មន្ត្រីសេតវិមានបាននិយាយថា សហរដ្ឋអាមេរិកមានក្តីបារម្ភជុំវិញការទាមទារដែនសមុទ្ររបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង ហើយបញ្ហានេះនឹងត្រូវដាក់ក្នុងរបៀបវារៈសំខាន់មួយរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) ខណៈពេលដែលលោកជួបជាមួយមេដឹកនាំក្នុងតំបន់នេះក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកិច្ចប្រជុំកំពូលអាស៊ីខាងកើត។
លោកអូបាម៉ាបានទៅដល់ទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី កាលពីថ្ងៃសុក្រ ដែលជាកន្លែងដែលកិច្ចប្រជុំកំពូលនេះ នឹងត្រូវបានប្រារព្ធធ្វើឡើងនាថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្យខាងមុខនេះ។
សេតវិមានបាននិយាយម្ដងហើយម្ដងទៀតថា ការបង្កើត «រចនាសម្ព័ន្ធផ្អែកលើច្បាប់ជាមូលដ្ឋាន» ជាការសំខាន់ដើម្បីសន្តិសុខក្នុងតំបន់និងវិបុលភាពសេដ្ឋកិច្ច ដែលទាំងពីរនេះជាគ្រឹះនៅគោលនយោបាយរបស់សហរដ្ឋអាមេរិកដើម្បីធ្វើឱ្យមានតុល្យភាពអំណាចឡើងវិញនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្រុមមន្ត្រីសេតវិមានបាននិយាយថា សកម្មភាពរបស់ប្រទេសចិនបានធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក។
លោក Dan Kritenbrink ជាទីប្រឹក្សាគោលនយោបាយនៃតំបន់អាស៊ី និយាយថា ខណៈពេលដែលសហរដ្ឋអាមេរិកមិនប្រកាន់ជំហរ លើជម្លោះដែនសមុទ្រនេះក្តីក៏«វាជាផលប្រយោជន៍ជាតិរបស់យើងក្នុងការធានាឱ្យមានសេរីភាពក្នុងការធ្វើនាវាចរណ៍ មិនមានការរារាំងការធ្វើពាណិជ្ជកម្មមានច្បាប់ត្រឹមត្រូវ ដំណោះស្រាយជម្លោះដោយសន្តិវិធី រួមបញ្ចូលទាំងការប្រើប្រាស់អាជ្ញាកណ្តាលអន្តរជាតិ នៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ»។
លោក Kritenbrink បាននិយាយថា ក្នុងអំឡុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅក្នុងទីក្រុងម៉ានីលប្រទេសហ្វីលីពីន ជាកន្លែងដែល លោកអូបាម៉ាបានលើកពីបញ្ហានេះ ក្នុងអំឡុងកិច្ចពិភាក្សាជាមួយនឹងមេដឹកនាំជាច្រើនផ្សេងទៀតដែលបានមកចូលរួម។
នៅក្នុងទីក្រុងម៉ានីល លោកអូបាម៉ាបានអំពាវនាវដល់ប្រទេសចិនឱ្យកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់ដោយឲ្យប្រទេសចិន «សន្យាថានឹងបញ្ឈប់ការចាក់ខ្សាច់បង្កើតជាកោះសិប្បនិម្មិតបន្ថែមទៀត បញ្ឈប់ការសាងសង់ថ្មី និងបញ្ឈប់ការដាក់យោធាក្នុងតំបន់មានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង»។
រដ្ឋាភិបាលទីក្រុងប៉េកាំងបានធ្វើគម្រោងបូមខ្សាច់លើតំបន់ដែលមានជម្លោះប្រាំពីរកន្លែងអស់រយៈពេលជិតពីរឆ្នាំ ក្នុងការបង្កើតកោះសិប្បនិម្មិតតូចៗ។ កោះពីរនៃកោះដែលបានបង្កើតឡើងថ្មីទាំងនោះ មានវាលយន្តហោះនិងកំពង់ផែដែលអាចដាក់យោធានិងនាវាចម្បាំងបាន។
បណ្ដាប្រទេសដែលនៅជុំវិញ មានការសង្ស័យលើគោលបំណងរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
ប្រទេសចិនបាននិយាយថា ខ្លួនមាន «អធិបតេយ្យភាពដែលមិនអាចប្រកែកបាន» ក្នុងដែនសមុទ្រនេះទាំងមូល ហើយថាភាគីក្រៅជម្លោះមិនចាំបាច់មានយោបល់អ្វីលើជម្លោះនេះ នោះទេ។
លោក Kritenbrink និយាយថា «នៅពេលដែលយើងឃើញករណីនៃប្រទេសមានអំណាច មានឥរិយាបថផ្ទុយនឹងច្បាប់និងបទដ្ឋានអន្តរជាតិនោះ យើងរំពឹងថា នឹងមានដៃគូនិងសម្ព័ន្ធមិត្តរបស់យើងនៅក្នុងតំបន់ នឹងចូលរួមចង្អុលបង្ហាញសកម្មភាពទាំងនេះនិងជួយយើងបញ្ឈប់ឥរិយាបថនេះ»។
លោក Ben Rhodes ទីប្រឹក្សារងខាងសន្តិសុខជាតិបាននិយាយថា ការប្រមូលផ្តុំគ្នារបស់ប្រទេសជាប្រជាជាតិអាស៊ាន ដែលរួមទាំងប្រទេសដែលជាប់ពាក់ព័ន្ធនឹងតំបន់មានជម្លោះ ជាការផ្ដល់វេទិកាល្អមួយសម្រាប់កិច្ចពិភាក្សាលើបញ្ហានេះ។
លោក Rhodes បានឱ្យដឹងថា៖ «យើងជឿជាក់ថា កិច្ចប្រជុំកំពូលអាស៊ីខាងកើត គួរតែជាវេទិកាសម្រាប់ដោះស្រាយបញ្ហានយោបាយនិងសន្តិសុខ ព្រមទាំងបញ្ហាសេដ្ឋកិច្ចផងដែរ»៕
ប្រែសម្រួលដោយ មាន ឥស្សរាយស