ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីប្រជុំជន​ចិនថ្មី ឬ Chinatown ថ្មី​នៅ​ទីក្រុង​បាងកក​បង្ហាញ​ពី​ការ​ប្រែប្រួល​សេដ្ឋកិច្ច​បែប​ចម្រុះ


ផ្លូវ Prachrat Bamphen ក្នុងសង្កាត់ Huay Khwang នៅទីក្រុងបាងកក ប្រទេសថៃបានក្លាយជាកន្លែងដែលជនជាតិចិនចូលចិត្ត។ ( Patpon Sabpaitoon/VOA)
ផ្លូវ Prachrat Bamphen ក្នុងសង្កាត់ Huay Khwang នៅទីក្រុងបាងកក ប្រទេសថៃបានក្លាយជាកន្លែងដែលជនជាតិចិនចូលចិត្ត។ ( Patpon Sabpaitoon/VOA)

នៅ​ពេល​ថ្ងៃ​រៀប​លិច សង្កាត់​ Huai Khwang ក្នុង​រាជធានី​បាងកក​ ចាប់​ផ្តើម​មាន​ភាព​រស់រវើក​ ដោយ​គេ​ឃើញ​អ្នក​ថ្មើរជើង​និយាយ​ភាសា​ចិន​ ប្រញាប់ប្រញាល់​ធ្វើ​ដំណើរ​ទៅ​កាន់​ភោជនីយដ្ឋាន​ស៊ុប​ក្តៅ​ ដែល​ពួក​គេ​ចូលចិត្ត​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ Pracharat Bamphen។

ការ​ដើរ​ប្រញាប់​ប្រញាល់នៃ​ហ្វូង​មនុស្ស​ដែលឃ្លាន​អាហារ​ ​ជា​សញ្ញា​បញ្ជាក់​ពី​បែប​ផែន​នៃជនជាតិ​ចិន​ដែល​បានមក​ដល់​ប្រទេស​ថៃ កំពុង​ប្រែ​ផ្លាស់​តំបន់​រស់នៅ​ទំហំ​ ១៥​គីឡូម៉ែត្រ​ការ៉េ​ នៅ​ភាគ​ខាង​កើត​រាជធានីបាងកក​ ហើយ​ការ​មក​ដល់​ថ្មីៗ​នៃ​ក្រុម​អ្នក​ទេសចរ​ទាំង​នេះកំពុង​បង្ហាញ​ពី​ស្ថានភាព​ ដូច​មុន​ពេលវិបត្តិ​ជំងឺ​កូវីដ១៩​ ផង​ដែរ។

ដោយ​មាន​ស្ថានទូត​ចិន​ស្ថិតនៅ​សង្កាត់​ Din Daeng ក្បែរ​នោះ ​ដែល​កំពុង​បង្ហាញ​ការ​ទាក់ទាញ​ដូច​សង្កាត់ Huai Khwang ផង​ដែរ ពលរដ្ឋ​ថៃនៅ​ពេលនេះ​បាន​ហៅ​តំបន់​នេះ​ថា​ជា «ទី​ប្រជុំជន​ចិន​ថ្មី ឬ Chinatown ថ្មី»។ អ្នកខ្លះ​បាន​ប្រដូច​សង្កាត់ Huai Khwang ​ទៅ​នឹង​តំបន់​រដ្ឋបាល​ពិសេស​របស់​ប្រទេសចិន ដូចជា​ក្រុង​ហុងកុង​ ឬ​កោះ​ម៉ាកាវ​ ដែល​គេ​និយម​ហៅ​ថា​ «Taiguo» ។

បើ​ទោះ​បីប្រទេស​ថៃ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​របស់​ខ្លួន​ឬ​សង្ក្រាន្ត​ នៅ​ថ្ងៃ​ទី១៣ ខែ​មេសា​ក៏​ដោយ ​ក៏​មន្ត្រី​សង្កាត់ Huai Khwang បាន​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ចិន​នៅ​ថ្ងៃ​ទី១៩ ខែ​មករា​ ដើម្បី​ទទួល​ស្គាល់​ប្រជា​សាស្រ្ត​ដែល​កំពុង​ផ្លាស់​ប្តូរ។

​អ្នក​វិភាគ​និយាយ​ថា ការ​ផ្លាស់ប្តូរ​ក៏​មាន​មក​ជាមួយ​នឹង​បញ្ហា​ប្រឈម​ខ្លះ​ផង​ដែរ។ ការកើន​ឡើង​តម្លៃ​ជួល​និង​តម្លៃ​អចលនទ្រព្យ​សម្រាប់​ការរស់នៅ​និង​ការធ្វើ​អាជីវកម្ម​ ឆ្លុះ​បញ្ចាំង​ពី​ការ​មក​ដល់​នៃ​ជន​អន្តោប្រវេសន៍ចិន​ ដែល​ហ៊ាន​ឬ​អាច​ចំណាយ​ខ្ពស់​ជាង​ពលរដ្ឋ​ថៃ​ម្ចាស់​ស្រុក ដែល​មួយ​ចំនួន​កំពុង​ប្រឈម​នឹង​បញ្ហាចំណាយ​លើ​កន្លែង​ស្នាក់​នៅរបស់​ពួក​គេ។​

អ្នក​ស្រី​ Patcharee Pabua ​វ័យ​ ៤២​ឆ្នាំ​ ជា​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាលមួយ ដែល​បាន​រស់នៅ​និង​ធ្វើ​ការ​ក្នុង​សង្កាត់ Huai Khwang អស់​រយៈពេល​ជាង​ប្រាំពីរ​ឆ្នាំ​មក​ហើយ។ អ្នកស្រី​បាន​ឃើញ​សង្កាត់​នេះ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ នៅ​មុន​ពេល​ ​ក្នុង​អំឡុងពេល​ និង​ក្រោយ​ពេល​វិបត្តិ​ជំងឺ​កូវីដ១៩​ ស្រប​ពេលតំបន់​នេះ​បាន​ប្រែផ្លាស់​ពី​តំបន់​ពលរដ្ឋ​ថៃ​រស់នៅ​ ទៅ​ជា​ទី​ប្រជុំជន​ចិន​វិញ។

អ្នកស្រី​បាន​ថ្លែង​ថា៖ «នៅ​ពេល​វិបត្តិ​ជំងឺ​កូវីដ១៩ បាន​កើត​ឡើង​ ជនជាតិ​ចិន​ជាច្រើនបាន​វិលត្រឡប់​ទៅ​កាន់​ប្រទេស​ខ្លួនវិញ ហើយ​អាជីវកម្ម​ក្រោម​កម្មសិទ្ធិ​របស់​ជនជាតិ​ចិន​ត្រូវបាន​បិទ​ទ្វារ។ ប៉ុន្តែ​ពួកគេ​បាន​វិលត្រឡប់​មក​វិញ​ នៅ​ពេល​ស្ថានភាព​ជំងឺ​កូវីដ១៩​បាន​ធូរ​ស្បើយ​ឡើង​វិញ។ ពេល​នេះ​គេ​កម្រឃើញ​ភោជនីយដ្ឋាន​ថៃ​ស្ថិតតាម​បណ្តោយ​ផ្លូវ​ Pracharat Bamphen ណាស់ ​គឺ​ភាគ​ច្រើន​មាន​សុទ្ធតែ​ភោជនីយដ្ឋាន​ចិន»។

នៅតាមដងផ្លូវ Prachrat Bamphen ក្នុងសង្កាត់ Huay Kwang នៃទីក្រុងបាងកក ប្រទេសថៃ ពោរពេញទៅដោយអាជីវកម្មដែលបម្រើសេវាដល់ជនជាតិចិន ដោយមានដាក់ផ្លាកយីហោជាភាសាចិន។ ( Patpon Sabpaitoon/VOA)
នៅតាមដងផ្លូវ Prachrat Bamphen ក្នុងសង្កាត់ Huay Kwang នៃទីក្រុងបាងកក ប្រទេសថៃ ពោរពេញទៅដោយអាជីវកម្មដែលបម្រើសេវាដល់ជនជាតិចិន ដោយមានដាក់ផ្លាកយីហោជាភាសាចិន។ ( Patpon Sabpaitoon/VOA)

ការ​មក​ដល់​នៃ​អាជីវកម្ម​ចិន​ជា​ច្រើន ដែល​សឹង​តែ​ទាំងអស់​សហការ​ដៃ​គូ​ជាមួយ​ជនជាតិ​ថៃ ដើម្បី​បំពេញ​តាម​លក្ខខណ្ឌរឹតត្បិត​លើ​កម្មសិទ្ធិ​ដោយ​បរទេស បាន​បង្ក​ឱ្យ​តម្លៃ​ជួលឡើង​ថ្លៃ​ខ្ពស់។

ដោយ​មិន​អាច​ប្រកួត​ប្រជែង​នឹង​ជនជាតិ​ចិន​ដែល​មាន​ថវិកា​ច្រើន​ ម្ចាស់​អាជីវកម្ម​ថៃ​ជាច្រើន ដែល​មិន​អាច​បង់​ថ្លៃ​ជួល​ខ្ពស់​បាន​ ត្រូវ​បង្ខំចិត្ត​បិទ​អាជីវកម្ម​របស់​ខ្លួន។ មាន​តែ​ពលរដ្ឋ​ថៃបើក​តូប​ឬ​ស្តង់​លក់​អាហារ​រាយរងប៉ុណ្ណោះដែល​មិន​ត្រូវ​ការ​ជួល​ដី អាច​នៅបន្ត​អាជីវកម្ម​របស់​ខ្លួន។ នេះ​បើ​យោង​តាមការ​លើក​ឡើង​របស់​ពលរដ្ឋមួយ​ចំនួន​ ដែល​បាន​រស់​នៅ​ក្នុង​សង្កាត់ Huai Khwang ជា​យូរ​មក​ហើយ។

អ្នក​ស្រី Pabua​ បាន​និយាយ​ថា ការ​ឡើង​ថ្លៃ​គឺផ្តោត​សំខាន់លើ​តម្លៃ​អគារ​ខុនដូ។ អ្នកស្រី​បាន​បន្ត​ថា ពលរដ្ឋ​ថៃ​នៅ​តែ​មាន​លទ្ធភាព​ចំណាយ​លើ​អគារ​ស្នាក់នៅ​លំដាប់​ទាប​ជាង​នេះ​ ដោយ​ថ្លៃ​ជួល​ប្រចាំ​ខែ​មាន​រវាង​ពី ៣ពាន់ ទៅ​ ១ម៉ឺនបាត​ ឬ​ប្រហែល​ពី​ ៨២ដុល្លារ ទៅ ​២៧៣​ដុល្លារ។

​តម្លៃ​នេះ​គឺ​សមល្មម​សម្រាប់​ពលរដ្ឋ​ថៃ​មួយ​ចំនួន​ ដែល​ប្រាក់​ចំណូល​មធ្យមប្រចាំ​ខែរបស់​គេ​ មាន​ប្រហែល​ ៣៨២​ដុល្លារ។ នេះ​បើ​យោង​ទៅ​តាម​ស្ថិតិ​របស់មន្ទីរ​ការងារ​ថៃ។ អ្នកស្រី​ Pabua បាន​ប៉ាន់​ប្រមាណ​ថា​ តម្លៃ​នេះ​ក៏​បាន​ទាក់ទាញ​ជនជាតិ​ចិន​ ដែលមាន​ចំនួនប្រហែល​ ៥០ភាគរយ​នៃ​អ្នក​រស់​នៅ​ក្នុងបរិវេណ​អគារ​ជួល​របស់​អ្នកស្រី​ផង​ដែរ។

ការ​ជួល​អគារ​ខុនដូ​នៅ​ក្រុង​បាងកក​ ដែល​បាន​ថយ​ចុះ​អំឡុងពេល​វិបត្តិ​ជំងឺ​កូវីដ១៩​ នោះ ពេល​នេះ​ បាន​ហក់ឡើង​ដល់​កម្រិត​ខ្ពស់​ថ្មី​មួយ។ ទិន្នន័យ​ពី​គេហទំព័រ​អចលនទ្រព្យ​ The List ​ដែល​ផ្សព្វផ្សាយ​សម្រាប់ខែ​កុម្ភៈ​ ឆ្នាំ​ ២០២០​ បាន​បង្ហាញ​ថា តម្លៃ​ជួល​មធ្យម​ប្រចាំ​ខែ​នៅ​សង្កាត់ Huai Khwang គឺ​ថ្លៃ ​៤០៩​ដុល្លារ។ មក​ដល់​ថ្ងៃ​ទី១ ខែ​ឧសភា ឆ្នាំ​២០២៣ ​នេះ តម្លៃ​ជួល​សម្រាប់​គ្រប់​អគារ​ខុនដូ​នៅក្នុង​សង្កាត់ Huai Khwang នេះ​ ​ជា​មធ្យ​មាន​តម្លៃ​ប្រហែល​ ៦២២​ដុល្លារ ក្នុង​មួយ​ខែ។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​ Dotproperty។

​អតីត​ភ្នាក់ងារ​ផ្នែក​អចលនទ្រព្យ​លោក Chitipat Inna ដែល​មាន​ជំនាញ​ផ្នែកអចលនទ្រព្យ​ក្នុង​សង្កាត់ Huai Khwang និង​តំបន់​ក្បែរ​នោះ​ បាន​និយាយ​ថា អតិថិជន​ភាគច្រើន​របស់​លោក​ គឺ​ជា​ជនជាតិ​ចិន​ ដែល​ជា​រឿយៗ​ស្វែង​រក​ការ​ជួល​រយៈ​ពេល​ខ្លី​ ពី​បី​ទៅ​ប្រាំ​មួយ​ខែ​។

អ្នក​ជួលជនជាតិ​ចិន​ហាក់​ដូចជា​មិន​អល់អែកនឹង​តម្លៃ​កើន​ឡើង​ខ្ពស់នោះ​ទេ។ អ្នកស្រី​ Pabua ដែល​តម្លៃ​ជួល​អាគារ​របស់​អ្នកស្រី​នៅ​សង្កាត់ Huai Kwang មាន​តម្លៃ​ ១៣៦​ដុល្លារ​ក្នុង​មួយ​ខែ​ បាន​និយាយ​ថា៖ «មិនមែន​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ ដែល​អ្នក​ជួល​អគារ​ខុនដូ​ភាគច្រើន​ជា​ជនជាតិ​ចិន​ ដោយសារពួកគេ​ជា​រឿយៗ​មាន​ថវិកា​ច្រើនសម្រាប់​កន្លែង​ស្នាក់​នៅ។ ពលរដ្ឋ​ថៃជា​ច្រើនមិន​មាន​លទ្ធភាព​ជួល​ក្នុង​តម្លៃ​ខ្ពស់​ដូចនេះ​ទេ»៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG