ផ្សារណូអែលក្នុងទីក្រុងបែរឡាំងដែលមានមនុស្ស១២នាក់ត្រូវបានសម្លាប់ដោយបុរសម្នាក់ដែលបើករថយន្តដឹកទំនិញចូលក្នុងទីផ្សារនោះកាលពីថ្ងៃច័ន្ទ បានបើកឡើងវិញហើយដោយមានវត្តមានប៉ូលិសដ៏ច្រើនណែនណាន់តាន់តាប់ ហើយនិងរនាំការពារដ៏រឹងមាំនៅជិតផ្សារនោះ។
អ្នករៀបចំពិធីនោះបានធ្វើការសម្រេចចិត្តដើម្បីបើកទីផ្សារនោះឡើងវិញដោយគ្មានភ្លេងហើយ និងភ្លើង ដែលត្រូវបានជំនួសដោយទៀន និងផ្កាដែលបានបន្សល់ទុកនៅឯទីកន្លែងវាយប្រហារដែលជាការគោរពវិញ្ញាណក្ខន្ធអ្នកដែលត្រូវបានគេសម្លាប់។
ពួកអាជ្ញាធរបានស្វះស្វែងរកបុរសជនជាតិទុយនីស៊ីអាយុ២៤ឆ្នាំម្នាក់នៅទូទាំងតំបន់អឺរ៉ុបដែលពួកមន្រ្តីអាល្លឺម៉ង់បាននិយាយថា បុរសនោះត្រូវបានគេនិរទេសខ្លួនកាលពីប៉ុន្មានខែមុន។
លោក Anis Amri ជនសង្ស័យនៅក្នុងការវាយប្រហារនេះត្រូវបានពួកអាជ្ញាធរបដិសេធពុំព្រមផ្តល់សិទ្ធិជ្រកកោន ហើយស្ថិតនៅក្រោមការឃ្លាំមើលរបស់ប៉ូលិសបន្ទាប់ពីមានការលេចឮថាជននោះប្រហែលព្យាយាមទិញអាវុធធ្វើការវាយប្រហារ ក៏ប៉ុន្តែ ការ ស៊ើបអង្កេតនោះបានបញ្ឈប់កាលពីខែកញ្ញា។
លោក Thomas de Maiziereរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអាល្លឺម៉ង់បាននិយាយក្នុងអំឡុងនៃសន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍ថា មានភស្តុតាងច្រើនថា លោក Amri ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះ។
លោករដ្ឋមន្រ្តីមហាផ្ទៃអាល្លឺម៉ង់ បាននិយាយថា «យើងអាចរាយការណ៍នៅថ្ងៃនេះថា យើងមានព័ត៌មានថ្មីថា ជនសង្ស័យនោះអាចជាអ្នកវាយប្រហារកាន់តែខ្លាំងឡើង»។
ពួកមន្រ្តីអាល្លឺម៉ង់បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ប៉ូលិសបានរកឃើញឯកសារអត្តសញ្ញាណប័ណ្ណ ហើយនិងស្នាមម្រាមដៃរបស់ Amri នៅក្នុងរថយន្តដឹកទំនិញនោះ។ ការដាក់ពាក្យសុំសិទ្ធិជ្រកកោនរបស់ជននោះបានត្រូវគេបដិសេធកាលពី៦ខែមុន ក៏ប៉ុន្តែ គេមិនបានបញ្ជូនជននោះត្រឡប់ទៅកាន់ប្រទេសទុយនីស៊ីវិញទេពីព្រោះតែបញ្ហាឯកសាររបស់ជននោះ៕