ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧស្សាហកម្ម​អវកាស​អូស្ត្រាលី​ព្រមាន​អំពី​ការ​ឈ្លប​យកការណ៍​របស់​ផ្កាយរណប​ចិន


រូបឯកសារ៖ ក្រុម​នាវិក​រកឃើញ​បាឡុង​ឈ្លបយកការណ៍​ដ៏​ធំ​មួយ​នៅ​តំបន់​ឆ្នេរ​សមុទ្រក្នុង​ទីក្រុង Myrtle Beach រដ្ឋ South Carolina សហរដ្ឋ​អាមេរិក ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៣។
រូបឯកសារ៖ ក្រុម​នាវិក​រកឃើញ​បាឡុង​ឈ្លបយកការណ៍​ដ៏​ធំ​មួយ​នៅ​តំបន់​ឆ្នេរ​សមុទ្រក្នុង​ទីក្រុង Myrtle Beach រដ្ឋ South Carolina សហរដ្ឋ​អាមេរិក ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៣។

កាលពី​ខែ​កុម្ភៈ សហរដ្ឋ​អាមេរិក​បាន​បាញ់​ទម្លាក់​បាឡុង​យក្ស​មួយ​របស់​ចិន ដែល​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា បាឡុង​នោះ​បាន​ឈ្លប​យកការណ៍​លើ​ទីតាំង​យោធា​សំខាន់ៗ​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។ ក៏​ប៉ុន្តែ រដ្ឋាភិបាល​ចិន​បាន​ទទូច​ថា វា​គ្រាន់តែ​ជា​បាឡុង​ស៊ីវិល​មួយ​គ្រឿង​ដែល​ហោះ​ខុស​គន្លង​ហោះហើរ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។

ជម្លោះ​ផ្នែក​ការទូត​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ជជែក​ដេញដោល​អំពី​ការ​ឈ្លប​យកការណ៍​និង​ចារកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នេះ។

នៅ​ក្នុង​ប្រទេស​អូស្ត្រាលី អ្នក​ជំនាញ​នានា​ជឿ​ថា ហេតុការណ៍​ទាក់ទិន​នឹង​បាឡុង​នេះ​បង្ក​ឱ្យ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ឈ្លប​យកការណ៍​ពី​ដែន​អវកាស។

លោក James Brown ប្រធាន​សមាគម​ឧស្សាហកម្ម​អវកាស​អូស្ត្រាលី បាន​ប្រាប់​វិទ្យុ ABC របស់​អូស្ត្រាលី​កាលពី​ថ្ងៃ​សៅរ៍​ទី ៤ ខែ​មីនា​ថា ចិន​មាន​ប្រព័ន្ធ​តាមដាន​លើ​លំហ​អវកាស​ដ៏​ធំ​មួយ។

លោក Brown ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា រាល់​ថ្ងៃ​នេះ​យើង​ត្រូវ​បាន​ផ្កាយ​រណប​របស់​ចិន​លួច​ស្ដាប់​និង​ឈ្លប​យកការណ៍ ដែល​ផ្កាយរណប​ទាំង​នោះ​មាន​កម្ពស់​ត្រឹមតែ ១០០ ឬ ២០០ គីឡូម៉ែត្រ​ពី​យើង​តែ​ប៉ុណ្ណោះ ហើយ​ចិន​កំពុង​ដាក់​ឱ្យ​ដំណើរការ​នូវ​ផ្ដាយ​រណប​ដូច​នេះ​រាប់​រយ​គ្រឿង​បន្ថែម​ទៀត​ក្នុង​មួយ​ឆ្នាំៗ។ យើង​មើល​ឃើញ​សកម្មភាព​បែប​នេះ​កាន់តែ​ច្រើន​ឡើង»។

បញ្ជាការដ្ឋាន​ការពារ​ដែនអាកាស​របស់​អូស្ត្រាលី​ដែល​ទើប​បង្កើត​ឡើង​បាន​មួយ​ឆ្នាំ​កំពុង​ធ្វើការ​លើ​ផែនការ​មួយ​ដើម្បី​ទិញ​បច្ចេកវិទ្យា​ដែល​ហៅ​ថា «soft-kill» ដើម្បី​បំផ្លាញ​ផ្កាយរណប​របស់​សត្រូវ​ដោយ​មិន​បន្សល់​ទុក​នូវ​កម្ទេចកម្ទី​ដ៏​គ្រោះថ្នាក់។ ជំនួស​ឱ្យ​ការ​ប្រើ​មីស៊ីល អូស្ត្រាលី​ចង់​បង្កើត​សមត្ថភាព​សង្គ្រាម​អេឡិចត្រូនិក​ផ្ទាល់​ខ្លួន​ដើម្បី​បង្អាក់​និង​ធ្វើ​ឱ្យ​ផ្កាយ​រណប​ប្រើការ​លែង​បាន ប៉ុន្តែ​បច្ចេកវិទ្យា​របៀប​នេះ​នៅ​មិន​ទាន់​ដាក់​ឱ្យ​ទិញ​បាន​ជា​ទូទៅ​នៅ​ឡើយ​ទេ។

អ្នកស្រី​ឧត្តមសេនីយ៍​ទោ Cath Roberts ដែល​ជា​ប្រធាន​បញ្ជាការដ្ឋាន​នេះ កាលពី​ថ្ងៃសុក្រ​ទី ៣ ខែ​មីនា បាន​ផ្ដល់​ព័ត៌មាន​ថ្មីៗ​អំពី​សមត្ថភាព​ធ្វើ​សង្គ្រាម​អេឡិចត្រូនិក​នេះ និង​អំពី​ការ​គំរាមកំហែង​នានា​ចំពោះ​ផ្កាយ​រណប​របស់​អូស្ត្រាលី។ អ្នកស្រី​បាន​ថ្លែង​ប្រាប់​ក្រុម​យក​ព័ត៌មាន​ថា មាន​តម្រូវការ​ឱ្យ​មាន​សមត្ថភាព «បែប​មិន​បំផ្លិច​បំផ្លាញ» ដើម្បី​បង្អាក់​ការ​វាយ​ប្រហារ ឬ​ក៏​ជ្រៀតជ្រែក​ជាមួយ​នឹង​ផ្កាយរណប​របស់​សត្រូវ។

អ្នកស្រី Roberts បាន​ថ្លែង​ថា ចំនួន​ផ្កាយរណប​នៅ​លើ​អវកាស​នៅ​ពេល​ចប្ចុប្បន្ន​នេះ​មាន​ច្រើន​ជាង​ទ្វេ​ដង​គឺ​រហូត​ដល់​ប្រហែល ៨.០០០ គ្រឿង។

ចិន​បាន​បង្ហោះ​ផ្កាយរណប​ច្រើន​ជាង​សហរដ្ឋ​អាមេរិក​ទៅទៀត​កាលពី​ឆ្នាំ​មុន៕


ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG