ក្រុមអ្នកធ្វើការក្នុងក្រុងបាងកកត្រូវបានប្រាប់ឱ្យធ្វើការពីផ្ទះ ដើម្បីចៀសវាងពីខ្យល់កខ្វក់ នៅពេលមានអ័ព្ទពីលើរាជធានីប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
អាជ្ញាធរក្រុងនេះបានសុំឱ្យមានកិច្ចសហប្រតិបត្តិការពីក្រុមនយោជកដើម្បីជួយអ្នកធ្វើការនៅក្នុងក្រុងនេះ ដែលមានប្រជារាស្ត្រ ១១ លាននាក់ ចៀសវាងពីខ្យល់កខ្វក់ដែលត្រូវរំពឹងថានឹងមានរហូតដល់ថ្ងៃសុក្រ។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ គេហទំព័រឃ្លាំមើលខ្យល់ IQAir បានចាត់ទុកក្រុងបាងកកថា ស្ថិតក្នុងចំណោមក្រុង ១០ មានខ្យល់កខ្វក់បំផុតក្នុងពិភពលោក។
បើតាម IQAir កម្រិតនៃចុណ្ណភាគ PM2.5 ដែលនាំឱ្យមានគ្រោះថ្នាក់បំផុត ដែលតូចល្អិតអាចចូលក្នុងឈាមបាន មាន ១៥ ដងច្រើនជាងការណែនាំប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក។
អភិបាលក្រុងបាងកកលោក Chadchart Sittipunt បាននិយាយកាលពីយប់ថ្ងៃពុធថា ក្រុមបុគ្គលិកទាំងអស់ក្នុងក្រុងនេះអាចធ្វើការពីផ្ទះ នៅថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្របាន។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំសុំឱ្យមានការសហការពីបណ្តាញ BMA នៃក្រុមហ៊ុននិងអង្គការប្រមាណ ១៥១ ទាំងការិយាល័យរដ្ឋាភិបាលនិងវិស័យឯកជន» ដោយលោកបានបន្ថែមថា មនុស្សជាង៦ម៉ឺននាក់រងផលប៉ះពាល់។
ពាក្យ BMA ជាអក្សរកាត់នៃពាក្យថា រដ្ឋបាលក្រុងបាងកក។
លោក Chadchart បានថ្លែងថា សង្កាត់យ៉ាងតិចណាស់ ២០ នៃសង្កាត់ទាំងអស់ ៥០ របស់ក្រុងបាងកក ត្រូវរំពឹងថានឹងមានកម្រិតកម្ទេចចុណ្ណភាគល្អិតៗ PM2.5 នាំឱ្យខូចសុខភាពហើយញ្ហានេះអាចមានតទៅទៀតដោយសារធាតុអាកាសស្ងប់ស្ងៀម។
គុណភាពខ្យល់នៅប្រទេសថៃតែងធ្លាក់ចុះថយនៅខែដំបូងៗនៃឆ្នាំ ដោយសារមានផ្សែងបណ្តាលមកពីកសិករដុតជញ្ជ្រាំងក្នុងវាលស្រែមានបន្ថែមលើការសាយភាយឧស្សាហកម្មនិងផ្សែងរថយន្តផងដែរ។
ក្រុងបាងកកនិងក្រុងឈៀងម៉ៃ (Chiang Mai) នាផ្នែកខាងជើងប្រទេសស្ថិតក្នុងចំណោមក្រុងមានខ្យល់កខ្វក់បំផុតក្នុងពិភពលោក ក្នុងថ្ងៃមួយចំនួនកាលពីឆ្នាំ ២០២៣។
វិបត្តិសុខភាពសាធារណៈមួយបាននិងកំពុងកើតមានឡើងដោយសារបញ្ហានេះ ដោយមានប្រជារាស្ត្រតិចណាស់ពីរលាននាក់នៅក្នុងប្រទេសថៃ ត្រូវការការព្យាបាលសុខភាពដោយសារខ្យល់កខ្វក់ក្នុងឆ្នាំ ២០២៣។
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Srettha Thavisin ដែលឡើងកាន់អំណាចកាលពីខែសីហា បានសន្យាថា នឹងដោះស្រាយបញ្ហាខ្យល់កខ្វក់ជា«របៀបវារៈជាតិ»ហើយសេចក្តីព្រាងច្បាប់ស្តីពីខ្យល់ស្អាតបានទទួលការគាំទ្រពីគណៈរដ្ឋមន្ត្រីកាលពីខែមុន។
តែបញ្ហានៅតែមានតទៅទៀត ហើយកាលពីខែមុន តុលាការមួយនៅក្រុងឈៀងម៉ៃ (Chiang Mai) បានបញ្ជាដល់រដ្ឋាភិបាលថៃឱ្យមានផែនការបន្ទាន់មួយដើម្បីដោះស្រាយបញ្ហាខ្យល់កខ្វក់ក្នុងរយៈពេល៩០ថ្ងៃ៕
វេទិកាបញ្ចេញមតិ