ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាឧទ្ធរណ៍​បដិសេ​ធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​វន់ ពៅ​និង​សកម្មជន​ដទៃ​ទៀត


អ្នក​តវ៉ា​​​ស្រែក​និង​លើក​ដៃ​ទាមទារ​ឲ្យ​​មាន​ការ​ដោះលែង​លោក វន់ ពៅ​ នៅ​​មុខ​សាលា​​ឧទ្ធរណ៍​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​​ច័ន្ទ​ទី​២៤ ខែ​មីនា ឆ្នាំ២០១៤។
អ្នក​តវ៉ា​​​ស្រែក​និង​លើក​ដៃ​ទាមទារ​ឲ្យ​​មាន​ការ​ដោះលែង​លោក វន់ ពៅ​ នៅ​​មុខ​សាលា​​ឧទ្ធរណ៍​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​​ច័ន្ទ​ទី​២៤ ខែ​មីនា ឆ្នាំ២០១៤។
សាលា​ឧទ្ធរណ៍​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​បាន​សម្រេច​បដិសេធ​ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​របស់លោក​វន់ ពៅ​ និង​ក្រុម​កម្មករ​ទាំង​២០​នាក់​ផ្សេង​ទៀត​ដោយ​បានតម្កល់​សេចក្តី​សម្រេច​របស់សាលា​ដំបូង​រាជធានី​ភ្នំពេញ។

នេះ​គឺ​ជា​សេចក្តី​សម្រេច​លើក​ទី​២​របស់សាលា​ឧទ្ធរណ៍ក្រោយ​ពី​បាន​សម្រេច​ដូច​គ្នា​នេះ​កាល​ពី​ថ្ងៃទី​១២​ខែកុម្ភៈ។​

លោក​វន់ ពៅ​ និង​ក្រុម​កម្មករ​និង​សកម្មជន​ដី​ធ្លី២០នាក់ទៀត​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​មករា​ក្រោមការ​ចោទ​ប្រកាន់​ពី​បទ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ដោយ​ចេតនា​ ការ​បង្ក​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ​សាធារណៈ​ និង​ការ​ធ្វើឲ្យ​មាន​បញ្ហា​អសន្តិសុខ​និង​សណ្តាប់ធ្នាប់​សង្គម។​ ​

ក្រោយ​ពី​សវនាការ​ដោយ​កំបាំង​មុខ​និង​អសាធារណៈ​រយៈ​ពេល​ជិត​ ២ម៉ោង​សភា​ព្រហ្ម​ទណ្ឌ​ស៊ើប​សួរ​របស់​សាលា​ឧទ្ធរណ៍បាន​ច្រាន​ចោល​សំណើ​សុំ​នៅក្រៅ​ឃុំ​របស់​ជន​ជាប់​ចោទ​ទាំង​នេះ​ដោយសំអាង​ថាការ​ដោះ​លែង​ពួក​គេ​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​អាច​នឹង​បង្ក​ឲ្យ​មាន​ចលាចល​សន្តិសុខ​សាធារណៈ។ នេះ​យោង​តាម​សម្តី​របស់​លោក​ ឡុង​ វុទ្ធី​ អនុ​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្រោយ​ពីការ​កាត់​ក្តី។​

លោក​ ឡុង​ វុទ្ធី​ហៅ​ការ​សម្រេច​របស់​តុលាការ​ថា​អយុត្តិធម៌៖ «ខ្ញុំ​មើល​ឃើញ​ថា​នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​លោក​វន់​ពៅ​ពីព្រោះ​ថា​គាត់​មិនបាន​ប្រព្រឹត្ត​នូវ​ទោស​កំហុស​អ្វីទេ។​ ម្យ៉ាងវិញ​ទៀត​លោក​វន់​ពៅ​រាល់​ថ្ងៃ​គាត់​កំពុង​មាន​បញ្ហា​ជំងឺ​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​គាត់​ផង»។

ភ្លាមៗ​ក្រោយ​ការ​សម្រេច​របស់​តុលាការ​ប្រជា​ពលរដ្ឋ​សរុប​មានគ្នា​ប្រហែល​ជិត​៤០០​នាក់​បាន​ស្រែក​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​លោក​វន់​ ពៅ​ដោយ​ពួកគេ​ស្រែក​ថា៖ ​«អយុត្តិធម៌​ណាស់​តុលាការ»។

អ្នកស្រី​ប្រាក់​ សុវណ្ណរី​ភរិយា​របស់​លោក​វន់​ពៅនិង​កូន​ប្រុសស្រី​ចំនួន​ ៤នាក់​ទៀត​បាន​ស្រែក​ទ្រហ៊ោ​យំ​និង​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ប្តី​របស់​អ្នកស្រី។

«អយុត្តិធម៌​ខ្លាំង​ណាស់​តុលាការ។ ហេតុអ្វី​បាន​ជា​នៅ​បន្ត​ឃុំខ្លួន​លោក​វន់​ពៅ​ទៀត។ វា​អយុត្តិធម៌​ណាស់​សម្រាប់​គ្រួសារ​របស់​ខ្ញុំ។ ​ហេតុអ្វី​បាន​គ្រាន់តែ​សុំ​មនុស្ស​ឲ្យ​នៅ​ក្រៅ​ឃុំ​ដើម្បី​ព្យាបាល​ជំងឺ​គេ​មិន​អនុញ្ញាត»។

លោក​ចាន់​ សូវ៉េត​ អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​ផ្នែក​សិទ្ធិ​មនុស្សនៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ថ្លែងថា​ការ​សម្រេច​របស់​តុលាការ​ធ្វើ​ឡើង​ក្រោម​សម្ពាធ​នយោបាយ។​ លោក​បន្ត​ទៀត​ផង​ដែរ​ថា​ការ​មិន​អនុញ្ញាត​ជាច្រើន​លើក​របស់​តុលាការ​មិន​ឲ្យ​លោក​វន់​ពៅ​បាន​មាន​ឱកាស​ចូល​រួម​សវនការ​ជា​រឿង​រំលោភ​ច្បាប់។

«ផ្ទុយ​ទៅ​វិញ​ចាប់​ឃុំ​ខ្លួន​គេ​ហើយ​មិន​អនុញ្ញាត​ឲ្យ​គេ​ស្រាយ​បំភ្លឺ​និង​ការពារ​ខ្លួន​គេ​ដោយ​ផ្ទាល់។​អាហ្នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​របស់​ជន​ត្រូវ​ចោទ»។

​លោក​ វន់​ ពៅ​ និង​កម្មករ​និង​សកម្មជន​ដី​ធ្លី​ចំនួន​២០​នាក់​នោះ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ក្នុង​ខេត្ត​កំពង់​ចាម។ ​

លោក​កែម​ឡី​អ្នកវិភាគ​សង្គម​ឯករាជ្យ​ហៅ​ការ​សម្រេច​របស់​តុលាការ​ថា​គ្រាន់​ដើម្បី​ជា​ការ​គំរាម​ប្រជា​ពលរដ្ឋ​ទាំង​ឡាយ​ណា​ដែល​ហ៊ាន​ចេញ​មុខ​តស៊ូ​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​តែ​ប៉ុណ្ណោះ។​

មាន​សកម្មជន​សហជីព ​សកម្មជន​សិទ្ធិ​លំនៅដ្ឋាន​និង​កម្មករ​ចំនួន​២៣​នាក់ត្រូវ​ចាប់​ខ្លួន​ក្រោយ​ការ​ប៉ះ​ទង្គិច​ដ៏​ហិង្សា​រវាង​កង​កម្លាំង​ ប្រដាប់​អាវុធនិង​ក្រុម​កម្មករ​រោងចក្រ​ដែល​បាន​ធ្វើបាតុកម្ម​ទាមទារឲ្យ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​ដល់​ខ្លួន​យ៉ាង​តិច​១៦០​ដុល្លារនៅ​ជាយ​រាជ​ធានី​ភ្នំពេញ​កាល​ពី​ដើម​ឆ្នាំ​២០១៤​នេះ។ យ៉ាង​ហោច​ណាស់​មាន​មនុស្ស៥នាក់​បាន​ស្លាប់​ក្រោយ​ពី​ការ​បង្រ្កាប​ដោយ​ការ​បាញ់​រះលើ​ហ្វូង​កម្មករ​ដែល​តវ៉ា​ដើម្បី​ទាមទារ​ការ​ដំឡើង​ប្រាក់​ខែ​នេះ៕
XS
SM
MD
LG