ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​លើក​ឡើង​ក្តី​បារម្ភ​ថា ដំណាំ​របស់​ពលរដ្ឋ​នឹង​ខូចខាត​ទាំងស្រុង បើ​ទឹកជំនន់​អូសបន្លាយ


រូបឯកសារ៖ កសិករច្រូតស្រូវនៅក្នុងរដូវប្រមូលទិន្នផលកសិកម្មនៅភូមិស្វាយបូក ជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបឯកសារ៖ កសិករច្រូតស្រូវនៅក្នុងរដូវប្រមូលទិន្នផលកសិកម្មនៅភូមិស្វាយបូក ជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។

អាជ្ញាធរ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដែល​កំពុង​រង​ការ​ជន់​លិច​ទឹក​លើក​ឡើង​ថា បើ​កម្រិតទឹក​នៅ​តែមិន​ស្រក​ស្រុត​ចុះនៅ​តាម​ភូមិ ឃុំ​ ស្រុក​តទៅ​ទៀត​នោះ​ នឹង​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ការ​ខូច​ខាត​ដំណាំ​ស្រូវ​ និង​ដំណាំផ្សេង​ទៀត​។​

បើ​តាម​អាជ្ញាធរ​ក្នុង​ខេត្ត​មួយ​ចំនួន​រួមមាន​ខេត្ត​បាត់​ដំបង​ និង​ខេត្ត​ពោធិ៍​សាត់​ កម្រិតខូច​ខាត​នៃ​ដំណាំ​ដាំ​ដុះ​អាចមាន​ខ្ពស់​ ឬ​ក៏​ខូច​ទាំង​អស់​តែម្តង​ បើ​ស្ថាន​ភាព​ទឹក​ជំនន់​អូស​បន្លាយ​ពេល​យូរ​តទៅ​ទៀត​។

អភិបាល​ខេត្ត​បាត់ដំបង​លោក ​សុខ លូ​ ប្រាប់​វីអូអេ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ស្ថានភាព​ទឹក​ដែល​បាន​ជន់​លិច​ក្នុង​ខេត្ត​បាត់ដំបង​កាល​ពី​ថ្ងៃ​ទី២ ខែ​តុលា ឆ្នាំ​២០២៣បាន​ស្រក​ទៅ​វិញ​ ប៉ុន្តែ​លោក​ថា​ ចាប់​ពី​ថ្ងៃ​ទី៣ រហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ស្ថានភាព​ទឹក​បាន​ជន់​លិចបន្ត​ទៀត​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។

លោក​ថ្លែងថា​៖ «និយាយ​ជា​រួម​ទឹក​ជំនន់​នៅ​ខេត្ត​បាត់ដំបង​នេះ​ កាល​ពី​ថ្ងៃ​២ មាន​ការ​ជន់​លិច​មួយ​ចំនួន​ហើយ​ក៏បាន​ស្រក​ទៅ​វិញ​ ហើយ​ថ្មីៗ​នេះ​ ថ្ងៃ​៣ ថ្ងៃ​៤ ជា​បន្ត​បន្ទាប់​នេះ​ក៏​មាន​ភ្លៀង​បន្ថែម​ទៀត។ ជា​ពិសេស​ខេត្ត​នៅ​ជាប់​ព្រំដែន​ថៃ​នេះ​ គឺ​មាន​ទឹក​ឡើង​ជា​គំហុក ឃើញ​ថា​ប៉ះពាល់​ដល់​បណ្តា​ស្រុក​មួយ​ចំនួន​នៅ​ជាប់​ព្រំដែន​ថៃ​ឯណោះ។ និយាយ​ជា​រួម​វា​ខូចខាត​ដំណាំស្រូវ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​គឺ យើង​និយាយ​រឿង​ប៉ះពាល់​ប្រហែល​ជា​ង ៤ពាន់​ហិតា​ជាង​ប៉ុណ្ណឹង ហើយ​យើង​មិន​ទាន់​សន្និដ្ឋាន​ថា​ខូច​ប៉ុណ្ណា​ទេ»។

អភិបាល​ខេត្ត​បាត់ដំបង​រូប​នេះ​បន្ថែម​ថា​ ចាប់​តាំង​ពី​ទឹក​ជន់លិច​ជា​បន្ត​បន្ទាប់​មកនោះ​ ដំណាំ​របស់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​បាត់ដំបង​ក្នុងនោះ​មាន​ស្រុក​បាណន់​ ថ្មគោល​ បវេល​ ឯកភ្នំ ​កំរៀង និង​រតនមណ្ឌល​ត្រូវ​រង​ការខូច​ខាត​ ហើយ​បើការ​ជន់​លិច​នេះ​មិន​ថយ​ចុះ​ទេ​ ដំណាំ​របស់​ប្រជាពលរដ្ឋ​នឹង​ត្រូវ​រង​ការ​ខូច​ខាត​ទាំងស្រុង។

លោក​លើកឡើងថា៖ «អ៊ីចឹង​ចំនួនហ្នឹង​ បើថា​ទឹកមិន​ស្រក​ទៅ​ឆាប់ទេ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ អាច​ស្រូវ​របស់​គាត់​នឹង​ខូច​ហើយ​។ ហើយ​ប៉ះ​តាម​បណ្តា​ឃុំមួយ​ចំនួន​ទៀត​ អាហ្នឹង​យើង​បាន​មើល​ឃើញ​ជាក់ស្តែង ជា​រួម​គឺ​យើង​មាន​ការ​ប៉ះ​ពាល់​ហេដ្ឋា​រចនា​សម្ពន្ធ​ច្រើន​ដែល​ យើង​កំពុង​តែ​តាម​ដាន​ ហើយ​ក្រុម​ការងារ​កំពុង​តែ​ពិនិត្យ​ចុះ​មើល​»។

ទោះ​យ៉ាង​ណា​ លោក​ថា គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍នេះ​ មិនទាន់​មាន​ករណី​ដែល​ពលរដ្ឋ​បាន​ស្លាប់​ដោយ​សារ​ទឹក​ជំនន់​នោះ​ឡើយ​។ ​

ជា​មួយ​គ្នា​នេះ​ដែរ អភិបាល​ខេត្ត​ពោធិ៍សាត់ លោក​ខូយ រីដា​ ប្រាប់​វីអូអេ​ថា​ ស្ថានភាព​ជន់​លិច​មានការ​ប្រែប្រួល​ ព្រោះ​ទឹក​ដែល​បាន​ជន់​លិច​នៅ​តាម​តំបន់​ខ្លះ​ក្នុង​ខេត្ត​បាន​ស្រក​វិញ​ជាបណ្តើ​រ​ៗ​ ហើយ​អាជ្ញាធរកំពុង​ចុះ​តាម​ដាន​ស្ថានភាព​ជីវភាព​ និង​សុខភាព​របស់​ប្រជាពលរដ្ឋ​។​

លោក​ថ្លែង​ថា​៖ «មក​ដល់​ពេល​នេះ​គឺ​ស្រក​អស់​ហើយ​។ វា​នៅ​សល់​តែ​តំបន់​មួយ​ចំនួន​ដែល​វា​ចូល​ហើយ​វា​ចេញ​មក​វិញ​វា​ពិបាក​ វា​នៅ​ដក់នៅ​ហ្នឹង​ខ្លះ​តិច​តួច​។ វា​អត់​មាន​ការ​លិច​លង់​អីៗ​វា​ផុត​អស់​ហើយ​ [នៅ]​តែ​យើង​ជួយ​អន្តរាគមន៍​ពិនិត្យ​មើល​សុខភាព​ ជីវភាព​ពលរដ្ឋ​របស់​យើង​តាម​បណ្តា​ក្រុង​ស្រុក​ទាំង​អស់​ ព្រោះ​ខែ​នេះ​រដូវ​វស្សា​ តំណ​រដូវ​ប្រជាពលរដ្ឋ​យើង​ខ្លះ​គាត់​ជួប​ការ​លំបាក​»។

លោក​បន្ត​ថា​៖ «​យើង​នៅ​ពិនិត្យ​មើល​រឿង​ហ្នឹង​ ហើយ​យើង​នៅ​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​ ការខូច​ខាត​ស្រូវ​របស់​គាត់​ ថា​យើង​ត្រូវ​ស្តារ​មកវិញ​ ត្រូវ​ព្រួស​ពូជ​ត្រូវ​អី ត្រូវ​ត្រៀម​អន្តរាគមន៍​គាត់​តែ​ប៉ុណ្ណឹង​ទេ​»​។

បើតាម​លោក​ខូយ រីដា ​ចំនួន​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ខូច​ខាត​មាន​ប្រមាណ​១៩​ខ្នង​ផ្ទះ​ ហើយ​ផ្លូវ​មួយ​ចំនួន​ក៏រង​ការខូចខាត​ផង​ដែរ ដោយ​សារភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​ៗ​គ្នា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។​

វីអូអេមិន​ទាន់​អាចសុំ​ការអត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​លោក សុទ្ធ គឹមកុលមុនី​បាន​នៅ​ឡើយ​ទេ។

ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង ​លើក​ឡើង​ថា ជំនន់​ទឹក​ភ្លៀង​បាន​ធ្វើ​ឱ្យ​ដំណាំ​ជាច្រើន​របស់​ប្រជា​ពលរដ្ឋ​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានាទទួល​រង​ការខូច​ខាត​ ដែល​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ជា​ច្រើន​កើត​មាន​ឡើង។ លោក​បន្ត​ថា ការ​ដែល​ទឹក​ជំនន់​ហូរ​លឿន​គឺ​បណ្តាល​មក​ពី​មិន​មាន​ព្រៃ​ឈើ ឬ​បាត់​បង់​បឹង​ ស្រះ​ដែល​អាច​ជួយ​កុំ​ឱ្យ​ល្បឿន​ទឹក​ហូរ​លឿន និង​បង្ក​ជា​ទឹក​ជំនន់​លើស​លប់​បែប​នេះ។

លោក​ថ្លែង​ថា៖ «អ្វី​ដែល​ជា​បញ្ហា​ចម្បង​ខ្ញុំ​ឃើញ​ថា ចំពោះ​បញ្ហា​ទឹក​ជំនន់​ដែល​កើត​មាន​ជា​រៀង​រាល់​ឆ្នាំ​គឺ​ឃើញ​ថា​នៅ​តាម​ទី​ជន​បទ​ ដោយ​សារ​តែ​ទីមួយ​ការ​ដែល​យើង​មិន​សូវ​មាន​ព្រៃ​ឈើ​ណា​ជួយ​ទប់​ទល់​កុំ​ឱ្យ​ល្បឿន​ទឹក​លឿន​ពេក។ ទី​ពីរ​យើង​ឃើញ​ថា តំបន់​ជាយ​ក្រុង​ខ្លះ​បាត់​បង់​នូវ​បឹង​បួរ ដែល​សម្រាប់​ជួយ​រំដោះ​ទឹក ដែល​អាច​ធ្វើ​ឱ្យ​លឿន​ដែរ»។

លោកបន្ថែម​ថា រដ្ឋា​ភិបាល​គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​ជីវភាព​នៃ​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់ ដោយ​សារ​តែ​ដំណាំ​របស់​ពួក​គេ​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​អស់​។

លោក​ថ្លែង​ថា​៖ «រឿង​ដែល​គិត​ជា​សំខាន់​ចិញ្ចឹម​គ្រួសារ​របស់​គាត់​បន្ទាប់​ពី​ទឹក​ស្រក​ អាច​ទាំង​ការ​ផ្តល់​ពូជ​ [ស្រូវ ដំណាំ] អាច​ទាំង​ការ​ផ្តល់​នូវ​ការ​ឧបត្ថម្ភ​ណា​មួយ​ ឬ​ក៏​ប្រសិន​បើ​ជីវភាព​របស់​គាត់​យ៉ាប់​យ៉ឺនអាច​បញ្ចូល​គាត់​ទៅ​ក្នុង​ក្រុម​នៃ​អ្នក​ក្រី​ក្រ​ដែល​អាច​ទទួល​បាន​នូវ​ការ​ឧបត្ថម្ភ​ពី​រដ្ឋា​ភិបាល​ជា​ដើម​ ហ្នឹង​ក៏​ជា​រឿង​មួយ​ដែល​សំខាន់​ដែរ​»។

ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុ​និយម​នា​ថ្ងៃ​ទី៥ ខែ​តុលា​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ពី​ស្ថាន​ភាព​អាកាស​ធាតុ​ក្នុង​ប្រទេស​កម្ពុជា​ថា ស្ថានភាព​ភ្លៀង​ធ្លាក់​នឹង​អាច​ចុះ​ថម​ថយ​ចាប់​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៧ ខែ​តុលា ដោយ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ​ទៅ​មធ្យម​ជា​មួយ​ទំហំ​ទឹក​ភ្លៀង​គ្រប​ដណ្តប់​លើ​ផ្ទៃ​ដី​ពី ៤០-៥០%៕

XS
SM
MD
LG