អ្នកនាង ហ៊ឹម ច័ន្ទឫទ្ធី ដែលជាអ្នកនិពន្ធខ្មែរអាមេរិកាំង រំពឹងថានឹងទទួលបានការគាំទ្រពីទស្សនិកជននៅទូទាំងពិភពលោកសម្រាប់សៀវភៅរឿងប្រលោមលោកថ្មីរបស់អ្នកនាង។ បច្ចុប្បន្ននេះ អ្នកនាង ឫទ្ធី កំពុងតែអំពាវនាវដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេសឲ្យជួយបរិច្ចាគជាថវិកាតាមរយៈកម្មវិធីរៃអង្គាសប្រាក់លើប្រព័ន្ធអ៊ីនធឺណិតមួយដែលមានឈ្មោះថា Kickstarter ដើម្បីជួយឲ្យអ្នកនាងអាចបោះពុម្ពផ្សាយសៀវភៅរឿងនេះបាន។
អ្នកនិពន្ធសៀវភៅនិយាយអំពីជីវប្រវត្តិរបស់ខ្លួនដែលមានចំណងជើងថា “When Broken Glass Floats” ដែលប្រែជាភាសាខ្មែរថា «អំបែងអណ្តែត» រូបនេះ កំពុងតែត្រៀមចេញសៀវភៅប្រលោមលោកថ្មី ដែលមានចំណងជើងថា “Rise of the Golden Aura” ដែលប្រែជាភាសាខ្មែរថា «បារមីរស្មីពណ៌មាសរះឡើង»។
ប្រលោមលោកថ្មីនេះ គឺជារឿងអាបបែបមនោសញ្ចេតនា ដែលនិយាយអំពីក្មេងស្រីខ្មែរកំព្រាឪពុកម្តាយម្នាក់ ដែលមានឈ្មោះថា ឆាយា ទេវី បុប្ផាទិព្វ ហើយនាង ត្រូវបានស្ត្រីខ្មែរអាមេរិកាំងម្នាក់រើសមកចិញ្ចឹម។
អ្នកនាង ឫទ្ធី បានថ្លែងប្រាប់ VOA ខេមរភាសាថា អ្នកនាងប្រឌិតរឿងនេះឡើងតាមរយៈបទពិសោធន៍ក្នុងជីវិតរបស់អ្នកនាងផ្ទាល់ ដោយមានតួឯកស្រីដែលអង់អាចក្លាហានជាងតួឯកស្រីក្នុងរឿងដទៃទៀត ដូចជានៅក្នុងរឿង “Twilight” ជាដើម។
អ្នកនាង ឫទ្ធី បានមានប្រសាសន៍ថា «ដូច្នេះ នៅក្នុងសៀវភៅប្រលោមលោករបស់ខ្ញុំ ខ្ញុំបានសម្រេចចិត្តសរសេរពីក្មេងស្រីខ្មែរម្នាក់ដែលខ្លាំងនិងឆ្លាតវៃម្នាក់ ហើយអាចការពារទាំងពិភពមនុស្សនិងអាប។ រឿង«បារមីរស្មីពណ៌មាសរះឡើង» នឹងផ្តល់អំណាចដល់ស្រ្តី ហើយក្នុងពេលជាមួយគ្នានេះ វាក៏ផ្តល់ការកំសាន្តអារម្មណ៍និងលើកទឹកចិត្តមនុស្សផងដែរ»។
អ្នកនាង ឫទ្ធី សង្ឃឹមថា សៀវភៅប្រលោមលោកថ្មីអំពីក្មេងស្រីដ៏អង់អាចក្លាហាននេះ នឹងទទួលបានប្រជាប្រិយភាពពីទស្សនិកជននៅទូទាំងពិភពលោក។ អ្នកនាងបានថ្លែងថា «ស្ត្រីដើរតួនាទីយ៉ាងសំខាន់នៅក្នុងគ្រួសារនិងសង្គម ដូច្នេះនេះគឺជាវិធីដ៏ល្អបំផុតក្នុងការផ្តល់អំណាចដល់ពួកគេតាមរយៈពិភពអាបដែលកំពុងតែមានប្រជាប្រិយភាពនេះ»។
សាររបស់អ្នកនាងឫទ្ធី ទៅកាន់ក្មេងស្រីនិងស្រ្តីទាំងអស់នៅទូទាំងពិភពលោកគឺថា
«ជឿជាក់លើខ្លួនឯង ចូលចិត្តនូវអ្វីដែលខ្លួនកំពុងធ្វើ និងឈោងចាប់ក្តីសុបិន្តរបស់ខ្លួន» ៕