ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្រីលង្កា​ដែល​ក្ស័យធន​បាន​សុំ​ឲ្យ​ពលរដ្ឋ​​​​​ខ្លួន​នៅ​ក្រៅ​ប្រទេស​​ផ្ញើ​ប្រាក់​ជួយ​ប្រទេស​ជាតិ


ពលរដ្ឋ​ស្រីលង្កា​តម្រង់​ជួរ​នៅ​ជិត​ស្ថានីយ​ប្រេងសាំង​មួយ​កន្លែង​ដើម្បី​ទិញ​ប្រេងកាត​នៅ​ទី​ក្រុង​កូឡុំបូ កាល​ពី​ថ្ងៃ​១២ ខែ​មេសា ឆ្នាំ​២០២២។ (AP)
ពលរដ្ឋ​ស្រីលង្កា​តម្រង់​ជួរ​នៅ​ជិត​ស្ថានីយ​ប្រេងសាំង​មួយ​កន្លែង​ដើម្បី​ទិញ​ប្រេងកាត​នៅ​ទី​ក្រុង​កូឡុំបូ កាល​ពី​ថ្ងៃ​១២ ខែ​មេសា ឆ្នាំ​២០២២។ (AP)

ប្រទេស​ស្រីលង្កា​នៅ​ថ្ងៃ​ពុធ បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួនដែល​រស់​នៅ​ក្រៅប្រទេស ជួយផ្ញើ​ប្រាក់​មក​កាន់​ប្រទេសរបស់​ខ្លួន​ដើម្បី​ជួយ​ទិញស្បៀង​អាហារ​ចាំបាច់​នានា​និង​ប្រេង​ឥន្ធនៈ​ បន្ទាប់​ពី​បាន​ប្រកាស​ថា ខ្លួន​លែង​មាន​លទ្ធភាព​អាច​បង់​ប្រាក់​បំណុល​បរទេស​ដែល​មាន​ចំនួន​ប្រមាណ​៥១​ពាន់​លាន​ដុល្លារ​នោះទៀត​ហើយ។ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់ទីភ្នាក់ងារ​ព័ត៌មាន AFP។

ស្រីលង្កា​កំពុង​ស្ថិត​នៅ​ក្នុងវិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់​ធ្ងរ​បំផុត ចាប់តាំង​ពី​ទទួល​បាន​ឯករាជ្យ​កាល​ពី​ឆ្នាំ​១៩៤៨​មក ដោយខ្វះ​ខាត​ជា​ខ្លាំង​នូវ​ទំនិញ​សំខាន់ៗ​និង​ការ​ដាច់​ចរន្ត​អគ្គិសនី​ជា​ប្រចាំ​នោះ​ បាន​បណ្តាល​ឲ្យ​មាន​ការ​លំបាក​កាន់តែ​ខ្លាំង​ឡើង។

អាជ្ញាធរ​ស្រីលង្កា កំពុង​ប្រឈម​នឹង​ការ​ខឹង​សម្បា​ពីសាធារណជន ​ហើយមាន​ការប្រឆាំង​តវ៉ា​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចុះ​ចេញ​ពី​តំណែង​នៅ​មុន​ការ​ចរចា​ឲ្យ​មាន​ការផ្តល់​ថវិកា​សង្គ្រោះ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ។

ប្រធាន​ធនាគារ​ជាតិស្រីលង្កាលោក Nandalal Weerasinghe បាន​និយាយ​ថា លោក​ត្រូវការឲ្យ ពលរដ្ឋ​ស្រីលង្កា​នៅ​ក្រៅ​ប្រទេស​ជួយប្រទេស​របស់ខ្លួននៅ​ក្នុង​កាលៈទេសៈ​ដ៏​សំខាន់​នេះ​ ដោយ​ការផ្តល់​ប្រាក់របស់​គេ​ជា​រូបិយបណ្ណ​បរទេស​ដែល​ត្រូវ​ការជា​ចាំបាច់​នេះ»។

ការអំពាវនាវ​របស់​លោក កើត​មាន​ឡើងមួយ​ថ្ងៃ​បន្ទាប់​ពីរដ្ឋាភិបាល​ស្រីលង្កា​បាន​ប្រកាស​ថា​ ខ្លួន​នឹង​ផ្អាក​ការបង់បំណុលបរទេស​ទាំង​អស់​ដើម្បី​ទុក​ប្រាក់​ខ្លះ​សម្រាប់​ចំណាយ​ទៅ​លើការផ្គត់ផ្គង់​ប្រេង​ឥន្ធនៈ ថ្នាំ​សង្កូវ​និងរបស់របរ​ចាំបាច់​ផ្សេងៗ​មួយ​ចំនួន​ទៀត​ដែល​កំពុង​មាន​ការ​ខ្វះខាតនោះ។​

ប្រធាន​ធនាគារ​ជាតិ​រូប​នេះ ក៏​បាន​បញ្ជក់​ផង​ដែរ​ថា លោក​បាន​បង្កើត​ខ្ទង់​គណនី​ធនាគារមួយ​ចំនួន​សម្រាប់ថវិកាជួយ​ឧបត្ថម្ភ​ពី​ពលរដ្ឋ​ស្រីលង្កា​ ដែល​កំពុង​រស់​នៅ​សហរដ្ឋអាមេរិក ចក្រ ភព​អង់គ្លេស​និង​ប្រទេស​អាល្លឺម៉ង់​ ​ដោយ​លោក​បាន​សន្យា​ថា ប្រាក់​ដែល​ពលរដ្ឋ​ស្រីលង្កា​ផ្ញើ​ពី​បរទេស​មក​នោះ​ នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​លើតម្រូវការ​សំខាន់ៗ​ខ្លាំងបំ​ផុត។​

ប្រធាន​ធនាគារ​ជាតិស្រីលង្កា​រូប​នេះ​ បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ថា ធនាគារ​ជាតិ​ នឹង​ធានាថា ការ​បញ្ជូន​ប្រាក់​ឧបត្ថម្ភ​ជា​រូបិយបណ្ណ​បរទេស នឹង​យក​ទៅ​ទិញទំនិញ​ចាំបាច់​នានា​ដូច​ជា​ម្ហូបអាហារ ប្រេង​និង​ថ្នាំសង្កូវ​ជា​ដើម។ ការប្រកាស​មិន​បង់ថ្លៃ​បំណុល​បរទេសកាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ នឹង​ជួយ​ស្រីលង្កាសន្សំ​ប្រាក់បាន​២០០លាន​ដុល្លារ​ពី​ការ​បង់​ថ្លៃ​ការ​ប្រាក់​ដែល​ត្រូវ​ផុតកំណត់កាល​ពី​ថ្ងៃ​ចន្ទ​ ដោយ​លោក​បន្ថែម​ថា ទឹក​ប្រាក់​ដែលសន្សំ​បាន​នេះ​ នឹង​ត្រូវ​យក​ទៅ​ចំណាយ​លើការ​នាំចូល​ទំនិញដែល​ចាំបាច់​នានា។

ការអំពាវនាវ​របស់​ប្រធាន​ធនាគារជាតិ​ស្រីលង្កា​រូប​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្រីលង្កា​នៅ​ក្រៅ​ប្រទេស​ជា​ច្រើន​ នៅ​មាន​ភាព​មន្ទិល​សង្ស័យ​នៅ​ឡើយ។

វេជ្ជបណ្ឌិត​ស្រីលង្កា​មួយ​រូប​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ហើយ​ដែល​សុំ​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះនោះ បាន​និយាយថា៖ «វា​មិន​អីនោះ​ទេ​ក្នុង​ការ​ជួយ ប៉ុន្តែ​យើង​មិន​អាច​ទុក​ចិត្ត​ទៅ​លើ​រដ្ឋាភិបាល​ស្រីលង្កា​នោះ​ឡើយ​ ជាមួយ​នឹង​ប្រាក់​ដែល​យើង​ផ្ញើ​ទៅ​នោះ»។

ដោយ​ឡែក​ពលរដ្ឋ​ស្រីលង្កា​ម្នាក់ទៀត​ ដែល​ជាវិស្វករ​កម្មវិធី Software កុំព្យូទ័រ​និង​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កាណាដា​និយាយ​ថា លោក​គ្មាន​ជំនឿ​ចិត្ត​នោះ​ទេ​ដែល​លុយដែល​ត្រូវ​ផ្ញើ​ទៅ​ជួយ​នោះ​ នឹង​ត្រូវ​គេ​យក​ទៅ​ប្រើ​ប្រាស់ ​ទៅ​លើ​របស់​របរ​ដែល​ត្រូវ​ការ​ជា​ចាំបាច់​នោះ៕

XS
SM
MD
LG