ការប្រយុទ្ធអស់រយៈពេលរាប់ខែកន្លងមកនេះរវាងកងទ័ពរុស្ស៊ីនិងកងទ័ពអ៊ុយក្រែនដើម្បីគ្រប់គ្រងទីក្រុង Bakhmut នៅភាគខាងកើតប្រទេសអ៊ុយក្រែន មានសភាពកាន់តែខ្លាំងក្លាឡើងនៅថ្ងៃចន្ទនេះ។ នេះបើយោងតាមការបញ្ជាក់របស់ភាគីទាំងពីរ។
យោធាអ៊ុយក្រែនបានលើកឡើងថា ខ្លួនបានប្រើកាំភ្លើងធំ រថក្រោះ និងសព្វាវុធផ្សេងទៀតដើម្បីវាយរុញច្រានការប៉ុនប៉ងរបស់រុស្ស៊ីនៅក្នុងការដណ្ដើមកាន់កាប់ទីក្រុង Bakhmut។
ក្រសួងការពារជាតិចក្រភពអង់គ្លេសបានធ្វើការវាយតម្លៃក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះថា ក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ីបានត្រួតត្រាផ្នែកភាគច្រើននៃតំបន់ភាគខាងកើតនៃទីក្រុង Bakhmut ចំណែកឯកងទ័ពអ៊ុយក្រែនវិញត្រួតត្រានៅភាគខាងលិច។
ស្ថាបនិកក្រុមទាហាន Wagner របស់រុស្ស៊ីលោក Yevgeny Prigozhin បានរៀបរាប់ស្ថានការណ៍នេះកាលពីថ្ងៃអាទិត្យថាមានសភាព «តានតឹងខ្លាំង» ដោយការប្រយុទ្ធគឺកាន់តែលំបាកទៅៗនៅពេលដែលកងកម្លាំងរបស់លោកចូលកាន់តែកៀកទៅចំណុចកណ្ដាលនៃទីក្រុង Bakhmut។
រុស្ស៊ីបានដៅគោលដៅវាយប្រហារលើទីក្រុង Bakhmut ថាជាផ្នែកសំខាន់មួយនៃគោលបំណងដ៏ធំរបស់ខ្លួននៅក្នុងការដណ្ដើមកាន់កាប់តំបន់ Donbas។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានសន្យាការពារទីក្រុង Bakhmut។ ចំណែកឯសម្ព័ន្ធមិត្តមួយចំនួន ដែលក្នុងនោះរួមមានទាំងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin និងអគ្គលេខាធិការអង្គការអូតង់ (NATO) លោក Jens Stoltenberg ផងដែរបានរំឭកថា ការបរាជ័យរបស់អ៊ុយក្រែនមួយមិនមែនជាចំណុចរបត់ណាមួយនៅក្នុងសង្គ្រាមនេះទេ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AFP និងReuters។