ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ហាម​ឃាត់​ការ​ជួញដូរ​គ្រឿង​ភ្លុក​ពី​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ


ភ្នាក់ងារ​ពិសេស​ការពារ​មច្ឆាជាតិនិង​សត្វព្រៃ លោក Eric Marek (កណ្តាល) និង​លោក John Goldman អ្នក​ដឹកនាំ​ក្រុម​អ្នក​ត្រួត​ពិនិត្យ​ កំពុង​ពិនិត្យ​មើលការ​ដឹកជញ្ជូន​ជ័យភ័ណ្ឌ​បាន​ពី​ការ​បរបាញ់​សត្វព្រៃនៅ​ទ្វីប​អាហ្វ្រិក​ នៅឯ​កន្លែងឆែកឆេរ​នៅជិត​ព្រលាន​យន្តហោះ​អន្តរជាតិ Seattle-Tacoma។
ភ្នាក់ងារ​ពិសេស​ការពារ​មច្ឆាជាតិនិង​សត្វព្រៃ លោក Eric Marek (កណ្តាល) និង​លោក John Goldman អ្នក​ដឹកនាំ​ក្រុម​អ្នក​ត្រួត​ពិនិត្យ​ កំពុង​ពិនិត្យ​មើលការ​ដឹកជញ្ជូន​ជ័យភ័ណ្ឌ​បាន​ពី​ការ​បរបាញ់​សត្វព្រៃនៅ​ទ្វីប​អាហ្វ្រិក​ នៅឯ​កន្លែងឆែកឆេរ​នៅជិត​ព្រលាន​យន្តហោះ​អន្តរជាតិ Seattle-Tacoma។

ការ​នាំចូល​ភ្លុក​ដំរី​ដើម្បី​ធ្វើ​ជំនួញ​ត្រូវ​បាន​ហាម​ឃាត់​ដោយ​ច្បាប់​ជាតិ​ និង​សន្ធិសញ្ញា​អន្តរ​ជាតិ​ អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។ ក្រុម​សកម្មជន​កំពុង​តែ​ដាក់​សម្ពាធ​លើ​រដ្ឋ​សហព័ន្ធ​ឲ្យ​អនុម័ត​ច្បាប់​សម្រាប់​រដ្ឋ​នីមួយៗ។​

ក្រុម​ភ្នាក់ងារ​ពិសេស​ និង​អ្នក​ត្រួតពិនិត្យ​សត្វ​ព្រៃបួន​នាក់​ មក​ពីភ្នាក់ងារ​មច្ឆាជាតិ​ និង​សត្វ​ព្រៃ​សហរដ្ឋ​អាមេរិក​ បាន​មក​ដល់​ឃ្លាំង​ផ្ទុក​ទំនិញ​ដឹក​តាម​យន្ត​ហោះ មាន​ទីតាំង​នៅ​ជិត​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ Seattle-Tacoma។​ អាវុធ​ដែល​ពួក​គេ​មាន​នៅ​ក្នុង​ដៃ​មិន​មែន​ជា​កាំភ្លើង​ទេ​ ប៉ុន្តែ​ ជា​សៀវភៅ​ខ្នាត​តូច​ដែល​រៀបរាប់​អំពី​សត្វ​ព្រៃ​នៅ​ទ្វីប​អាហ្វ្រិក​ ព្រមទាំង​ទួរណឺវីស​ប្រើ​អគ្គិសនី​មួយ​ចំនួន។

ក្រុម​អ្នក​ត្រួត​ពិនិត្យ​នៃ​រដ្ឋសហព័ន្ធ​ទាំង​នេះ​ ចង់​ពិនិត្យ​មើល​ខាង​ក្នុង​ប្រអប់​ឈើ​ដែល​មាន​នៅទីនោះ។​

«មាន​ប្រអប់​ច្រើន​ណាស់​នៅ​ទី​នេះ»។

នៅ​ក្នុង​ឯកសារ​បញ្ជី​រាយការណ៍​ទំនិញ​សរសេរថា​ នៅ​ក្នុង​ប្រអប់ឈើ​ទាំង​នោះ​មាន​ជ័យភណ្ឌ​ ដែល​បាន​មក​ពី​ការ​បរបាញ់​សត្វព្រៃក្នុង​ទ្រង់ទ្រាយ​ធំ​នៅទ្វីប​អាហ្រ្វិក​ភាគខាងត្បូង។​

«អ៊ីចឹង នេះ​គឺជា​គ្រឿង​ភ្លុក....»

លោក​ John Goldman ​ដែល​ជា​អ្នក​ដឹកនាំ​ក្រុម​អ្នក​ត្រួត​ពិនិត្យ​នោះ​និយាយ​ថា ក្នុង​ករណី​នេះ​ប្រអប់​ទាំងនោះ មិន​មាន​គ្រឿង​ភ្លុក​ខុស​ច្បាប់​ទេ​ ពីព្រោះ​ភ្លុក​នេះស្ថិត​នៅ​ក្នុង​ប្រភេទ​លលាដ៍​ជ្រូក​ព្រៃ ដែល​មិន​មែន​ជា​ប្រភេទ​សត្វត្រូវ​ការ​ការពារ​ជា​ចំាបាច់​នោះ​ទេ។​

ការ​ស៊ើប​អង្កេត​ថ្មីៗ​អំពី​ការ​ប្រមាញ់​សត្វ​ដំរី ​និង​សត្វ​រមាស​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ បាន​ធ្វើ​ការ​ផ្សារ​ភ្ជាប់​ការ​កើន​ឡើង​នូវ​ការ​ធ្វើ​ចរាចរណ៍​សត្វ​ព្រៃ​ច្រើន​ជាង​មុនទៅ​នឹង​ការបំពេញ​តម្រូវ​ការ​ពី​ប្រទេស​ចិន​ និង​បណ្តា​ប្រទេស​ជិតខាង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។​

ប្រធានបទ​ស្តី​អំពី​ការ​ជួញដូរ​សត្វព្រៃបាន​លេច​ឡើង​នៅ​ពេល​ដែល​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​ បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ចិន​ ស៊ី​ ជីនពីង ​នៅ​ឯសេតវិមាន​ កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ។​ បញ្ជីកត់​បញ្ចូល​នៅ​ក្នុងកិច្ច​ព្រមព្រៀង​ទ្វេភាគី​ ដែល​បាន​សម្រេច​ឡើង​នៅ​ឯ​សេតវិមាន​ក្នុង​អំឡុង​ពេល​នៃ​ជំនួប​កំពូល​នោះ​ រួម​មាន​ការ​សន្យា​ចាត់​វិធានការ​ដោយ​ភាគី​ចិន​លើ​ការ​ជួញ​ដូរ​សត្វព្រៃ ​ដើម្បី​ធ្វើ​ឲ្យ​ស្រប​ទៅ​នឹង​ការ​បង្រ្កាប​ការ​ធ្វើ​ជំនួញ​គ្រឿង​ភ្លុក​ដែលសហរដ្ឋ​អាមេរិក​បាន​ប្រកាស​ឡើង។

អ្នក​តាម​ដាន​រឿង​នេះ​មួយ​ចំនួន​និយាយ​ថា​ ការ​លក់​ដូរ​គ្រឿង​ភ្លុកនៅ​សហរដ្ឋ​អាមេរិក​ មិនបាន​ចូលរួម​ចំណែក​ច្រើន​ក្នុង​ការ​ជួញដូរ​គ្រឿង​ភ្លុក​ខុសច្បាប់នោះ​ទេ។ ប៉ុន្តែ​ ក្រុម​អ្នក​តស៊ូមតិ​ផ្នែក​សត្វព្រៃ​ បាន​អះអាង​ថា​ សហរដ្ឋ​អាមេរិក​មាន​ទីផ្សារ​ធំ​ជាង​គេបំផុត​មួយ​នៅ​លើ​សាកលលោក​ ដែល​ទីផ្សារនោះ​លក់​គ្រឿង​ភ្លុក​ទាំង​ស្របច្បាប់​ និង​ខុស​ច្បាប់​ ហើយ​ក្រុម​នោះ​បញ្ជាក់​ថា​ ការ​បញ្ឈប់​កុំ​ឲ្យ​មាន​តម្រូវ​ការ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ គឺ​ជា​គន្លឹះ​ឈាន​ទៅកាន់​ការ​បញ្ឈប់​ការ​សម្លាប់​សត្វ​ដំរី​នៅ​ឯ​ប្រទេស​ផ្សេង​ទៀត។​

នេះ​ហើយ​ជា​ចំណុច​ដែល​លោក​ John Goldman​ និង​ភ្នាក់ងារ​របស់​លោក​ចូល​មក​ធ្វើ​អន្តរាគមន៍។​ ព្រៃ​ឈើ​ និង​វាល​ស្មៅ​នៃ​ទ្វីប​អាហ្រ្វិក​ហាក់​ដូច​ជា​នៅ​ឆ្ងាយ​ណាស់​ ក៏ប៉ុន្តែ​ការ​រត់ពន្ធ​សត្វព្រៃ​ខុស​ច្បាប់​បាន​ឆ្លង​កាត់​ភាគ​ពាយ័ព្យ​នៃ​តំបន់​ប៉ាស៊ីហ្វិក។​ ក្នុង​មួយ​ឆ្នាំៗ​ មាន​ការ​រឹបអូស​គ្រឿង​អលង្ការ​ធ្វើ​ពី​ភ្លុក​ដំរី​ ឬ​រឹបអូស​គ្រឿង​ចម្លាក់ ឬ​ជ័យភណ្ឌ​សត្វ​ដំរី​ ដែល​គេ​បរបាញ់​ជា​កីឡា​កម្សាន្ត​ ហើយ​ត្រូវ​បាន​នាំ​ចូល​ដោយ​ខុស​ច្បាប់​ ដែល​ការ​រឹប​អូស​នេះ​ធ្វើ​ឡើង​នៅ​កំពង់​ផែ ​និង​ព្រលាន​យន្តហោះ ​Seattle/Tacoma ​ និង​នៅ​ក្បែរ​ព្រំដែន​ជាប់​នឹង​ប្រទេស​កាណាដា។

លោក​ John Goldman​ និយាយ​ថា៖ «វា​មិន​ជា​ញឹកញយ​ប៉ុន្មាន​ទេ​ ​ដែល​យើង​បាន​ប្រទះ​ឃើញ​របស់​ទាំង​នោះ....»។

ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា​ មាន​ហេតុផល​រាប់​មិន​អស់​ដែល​ធ្វើ​ឲ្យ​យើង​ជឿ​ថា​ បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​មាន​ច្បាប់​អនុញ្ញាត។

«ខ្ញុំ​ហ៊ាន​និយាយ​ថា​ យើង​មាន​កំពង់​ផែ​សមុទ្រ​ធំ​លំដាប់​ទី​បួន​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ហើយ​កំពង់​ផែ​នេះ​កំពុង​តែ​រីក​កាន់​តែ​ធំ​ និង​ក្លាយ​ជា​តំបន់​មួយ​ដែល​កំពុង​តែ​ពង្រីក​ខ្លួន។ នៅ​ទីនេះ​ មាន​ភាព​សម្បូរ​សប្បាយ​ខ្លាំង​ណាស់​ ហើយ​ភាព​សម្បូរសប្បាយ​ទាំង​នេះ​ហើយ​ដែល​ជា​ចំណុចឆ្ពោះ​ទៅ​រក​ការ​នាំចូល​ និង​នាំ​ចេញ​សត្វព្រៃ​ខុសច្បាប់​ក្នុង​ចំនួន​ដ៏​ច្រើន»។

ដូច្នេះ​ នេះ​ជា​បញ្ហា​ដែល​ត្រូវ​ដោះ​ស្រាយ​ដោយ​ច្បាប់​សហព័ន្ធ និង​ជា​បញ្ហា​នៅ​ពេល​ដែលក្រុម​អ្នក​ត្រួតពិនិត្យ​រកចាប់មិនសូវ​បាននូវ​ផលិតផល​ធ្វើ​ពី​សត្វ​ដំរី ​ឬ​រមាស​នៅ​ក្នុង​តំបន់​។

ចុះ​ហេតុ​អ្វី​បាន​ជា​ក្រុម​អ្នក​អភិរក្ស​សត្វព្រៃ​ដូច​ជា​ អង្គការ​សង្គម​មនុស្សធម៌​អាមេរិក​ (Humane Society of the U.S) អង្គការ​សង្គម​អភិរក្ស​សត្វព្រៃ​ (Wildlife Conservation Society) ក្រុម​ប្រឹក្សា​ការពារ​ធនធាន​ធម្មជាតិ​ (Natural Resources Defense Council)​ និង​អង្គការ​ជា​ច្រើន​ទៀត​ ចង់​ឲ្យ​មាន​ច្បាប់​ប្រចាំ​រដ្ឋ​នីមួយៗ​ដើម្បី​ប្រឆាំង​នឹង​សកម្មភាព​បំផ្លិច​បំផ្លាញ​សត្វព្រៃ​ទាំង​នេះ? អ្នក​ស្រី​ Jennifer Hillman​ នៃ​អង្គការ​សង្គម​មនុស្សធម៌​អាមេរិក​និយាយ​ថា​ ការ​មាន​ច្បាប់​ទាំង​នេះ​ គឺ​ជា​សារ​មួយ​ដើម្បី​បញ្ជាក់​ថា៖

«ការ​អនុវត្ត​ច្បាប់ស៊ី​ជម្រៅ​មួយ​នៅ​កម្រិត​រដ្ឋ​សហព័ន្ធ​ នឹង​ជួយទប់​ស្កាត់​ការ​ជួញដូរ​ជា​ទូទៅ​ដែល​កើត​មាន​ឡើង​រវាង​រដ្ឋសហព័ន្ធ​មួយ​ទៅ​រដ្ឋ​សហព័ន្ធ​មួយ​ទៀត»។
នេះ​ជា​ទិស​ដៅ​ដែល​បូរី​ញូវយ៉ក​ រដ្ឋ​ New Jersey​ និង​រដ្ឋ​ California​បាន​ចាប់​យក តាម​រយៈ​ការដាក់​បម្រាម​លើការ​លក់ដូរភ្លុក​ដំរី​ស្ទើរ​តែ​ទាំង​ស្រុង​នៅ​ក្នុង​ព្រំដែន​របស់​ខ្លួន។

អង្គនីតិបញ្ញត្តិ​នៃ​រដ្ឋ​ Oregon និង​រដ្ឋវ៉ាស៊ីនតោន​ បាន​ពិចារណាវិធានការ​ស្រដៀង​គ្នា​នេះ​ ក្នុង​សម័យ​ប្រជុំ​របស់​ខ្លួន​កាល​ពីដើម​ឆ្នាំ​នេះ។​ ក៏ប៉ុន្តែ​ ច្បាប់​ទាំង​នោះ​មិន​ត្រូវ​បាន​អនុម័ត​ឡើយ​ ដោយ​មាន​ការ​ប្រឆាំង​ពី​ក្រុម​អ្នក​ស្រឡាញ់​កាំបិត​ និង​កាំភ្លើង​ និង​ក្រុម​អ្នក​សន្សំ​វត្ថុបូរាណ​ ដូច​ជា​លោក​ Stuart Halsan​ ជា​ដើម។ លោក​ Stuart Halsan ​អះអាង​បញ្ជាក់​ថា​ វា​មិន​យុត្តិធម៌​សម្រាប់​ម្ចាស់​ភ្លុក​ ​ដែល​ប្រើ​កាំបិត​ និង​កាំភ្លើង ដែល​មាន​ដង​ធ្វើ​ពី​ភ្លុក​ប្រមូល​បាន​ដោយ​ស្រប​តាម​ច្បាប់​នោះ​ទេ។

«ការពិត​គឺ​ថា​ ការ​បរបាញ់​សត្វ​ព្រៃ​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក​ មិន​អាច​បញ្ឈប់​ដោយ​ការ​ផ្តួច​ផ្តើម​មួយ​កើត​ចេញ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​ទេ។ ការ​ផ្តួច​ផ្តើម​នេះ​ឮនឹង​មិន​ដំណើរ​ការ​ទេ ហើយ​វា​នឹង​ធ្វើ​ឲ្យ​វត្ថុ​បុរាណ​ស្រប​ច្បាប់​ផ្សេងៗ​ក្លាយ​ជា​របស់​គ្មាន​តម្លៃ»។

នា​ពេល​បច្ចុប្បន្ន​នេះ​ គ្រឿង​ភ្លុក​ដំរី​មក​ពី​ទ្វីប​អាហ្វ្រិក​ដែល​គេ​កែច្នៃ​កាល​ពី​រាប់​សិប​ឆ្នាំ​មុន​ អាច​លក់​បាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ប្រសិនបើអ្នក​លក់វត្ថុ​ទាំងនោះ​អាច​បង្ហាញ​ជា​ឯកសារថា​ គ្រឿង​ធ្វើ​ពី​ភ្លុក​ដំរី​ទាំង​នោះ​បាន​មក​ដល់​ប្រទេស​នេះ​តាំង​ពីមុន​ឆ្នាំ​១៩៩០។​

ក្រុម​អ្នក​តស៊ូ​មតិ​ដើម្បី​សត្វព្រៃ​ កំពុង​ធ្វើ​យុទ្ធនាការ​របស់​ពួក​គេ​ឆ្ពោះ​ទៅ​កាន់​ក្រុម​អ្នក​បោះ​ឆ្នោត​ជាមួយ​នឹង​ញ្ញតិ​កោះ​ហៅ​ឲ្យ​មាន​ការ​បោះឆ្នោត​ជា​សាធារណៈ​នៅ​ក្នុង​រដ្ឋវ៉ាស៊ីនតោន និង​នៅ​រដ្ឋ​ Oregon។ ពួក​គេនិយាយ​ចំៗ​អំពី​ការ​ស្វែងរក​ការ​ហាមឃាត់​ដ៏​ទូលំទូលាយ​ចំពោះ​ការ​លក់​ដូរ​គ្រឿង​ភ្លុក​ មិន​ថានៅ​ប្រទេស​ដែល​ជា​ប្រភព​ដើម​នៃ​សត្វ​ព្រៃ​ទាំង​នោះ ​ឬ​ទីណា​ឡើយ។ ក្រុម​សកម្មជន​នេះ​អះអាង​ថា​ ពាណិជ្ជកម្ម​គ្រឿង​ភ្លុក​ស្របច្បាប់​បាន​បង្កើត​ជា​របាំង​គ្រប​ពី​ការ​លក់ដូរ​គ្រឿង​លម្អ​កំប៉ិកកំប៉ុក​ និង​គ្រឿង​ចម្លាក់​ខុស​ច្បាប់​ជា​ច្រើន៕

ប្រែសម្រួល​ដោយ​ នៀម ឆេង

XS
SM
MD
LG