ក្រុមហ៊ុនផលិតភាពយន្ត Sony Pictures និយាយថាខ្លួននៅតែសង្ឃឹមថានឹងចេញបញ្ចាំងខ្សែភាពយន្តចម្រូងចម្រាស់របស់ខ្លួនអំពីផែនការមួយក្នុងការធ្វើឃាតលោក Kim Jong Un មេដឹកនាំនៃប្រទេសកូរ៉េខាងជើង។
ភាពយន្តកំប្លែងដែលមានចំណងជើងថា «The Interview» ប្រែថា"បទសម្ភាសន៍" បាននាំឱ្យមានការវាយប្រហារខាងកុំព្យូទ័រដ៏ធំមួយលើក្រុមហ៊ុននៅ Hollywood មួយនេះដែលអាជ្ញាធរស.រ.អា.បានបន្ទោសលើប្រទេសកូរ៉េខាងជើង។
ប្រទេសកូរ៉េខាងជើងបានបដិសេធថាខ្លួនមិនមែនជាអ្នកទទួលខុសត្រូវលើការលួចចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រនៃក្រុមហ៊ុន Sony Pictures ទេ ហើយក៏មិនបានផ្សព្វផ្សាយអ៊ីម៉ែលដែលមានភាពអាមាសតាមអ៊ិនធឺណិត ផ្សព្វផ្សាយទិន្នន័យឯកជន និងគម្រោងខ្សែភាពយន្តដែលមិនទាន់ចេញបញ្ចាំងទេ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏រដ្ឋកុម្មុយនិស្តនេះបានសរសើរការវាយប្រហារតាមកុំព្យូទ័រនេះថាជា «សកម្មភាពត្រឹមត្រូវ»។
រដ្ឋាភិបាលក្រុងព្យុងយ៉ាងនិយាយថាខ្លួនអាចបង្ហាញថាខ្លួនគ្មានទាក់ទិនអ្វីនឹងរឿងនេះទេ ហើយកាលពីថ្ងៃសៅរ៍ខ្លួនបានស្នើឱ្យធ្វើការស៊ើបអង្កេតរួមគ្នាជាមួយស.រ.អា.អំពីឧប្បត្តិហេតុនៃការលួចចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រនេះ។
នៅក្នុងកំណត់សម្គាល់មួយខុសប្លែកពីធម្មតា អ្នកនាំពាក្យម្នាក់ដែលគេមិនដឹងអត្តសញ្ញាណនៃក្រសួងការបរទេសកូរ៉េខាងជើងបានព្រមានអំពី «ផលវិបាកធ្ងន់ធ្ងរ» ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនយល់ព្រមតាមសេចក្តីអញ្ជើញឱ្យចូលរួមក្នុងការស៊ើបអង្កេតនេះ៕