រដ្ឋអាជ្ញាបែ៊លហ្សុិក និយាយថា ពួកគេបានដោះលែងមនុស្ស៣នាក់ដែលត្រូវបានឃុំខ្លួនកាលពីថ្ងៃអង្គារនៅក្នុងការស៊ើុបអង្កេតការវាយប្រហារទីក្រុងប៉ារីសកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ដែលក្នុងនោះមានមនុស្ស១៣០នាក់ បានស្លាប់។
ការិយាល័យរបស់រដ្ឋអាជ្ញាសហព័ន្ធបែ៊លហ្សុិក បានប្រាប់ឲ្យដឹងនៅថ្ងៃពុធនេះថា គ្មាននរណាម្នាក់ បានរងការចោទប្រកាន់ទេ។ពួកគេ បានស្ថិតនៅក្នុងការឃុំឃាំងកាលពីថ្ងៃអង្គារក្នុងអំឡុងពេលនៃការឆែកឆេរមួយរបស់ប៉ូលិសនៅក្នុងសង្កាត់ Uccle នៃរដ្ឋធានី ព្រុចសែល នៅពេលដែលពួកអាជ្ញាធរបែ៊លហ្សុិក ព្យាយាមស្វែងរកជនដៃដល់២នាក់ដែលវាយប្រហារទីក្រុងប៉ារីសហើយនឹងវាយប្រហារអាកាសយានដ្ឋាននិងរទេះភ្លើងរត់ក្រោមដីនៅទីក្រុង ព្រុចសែល កាលពីថ្ងៃទី២២ ខែមីនាដែលបានធ្វើឲ្យមនុស្ស៣២នាក់ស្លាប់។
កាលពីថ្ងៃអង្គារ រដ្ឋអាជ្ញាសហព័ន្ធបែ៊លហ្សុិក បានរកឃើញ បុរស២នាក់ទៀត ដែលមានឈ្មោះថា Smail F.និង Ibrahim F. ហើយត្រូវបានរងការចោទប្រកាន់ពីការធ្វើសកម្មភាពភេរវកម្មនិងឃាតុកម្មដែលទាក់ទិនទៅនឹងការបំផ្ទុះគ្រាប់បែកនៅទីក្រុង ព្រុចសែល កាលពីខែមុន។បណ្តាញផ្សាយព័ត៌មានក្នុងស្រុក បានប្រាប់ឲ្យដឹងថា បុរសទាំង២នាក់នោះ ជាបងប្អូនគ្នា។
ពួកអាជ្ញាធរបែ៊លហ្សុិក បានរងការរឹះគន់យ៉ាងខ្លាំងពីការស៊ើបការណ៍សម្ងាត់ និងភាពចន្លោះប្រហោងខាងសន្តិសុខដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារនៅក្នុងទីក្រុង ព្រុចសែល និងទីក្រុងប៉ារីស រួមមានការចំណាយពេល៤ខែដើម្បីចាប់ Salah Abdelslam ជនសង្ស័យជាភេរវជនកំពូលដែលបានវាយប្រហារទីក្រុងប៉ារីស។
ប៉ូលិសបែ៊លហ្សុិក បានធ្វើការចាប់ខ្លួនមនុស្សជាបន្តបន្ទាប់មុននិងក្រោយការវាយប្រហារ ដោយធ្វើការជាមួយសមភាគីបារាំង។ Abdeslam បានត្រូវចាប់ខ្លួននៅជិតទីកន្លែងកំណើតនៅក្នុងក្រុងMolenbeek ប៉ុន្មានថ្ងៃមុនពេល ផ្ទុះគ្រាប់បែកនៅឯអាកាសយានដ្ឋាននិងរទេះភ្លើងក្រោមដីនៅទីក្រុងព្រុចសែល។ ជននោះ ឥឡូវនេះ បានត្រូវឃុំខ្លួននៅក្នុងគុកដែលមានសន្តិសុខដ៏តឹងតែងនៅក្នុងទីក្រុង Bruges៕