ចាប់តាំងពីឆ្នាំ២០០៨មក ប្រទេសវៀតណាមមិនទទួលរងផលប៉ះពាល់ពីវិបត្តិហិរញ្ញវត្ថុសកលលោកទេ។ នេះមិនមែនដោយសារតែធនាគារក្នុងប្រទេសនេះមានភាពរឹងមាំជាងធនាគារនៅសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែគឺដោយសារតែធនាគារវៀតណាមមិនសូវធ្វើសមាហរណកម្មទៅក្នុងពាណិជ្ជកម្មសាកលលោកទេនាពេលនោះ។ វិបត្តិហិរញ្ញវត្ថុសកលលោកនៅក្នុងឆ្នាំ២០០៨បង្កឡើងដោយធនាគារនៅក្នុងសហរដ្ឋអាមេរិក។ ជាងមួយទសវត្សរ៍ក្រោយមក សព្វថ្ងៃនេះ ប្រទេសវៀតណាមប្រឡូកក្នុងជំនួញជាមួយនឹងបរទេសកាន់តែច្រើន ដែលធ្វើឲ្យធនាគារក្នុងប្រទេសនេះកាន់តែងាយរងផលប៉ះពាល់ពីទិន្នាការសកល។ រដ្ឋាភិបាលវៀតណាមបានចាត់វិធានការនានាដើម្បីពង្រឹងសមត្ថភាពធនាគារក្នុងស្រុករបស់ខ្លួន។
ជាក់ស្តែង ប្រទេសវៀតណាមតម្រូវឲ្យធនាគារពិចារណាលើហាភិន័យបរិស្ថាន សង្គម និងអភិបាលកិច្ច ឬត្រូវបានគេស្គាល់ថា «ការវាយតម្លៃ ESG» នៅពេលពួកគេធ្វើការវិភាគហានិភ័យឥណទាន។
ធនាគាររបស់រដ្ឋក្នុងប្រទេសវៀតណាមបានដាក់ចេញគោលដៅមួយ ដោយនៅត្រឹមឆ្នាំ២០២៥ ធនាគារនីមួយៗនឹងបង្កើតនាយកដ្ឋានផ្ទាល់ខ្លួនមួយ ដែលធ្វើការផ្តោតតែលើការវាយតម្លៃ ESG តែមួយមុខគត់ ហើយធនាគារទាំងនោះនឹងត្រូវបញ្ចូលការវាយតម្លៃ ESG នេះ ទៅក្នុងការវិភាគហានិភ័យទូទៅរបស់ខ្លួន។
ធនាគារកណ្តាលរបស់វៀតណាមបានឲ្យដឹងថា ខ្លួនកំពុងបោះជំហានវិវត្តទៅមុខ។ ធនាគារកណ្ដាលរបស់វៀតណាមនេះបានសម្គាល់ថា ធនាគារចំនួន១៧នៅក្នុងប្រទេសវៀតណាមបានបង្កើតនាយកដ្ឋានសំខាន់ទាំងនេះ ដើម្បីវិភាគលើផលប៉ះពាល់ទៅលើបរិស្ថាននិងសង្គម ដែលកើតចេញពីការឲ្យខ្ចីប្រាក់របស់ពួកគេ។ ធនាគារចំនួន២៥ផ្សេងទៀតបានធ្វើការវិភាគលើផលប៉ះពាល់ទៅលើបរិស្ថាននិងសង្គមនេះរួចហើយ។ នេះបើផ្អែកតាមការស្ទង់មតិមួយកាលពីដើមឆ្នាំ២០១៩។
លោក Nguyen Quoc Hung ប្រធាននាយកដ្ឋានគោលនយោបាយឥណទានសម្រាប់វិស័យសេដ្ឋកិច្ចនៅធនាគារកណ្ដាលរបស់វៀតណាមបាននិយាយថា «ធនាគារវៀតណាមបានបង្ហាញពីការត្រៀមខ្លួនរបស់ពួកគេក្នុងការបោះជំហានទៅរករបៀបវារៈហិរញ្ញវត្ថុប្រកបដោយនិរន្តភាព ដែលមានសារៈសំខាន់ក្នុងការចាប់យកឱកាសអាជីវកម្មថ្មីៗ»។
ការជំរុញឲ្យធនាគារនិងអាជីវកម្មផ្សេងទៀតពិចារណាលើផលប៉ះពាល់របស់ពួកគេទៅលើបរិស្ថានបានបង្កើតឲ្យមានការប្រើប្រាស់ឃ្លាថ្មីៗដូចជាឃ្លា «ហិរញ្ញវត្ថុបៃតង» និង «ប័ណ្ណបំណុលបៃតង» ជាដើម។ ប៉ុន្តែតើពាក្យទាំងនេះមានន័យយ៉ាងដូចម្តេច? ឧទាហរណ៍សំខាន់មួយគឺថា ធនាគារមួយផ្តល់ប្រាក់កម្ចីដល់អាជីវកម្មតូចមួយដើម្បីផលិតចរន្តខ្យល់។ ការអភិវឌ្ឍថាមពលខ្យល់អាចនឹងត្រូវបានគេចាត់ទុកថាជាប្រយោជន៍បរិស្ថាននៅក្នុងការវិភាគហានិភ័យឥណទានរបស់ធនាគារ បន្ថែមទៅលើប្រយោជន៍សង្គមចំពោះការគាំទ្រដល់អាជីវកម្មតូចៗ ជាជាងធ្វើការជាមួយនឹងសាជីវកម្មធំៗ។
ឧទាហរណ៍នេះមានសារៈសំខាន់ណាស់សម្រាប់វៀតណាម ដោយសារតែប្រទេសនេះបានចាត់ទុកហិរញ្ញវត្ថុបៃតងជាយុទ្ធសាស្ត្រមួយនៅក្នុងការកាត់បន្ថយនិងសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ហើយវៀតណាមក៏ចាត់ទុកខ្លួនឯងថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងផលប៉ពាល់ខ្លាំងពីការគំរាមកំហែងនៃបម្រែបម្រួលអាកាសធាតុផងដែរ។
រដ្ឋាភិបាលកំពុងចាត់វិធានការដើម្បីពង្រឹងសមត្ថភាពរបស់ធនាគារក្នុងស្រុក ក្នុងនាមជាសមាជិកមួយនៅក្នុងបណ្តាញធនាគារប្រកបដោយនិរន្តភាព ឬ Sustainable Banking Network ដែលជាបណ្តាញមួយដែលមានប្រទេសកំពុងអភិវឌ្ឍន៍ចំនួន៣៨ប្រទេសជាសមាជិក។ បណ្តាញនេះជំរុញឲ្យមានការពិចារណាលើការវាយតម្លៃ ESG និងទទួលបានការគាំទ្រពីកម្មវិធីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិរបស់ធនាគារពិភពលោក។
ផលប្រយោជន៍មួយនៃបណ្តាញនេះគឺដើម្បីឲ្យប្រទេសនានាចែករំលែកការអនុវត្តល្អៗឲ្យគ្នាទៅវិញទៅមក។ នេះបើតាមការបញ្ជាក់របស់លោក Imansyah ដែលជាសហប្រធានក្រុមការងារនៃបណ្តាញធនាគារប្រកបដោយនិរន្តភាព។
លោក Imansyah និយាយថា «ការចែករំលែកមេរៀននិងចំណេះដឹងក្នុងចំណោមប្រទេសជាសមាជិកគឺជាកាតាលីករដ៏សំខាន់មួយក្នុងការធ្វើកំណែទម្រង់ហិរញ្ញវត្ថុ»។
ប្រទេសរបស់លោក រួមទាំងប្រទេសចិន កំពុងដឹកនាំបណ្តាញដែលមាន៣៨ប្រទេសនេះ ដោយបានអនុវត្តរួចហើយនូវគោលនយោបាយ ESG ជាច្រើនដែលខ្លួនបានរៀបចំឡើង ដូចជាការលើកទឹកចិត្តរបស់រដ្ឋាភិបាលសម្រាប់ការវិនិយោគដែលមិនប៉ះពាល់ដល់បរិស្ថានជាដើម។
ទោះជាយ៉ាងណាក្តី ប្រទេសវៀតណាមកំពុងតាមពីក្រោយប្រទេសផ្សេងៗក្នុងការអនុវត្តគោលនយោបាយនេះ។ ជាឧទាហរណ៍ របាយការណ៍របស់កម្មវិធីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិនៅក្នុងខែតុលាកត់សម្គាល់ថា «វៀតណាមជាប្រទេសក្នុងបណ្តាញធនាគារប្រកបដោយនិរន្តភាពមួយក្នុងចំណោមប្រទេសសមាជិកមួយចំនួនតូច ដែលតម្រូវឲ្យស្ថាប័នហិរញ្ញវត្ថុរាយការណ៍ពីចំនួននិងតម្លៃនៃប្រាក់កម្ចីបៃតងរបស់ពួកគេ»។
ក្រៅពីផលប៉ះពាល់បរិស្ថាន ក្រុមមន្ត្រីវៀតណាមក៏មានការព្រួយបារម្ភអំពីការធានាឲ្យបាននូវស្តង់ដាសង្គមនិងអភិបាលកិច្ចសម្រាប់ធនាគារក្នុងប្រទេសវៀតណាមផងដែរ ដោយសារតែធនាគារនៅក្នុងប្រទេសនេះមានប្រវត្តិរៀបចំក្រុមប្រឹក្សាភិបាលអាជីវកម្ម និងកម្មសិទ្ធិរួមគ្នាដ៏ស្មុគស្មាញ ដែលអាចបង្កើតឲ្យមានទំនាស់ផលប្រយោជន៍។ រដ្ឋាភិបាលមានបំណងចង់ដោះស្រាយបញ្ហាទាំងនោះ។ រដ្ឋាភិបាលក៏បានលុបចោលបន្ទុកលើបំណុលមិនសងផងដែរ។ បំណុលមិនសងនេះអាចជាការគំរាមកំហែងដល់ស្ថិរភាពក្នុងវិស័យធនាគារ។
ចំពោះធនាគារវៀតណាម ផលប៉ះពាល់សង្គមកាន់តែមានការពិបាកក្នុងការវាស់ស្ទង់។ ពួកគេអាចធ្វើតាមធនាគារជាដៃគូនៅសហរដ្ឋអាមេរិក ដែលមិនបានវិភាគឲ្យបានពេញលេញលើហានិភ័យសង្គមនៃការដាក់បញ្ចាំច្រើនហួសហេតុ ដែលបានក្លាយជាផលិតផលហិរញ្ញវត្ថុសម្រាប់អ្នកវិនិយោគនៅមុនឆ្នាំ២០០៨។ ការខកខានមិនគោរពតាមលក្ខខណ្ឌនៃការបញ្ចាំទាំងនោះនឹងបណ្តាលឲ្យមានវិបត្តិហិរញ្ញវត្ថុសកល ដែលបង្កជាផលប៉ះពាល់ដល់សង្គម ដែលធនាគារវៀតណាមចង់ចៀសវាង៕