិ្មតទាំងនោះ។
អ្នកស្រីថ្លែងថា៖ «ដូច្នេះយើងត្រូវដឹងថា រឿងជាច្រើនដែលយើងឃើញតាមអ៊ីនធឺណិតមិនមែនជារឿងពិតទេ។ ដូច្នេះគ្រប់វេទិកាបណ្តាញសង្គមទាំងអស់ត្រូវធ្វើឲ្យប្រាកដថា ពួកគេអាចការពារ ពួកគេអាចលុបបំបាត់ ហើយពួកគេមាន watermark [កំណត់សម្គាល់] ដើម្បីរាយការណ៍ពីរូបភាពដែលបានផ្សាយ។ ប៉ុន្តែឥរិយាបថរបស់អ្នកប្រើប្រាស់ក៏មានសារៈសំខាន់ខ្លាំងណាស់ដែរ ហើយក្រុមហ៊ុនបណ្តាញសង្គមទាំងអស់ត្រូវតែមានសកម្មភាពឲ្យបានខ្លាំងក្លា»។
នៅកម្ពុជា អ៊ីនធឺណិតត្រូវបានប្រើប្រាស់យ៉ាងច្រើនក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ ព័ត៌មាន និងការកម្សាន្តជាដើម។ បើតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ នៅកម្ពុជាមានអ្នកប្រើប្រាស់អ៊ីនធឺណិតប្រមាណជាជាង ២០ លានអ្នកប្រើប្រាស់ ដែលនេះច្រើនជាងចំនួនប្រជាជនសរុបដែលមានត្រឹមជាង ១៧ លាននាក់។
លោក ស៊ុន រ៉ាពីដ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ប្រាប់វីអូអេ កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ ថា ក្រសួងប្រៃសណីយ៍កំពុងសហការជាមួយអង្គការយូណេស្កូដើម្បីសិក្សាអំពីបញ្ញាសិប្បនិមិ្មត ក្នុងគោលបំណងធ្វើឲ្យការប្រើប្រាស់បញ្ញាសិប្បនិមិ្មតជាប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ និងសង្គម។
លោកបន្ថែមថា ការបណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីអក្ខរកម្មឌីជីថល នៅតែជាកត្តាសំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងការយល់ដឹងអំពីបញ្ញាសិប្បនិមិ្មត។
លោក ស៊ុន រ៉ាពីដ ថ្លែងថា៖ «ការប្រើប្រាស់ AI នេះ គឺវាត្រឡប់មកអក្ខរកម្មឌីជីថលដដែល។ បានន័យថាយ៉ាងម៉េច? នៅក្នុងអក្ខរកម្មឌីជីថល វាមានមុំមួយដែលយើងអាចនិយាយអំពីអក្ខរកម្មទៅលើបញ្ញាសិប្បនិមិ្មតនេះ បានន័យថា បង្រៀនប្រជាពលរដ្ឋឲ្យគាត់ចេះរបៀបប្រើប្រាស់ AI។ យើងដឹងហើយថា AI អាចជួយយើងបានច្រើនទៅលើការធ្វើការងារ ការធ្វើរបាយការណ៍។ វាដូចជាលេខាមួយរបស់យើងអ៊ីចឹង។ យើងអាចប្រើប្រាស់ AI ដើម្បីជាជំនួយ ប៉ុន្តែការដែលយើងសម្រេចចិត្តគឺទៅលើយើងជាអ្នកប្រើប្រាស់ដដែលទេ»។
ក្នុងកិច្ចសន្ទនាមួយស្តីពីប្រជាធិបតេយ្យ និងបញ្ញាសិប្បនិម្មិត (AI) កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ អ្នកជំនាញលើកឡើងថា ការអនុវត្តប្រជាធិបតេយ្យឌីជីថលនៅកម្ពុជាសម្រាប់ប្រជាពលរដ្ឋនៅមានកម្រិត ដោយសារខ្វះធនធានមនុស្ស ខ្វះហេដ្ឋារចនាសម្ពន្ធអ៊ីនធឺណិតតាមមូលដ្ឋាន ស្របពេលដែលការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋនៅមានការរិតត្បិត៕
វេទិកាបញ្ចេញមតិ