លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៃប្រទេសកម្ពុជា និងលោកបាន់ គីមូនបានជួបប្រជុំគ្នាក្នុងប្រទេសភូមា ក្រៅកិច្ចប្រជុំកំពូលអាស៊ាន កាលពីថ្ងៃពុធ ខណៈដែលមេដឹកនាំទាំងពីរកំពុងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ ភាគីទាំងពីរបានពិភាក្សាគ្នាលើបញ្ហាជាច្រើន រួមទាំងបញ្ហាកិច្ចសហប្រតិបត្តិការរវាងអ.ស.ប.និងអាស៊ាន និងបញ្ហាសាលាក្តីខ្មែរក្រហម។
មេដឹកនាំខ្មែរ គឺលោកហ៊ុន សែន និងលោកអគ្គលេខាធិការអ.ស.ប.បាន់ គីមូន (Ban Ki-Moon) បានជួបពិភាក្សាគ្នានៅក្នុងទីក្រុង Nay Pyi Taw ប្រទេសភូមា ក្នុងពេលមេដឹកនាំទាំងពីរចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២៥ កាលពីថ្ងៃពុធ។ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ អាស៊ាន និងពិភាក្សាគ្នាអំពីសាលាក្តីកាត់ទោសខ្មែរក្រហម ដែលកំពុងខ្វះថវិកាផងដែរ។
អ្នកនាំពាក្យអ.ស.ប.ក្នុងបូរីញូវយ៉កគឺលោកស្រីអៀរី កានិកុ (Eri Kaneko) បាន បញ្ជាក់អំពីជំនួបនៃភាគីទាំងពីរ៖
«ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីដៃគូអាស៊ាន និងអ.ស.ប. ដោយបានយល់ព្រមលើតម្រូវការទៅមុខ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ។ មេដឹកនាំទាំងពីរបានពិភាក្សាផងដែរអំពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ECCC ឬសាលាក្តីខ្មែរក្រហម។ លោកអគ្គលេខាធិការអ.ស.ប.បានអរគុណដល់លោក នាយករដ្ឋមន្ត្រីហ៊ុន សែនចំពោះការចំណាយរបស់រដ្ឋាភិបាលកម្ពុជាចំពោះ ប្រាក់ខែបុគ្គលិកជាតិ ដែលធ្វើការក្នុងសាលាក្តីខ្មែរក្រហម ហើយបានស្នើឲ្យបន្តការគាំទ្រដល់សាលាក្តីខ្មែរក្រហមក្នុងឆ្នាំ២០១៥»។
សាលាក្តីខ្មែរក្រហមកំពុងកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមវ័យចំណាស់ ជាង៨០ឆ្នាំពីរនាក់គឺនួន ជា និងខៀវ សំផនពីបទឧក្រិដ្ឋកម្មជាច្រើន រួមទាំងឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋប្រល័យពូជសាសន៍ជាដើម ដែលពាក់ព័ន្ធនឹងការកាប់សម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ជាង១លាន៧សែននាក់ក្នុងទសវត្សរ៍១៩៧០។
ពីខែតុលាដល់ដំណាច់ឆ្នាំ សាលាក្តីខ្មែរក្រហមភាគីកម្ពុជាខ្វះខាតថវិកាជាង១លានដុល្លារ និងមានបញ្ហាខ្វះថវិកាឆ្នាំ២០១៥សម្រាប់ភាគីអន្តរជាតិក្នុងពេលដែលសាលាក្តីនេះត្រូវគេរិះគន់ថា មានដំណើរការយឺតយ៉ាវផ្នែកនីតិវិធី។
លោកនេត ភក្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានអះអាងថា ការផ្តល់ជំនួយពីភាគីកម្ពុជាជាង១លានដុល្លារស.រ.អា.ជាសញ្ញាវិជ្ជមាន និងបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រសាលាក្តីខ្មែរក្រហម។
«ហើយថវិកាចំនួន១.១៥០.០០០ដុល្លារនេះគឺនឹងអាចឲ្យភាគីជាតិដំណើរការចប់ឆ្នាំ២០១៤ ហើយថវិកានេះនឹងប្រើប្រាស់សម្រាប់ប្រាក់បៀវត្សរ៍មន្ត្រី បុគ្គលិកជាតិពីខែតុលាដល់ខែធ្នូ»។
លោកថ្លែងថា ថ្វីដ្បិតតែថវិកានេះអាចឲ្យសាលាក្តីបានដំណើរការចប់ដល់ចុង ឆ្នាំមែន តែនៅឆ្នាំ២០១៥ សាលាក្តីនេះត្រូវការថវិកាជាង២៦លានដុល្លារទៀត ដែលភាគីជាតិត្រូវការជាង៥លានដុល្លារ និងភាគីអន្តរជាតិត្រូវការជាង២០លានដុល្លារ។ លោកបានអំពាវនាវឲ្យសហគមន៍អន្តរជាតិផ្តល់ការគាំទ្រជាថវិកាសម្រាប់ឆ្នាំខាងមុខ។
លោកឡាត់ គី បុគ្គលិកអង្គការសិទ្ធិមនុស្សអាដហុក និងជាអ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហម បានថ្លែងថា អ.ស.ប.និងកម្ពុជាត្រូវរិះរកយន្តការធានាបញ្ហាថវិកានេះឲ្យបានពិតប្រាកដ ដើម្បីឲ្យសាលាក្តីទទួលបានកញ្ចប់ថវិកាជាក់លាក់ និងបញ្ជៀសកង្វះថវិកាដដែលៗនេះ។
«អញ្ចឹងសម្រាប់ខ្ញុំ ខ្ញុំកត់សម្គាល់ឃើញថា ការសន្យាទាំងឡាយហាក់បីដូចជាគ្រាន់តែជាការសន្យាការទូត ដែលការណ៍ពិតជាក់ស្តែង កង្វះថវិកានៅតែជាកង្វះខ្វះខាតដដែល»។
ក្រុមប្រទេសជាមិត្តរបស់កម្ពុជា និងក្រុមប្រទេសដែលចាប់អារម្មណ៍នឹងសាលាក្តីខ្មែរក្រហម បានសន្យាជាហូរហែថា នឹងផ្តល់ថវិកាដល់សាលាក្តីនេះឲ្យដំណើរការបាន តែការផ្តល់ថវិកាជាក់ស្តែងហាក់ដូចជាមិនទាន់កើតមានជាប់លាប់ទេ៕