ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ការបរទេស​អូស្រ្តាលី នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចំពេល​លោក ហ៊ុន សែន រិះគន់​ជំនួយ​វ៉ាក់សាំង​យឺតយ៉ាវ


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​អ្នកស្រី Marise Payne ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​លោក Antony Blinken (មិន​នៅក្នុង​រូប) ធ្វើសន្និសីទ សារព័ត៌មាន​រួមគ្នា​នៅ​ក្រសួង​ការបរទេស​អាមេរិក កាលពី​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​អ្នកស្រី Marise Payne ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​លោក Antony Blinken (មិន​នៅក្នុង​រូប) ធ្វើសន្និសីទ សារព័ត៌មាន​រួមគ្នា​នៅ​ក្រសួង​ការបរទេស​អាមេរិក កាលពី​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន។

រដ្ឋមន្រ្តី​ការបរទេស​អូស្រ្តាលី​ នឹង​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ដោយ​ផ្ទាល់ នៅ​ចុង​សប្តាហ៍​នេះ បន្ទាប់​ពី​ធ្លាប់​ជួប​ជាមួយ​សមភាគី​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា តាម​ប្រព័ន្ធ​វីដេអូ កាល​ពី​ខែ​កក្កដា។ នេះ​ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ថា​ ដំណើរ​ទស្សនកិច្ចរបស់​អ្នកស្រី ម៉ារីស ផេន (Marise Payne) ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៧ និង​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់​លោក ប្រាក់ សុខុន រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា។

ក្នុង​អំឡុង​ពេល​ទស្សន​កិច្ច អ្នកស្រី ម៉ារីស ផេន នឹង​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ចំពោះ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​មាន​ជំនួប​ទ្វេ​ភាគី​ជាមួយ​លោក​ ប្រាក់ សុខុន ដើម្បី​ពិភាក្សា​លើ​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេ​ភាគី​ក្នុង​វិស័យ​នានា ក៏​ដូច​ជា​បញ្ហា​តំបន់ និង​អន្តរ​ជាតិ រួម​ទាំង​ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ២០២២ ​របស់​កម្ពុជា​ផង​ដែរ។ នេះ​ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន។

ក្នុង​ឱកាស​ស្នាក់​នៅ​រាជធានី​ភ្នំពេញ អ្នកស្រី ម៉ារីស ផេន នឹង​អញ្ជើញ​ទៅ​ទស្សនា​អង្គ​ការ​កម្ពុជា ដើម្បី​ជួយ​ស្រ្ដី​មាន​វិបត្តិ ដែល​នឹង​ទទួល​ស្វាគមន៍​ដោយ​អ្នកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួង​កិច្ចការ​នារី។

ក្រសួង​ការ​បរទេស​កម្ពុជា​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​៖ «ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​លោក​ជំទាវ ម៉ារីស ផេន មក​កាន់​កម្ពុជា នឹង​បញ្ជាក់​ជា​ថ្មី​នូវ​ការ​បេ្តជ្ញា​ចិត្ត​របស់​អូស្រ្ដាលី ក្នុង​ការ​ធ្វើ​ការ​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​ព្រះ​រាជាណាចក្រ​កម្ពុជា ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង ទាំង​នៅ​ក្នុង​ក្របខណ្ឌ​ទ្វេ​ភាគី និង​ពហុ​ភាគី ដើម្បី​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​នៃ​ប្រទេស​ទាំង​ពីរ»។

ប៉ុន្តែ​សារព័ត៌មាន​អូស្រ្តាលី ​New Daily បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា​ថា ​ការ​យឺត​ពេល​បញ្ជូន​វ៉ាក់​សាំង​ Pfizer ដែល​ជា​ជំនួយ​របស់​អូស្រ្តាលី​មក​កម្ពុជា​«ប្រហែល​បង្ខំ»ឲ្យ​រដ្ឋមន្រ្តី​ការបរទេស​អូស្រ្តាលី អ្នកស្រី ម៉ារីស ផេន មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា។

ការ​ចុះ​ផ្សាយ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ថ្លែង​ជា​សាធារណៈ​របស់​នាយក​រដ្ឋមន្រ្តី​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២១។ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា​រដ្ឋាភិបាល​របស់​លោក​មិន​រង់​ចាំ​ការ​សន្យា​ផ្តល់​វ៉ាក់​សាំង​នោះ​ទេ ដូច្នេះ​លោក​ចាប់​យក​ប្រទេស​ចិន​ជា​«បង្អែក» ហើយ​ក្រៅ​ពី​នោះ​ជា​«ប្រភព​គាំទ្រ»។ លោក​ក៏​បាន​ថ្លែង​ចំៗ​ទៅ​លើ​ប្រទេស​អូស្រ្តាលី​ថា ​មិន​ទាន់​ផ្តល់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ ប្រមាណ ​២លាន​៣សែន​ដូស ដូច​តាម​ការ​សន្យា​នៅ​ឡើយ​ទេ។

លោក​បញ្ជាក់​ថា៖ «បើ​យើង​ផ្អែក​ទៅ​លើ​ការ​សន្យា​របស់​កូវ៉ាក់​ ៧​លាន​ដូស។ ផ្នែក​ទៅ​លើ​ការ​សន្យា​របស់​អូស្រ្តាលី​ថា ​៣លាន​ដូស ប៉ុន្តែ​អូស្រ្តាលី​ អត់​ទាន់​បាន​មួយ​សេន​ផង។ ជា​ភ័ព្វ​សំណាង​របស់​យើង សហរដ្ឋ​អាមេរិក ជប៉ុន និង​អង់គ្លេស​បាន​ឲ្យ​យើង​បន្ថែម»។

ជាមួយ​ការ​ថ្លែង​លើក​ឡើង​ពី​ប្រទេស​អូស្រ្តាលី​រឿង​ផ្តល់​ជំនួយ​វ៉ាក់សាំង​យឺត​នេះ លោក ហ៊ុន សែន ក៏​សុំ​អភ័យ​ទោស​ពី​នាយក​រដ្ឋមន្រ្តី​អូស្រ្តាលី​ផង​ដែរ។

លោក​បន្ថែម​ថា៖ «ព្រោះ​ខ្ញុំ​ត្រូវ​ការ​អា​ច្បាស់ ព្រោះ​ការ​សន្យា​វា​យូរ​ហើយ។ និយាយ​អញ្ចឹង សូម​អភ័យ​ទោស​ពី​សំណាក់​ឯក​ឧត្តម Morrison ​[នាយករដ្ឋ​មន្រ្តី​អូស្រ្តាលី]​»។

បើ​តាម​លោក ហ៊ុន សែន កម្ពុជា​បាន​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ចិន​ចំនួន ​២៨​លាន​ដូស បន្ថែម​ពី​លើ​ជំនួយ​ដែល​ផ្តល់​ឲ្យ​ប្រមាណ ​១០​លាន​ដូស។

លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​អះអាង​ថា​ ដំណើរ​ទស្សនកិច្ច​នេះ មិន​មែន​ជា​រឿង​ចៃ​ដន្យ​នោះ​ទេ។

លោក​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​សូម​បញ្ជាក់​ថា​ មិន​មែន​ជា​រឿង​ចៃ​ដន្យ​ទេ។ យើង​ធ្វើ​អ្វី​មួយ​សុទ្ធ​តែ​មាន​ការ​ទំនាក់​ទំនង មាន​ការ​ត្រៀម​ទុក​ជា​មុន មិន​មែន​ជា​ទស្សនកិច្ច​មិន​បាន​ព្រាង​ទុក​ទេ​បាទ»។

ដំណើរ​ទស្សនកិច្ច​ដោយ​ផ្ទាល់​របស់​រដ្ឋមន្រ្តី​ការបរទេស​អូស្រ្តាលី ធ្វើ​ឡើង​បន្ទាប់​ពី​អ្នកស្រី ម៉ារីស ផេន ក៏​បាន​ជួប​លោក ប្រាក់ សុខុន​ រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា តាម​ប្រព័ន្ធ​វីដេអូ កាល​ពី​ថ្ងៃ​ទី៧​ ខែ​កក្កដា​ ឆ្នាំ​២០២១ ហើយ​បាន​ជជែក​អំពី​ទំនាក់​ទំនង​អាស៊ាន-អូស្ត្រាលី និង​ក៏​ដូច​ជា​វិបត្តិ​ក្រោយ​រដ្ឋប្រហារ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ផង​ដែរ។

អ្នក​នាំពាក្យ​របស់​ស្ថានទូត​អូស្រ្តាលី​ប្រចាំ​នៅ​កម្ពុជា​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​តាម​សារ​អ៊ីម៉ែល​ថា ​ដំណើរ​ទស្សន​កិច្ច​របស់​រដ្ឋមន្រ្តី​ការបរទេស​អូស្រ្តាលី ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​ក្នុង​តំបន់​ដែល​បាន​គ្រោង​ទុក ក្នុង​នោះ​មាន​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​វៀត​ណាម

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា អ្នកស្រី ម៉ារីស ផេន បាន​ឲ្យ​ដឹង​ថា​ អ្នកស្រី​ នឹង​គូស​បញ្ជាក់​អំពី​ការ​គាំទ្រ​របស់​អូស្រ្តាលី​សម្រាប់​តួនាទី​របស់​ប្រទេស​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន។

អ្នកស្រី​នឹង​ពិភាក្សា​អំពី​«ការ​ភ្ជាប់​ទំនាក់​ទំនង​យូរ​អង្វែង»​ជាមួយ​កម្ពុជា និង​ការ​គាំទ្រ​ប្រទេស​ជិត​ខាង​របស់​កម្ពុជា​ផង​ដែរ។ អ្នកស្រី​បញ្ជាក់​ថា​ អាស៊ាន​ស្ថិត​នៅ​«បេះ​ដូង​នៃ​ទស្សនៈ​វិស័យ​របស់​អូស្រ្តាលី​សម្រាប់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក»។

លោក សេង សារី​ អ្នកវិភាគ​នយោបាយ មាន​ប្រសា​សន៍​ថា ​អូស្រ្តាលី ​បាន​ក្លាយ​ជា​សមាជិក​នៃ​កិច្ច​ព្រម​ព្រៀង ​Aukus ដែល​ជា​កិច្ច​ព្រមព្រៀង​សន្តិសុខ​ត្រី​ភាគី និង​មាន​ប្រទេស​២​ទៀត​ជា​សមាជិក គឺ​សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់​គ្លេស។ កិច្ច​ព្រម​ព្រៀង​នេះ ​ត្រូវ​បាន​មើល​ឃើញ​ថា ​ដើម្បី​ទប់​ទល់​នឹង​ចិន។ លោកបន្ថែម​ថា​ កម្ពុជា​មាន​តួនាទី​សំខាន់​នៅ​ពេល​នេះ​សម្រាប់​អូស្រ្តាលី ដោយ​សារ​កម្ពុជា​នឹង​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ។

លោក​ប្រាប់​វីអូអេ​ថា៖ «ដូច្នេះ​កម្ពុជា​នឹង​មាន​តួនាទី​សំខាន់ ហើយ​ក៏​ជា​ពេល​វេលាដែល​កម្ពុជា​ត្រូវ​បង្ហាញ​ទៅ​ពិភព​លោក​ដែរ​ថា ​ខ្លួន​នឹង​មាន​សមត្ថភាព​នៅ​ក្នុង​ការ​សម្រប​សម្រួល​បញ្ហា​នយោបាយ​នៅ​ភូមា ក៏​ដូច​ជា​ការ​ប្រទាញ​ប្រទង់គ្នារវាង​មហា​អំណាច​ពីរ គឺ​មហា​អំណាច​ចិន និង​មហា​អំណាច​អាមេរិក ពាក់​ព័ន្ធ​នឹង​នយោបាយ​ភូមិ​សាស្រ្ត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍»។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២១ មុន​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​សមាគម​អាស៊ាន ​(ASEAN) រដ្ឋមន្រ្តី​ការបរទេស​ចិន និង​ជា​ទីប្រឹក្សារដ្ឋ លោក វ៉ាង យី (Wang Yi) ក៏​បាន​មក​បំពេញ​ទស្សនកិច្ចនៅ​កម្ពុជា ដោយ​មាន​ការ​ចុះ​ហត្ថលេខា​លើ​ជំនួយ​ឥត​សំណង​ប្រមាណ​ ២៧០ លាន​ដុល្លារ​អាមេរិក។

គួរ​បញ្ជាក់​ថា​ កម្ពុជា​ធ្លាប់​រង​ការ​រិះគន់​អំឡុងពេល​ធ្វើ​ជា​ប្រធាន​ឆ្លាស់​វេន​អាស៊ាន​នៅ​ឆ្នាំ​២០១២ ដែល​កាល​នោះ នាំ​ឲ្យ​កើត​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ត្រ​ដែល​អាស៊ាន​មិន​អាច​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​ទៅ​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ប៉ះ​ពាល់​ដល់​ប្រទេស​ចិន៕

XS
SM
MD
LG