ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​ចារកម្ម​អូស្ត្រាលី​ចោទ​ប្រទេស​ជាមិត្ត​មួយ​ចំនួន​ថា​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​អូស្ត្រាលី


រូបឯកសារ៖​លោក Mike Burgess អគ្គនាយក​អង្គការ​ស៊ើបការណ៍​សម្ងាត់​សន្តិសុខ​អូស្ត្រាលី (ASIO) ថ្លែងកាលពីថ្ងៃទី១២​កក្កដា ឆ្នាំ២០២៤។
រូបឯកសារ៖​លោក Mike Burgess អគ្គនាយក​អង្គការ​ស៊ើបការណ៍​សម្ងាត់​សន្តិសុខ​អូស្ត្រាលី (ASIO) ថ្លែងកាលពីថ្ងៃទី១២​កក្កដា ឆ្នាំ២០២៤។

កាលពី​ថ្ងៃ​ទី ១១ ខែ​សីហា ប្រធាន​ផ្នែក​ចារកម្ម​នៃ​ប្រទេស​អូស្ត្រាលី​បាន​ចោទប្រកាន់​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​អូស្ត្រាលី​ខ្លះ​ថា​បាន​ធ្វើ​ប្រតិបត្តិការ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​របស់​ប្រទេស​អូស្ត្រាលី ដោយ​និយាយ​ថា​អត្តសញ្ញាណ​របស់​ប្រទេស​ទាំងនោះ​នឹង​ធ្វើ​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ ប្រសិនបើ​ត្រូវបាន​បញ្ចេញ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

កាលពី​ឆ្នាំ​មុន អូស្ត្រាលី​បាន​បញ្ជាក់​ថា​ប្រទេស​អ៊ីរ៉ង់​បាន​ប្រឡូក​ក្នុង​ការ​ជ្រៀតជ្រែក​កិច្ចការ​បរទេស និង​ថា​ផ្នែក​ស៊ើបការ​សម្ងាត់​អូស្ត្រាលី​បាន​បង្អាក់ «បុគ្គល​មួយ​ចំនួន» ដែល​បាន​ធ្វើ​ប្រតិបត្តិការ​ឈ្លប​យកការណ៍​លើ​ផ្ទះ​របស់​ពលរដ្ឋ​អូស្ត្រាលី​ដើម​កំណើត​អ៊ីរ៉ង់​ម្នាក់។

ក៏ប៉ុន្តែ ប្រទេស​ផ្សេង​ទៀត​ក៏​កំពុង​ប៉ុនប៉ង​ស្ងាត់ៗ​ដើម្បី​ជ្រៀតជ្រែក​ចូល​ក្នុង​ប្រព័ន្ធ​នយោបាយ​អូស្ត្រាលី​និង​សហគមន៍​ពលរដ្ឋ​អូស្ត្រាលី​នៅ​បរទេស​ផងដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Mike Burgess អគ្គនាយក​អង្គការ​ស៊ើបការណ៍​សម្ងាត់​សន្តិសុខ​អូស្ត្រាលី (ASIO)។

លោក Burgess បាន​និយាយ​នៅ​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​បណ្តាញ​ព័ត៌មាន ABCថា៖ «ខ្ញុំ​គិត​ថា យ៉ាង​ហោចណាស់​ក៏​មាន [ប្រទេស] ៣ ឬ ៤ ដែរ​ដែល​យើង​បាន​រកឃើញ​ថា​បាន​ប្រឡូក​ក្នុង​ការ​ជ្រៀតជ្រែក​ចូល​ក្នុង​សហគមន៍​ពលរដ្ឋ​អូស្ត្រាលី​នៅ​បរទេស»។

លោក​បាន​និយាយ​ថា៖ «អ្នក​នឹង​ភ្ញាក់ផ្អើល​នៅ​ពេល​ឮ​ឈ្មោះ​ប្រទេស​ខ្លះ​ក្នុង​ចំណោម​នោះ ដោយសារ​ប្រទេស​ទាំង​នោះ​ក៏​ជា​មិត្តភក្តិ​របស់​អូស្ត្រាលី​ដែរ»។

លោក Burgess បាន​បដិសេធ​មិន​បញ្ជាក់​ថា​ប្រទេស​ណា​ជាប់​ពាក់ព័ន្ធ​នៅក្នុង​រឿង​នេះ​ទេ ក្រៅតែ​ពី​ការ​បញ្ជាក់​អំពី​ការ​ចោទប្រកាន់​របស់​រដ្ឋាភិបាល​អូស្ត្រាលី​អំពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​អ៊ីរ៉ង់។

លោក Burgess បាន​និយាយ​ថា ការ​ជ្រៀតជ្រែក​កិច្ចការ​បរទេស ចារកម្ម និង​អំពី​ហិង្សា​ដែល​កើត​ចេញ​ពី​នយោបាយ​គឺជា​ក្ដី​បារម្ភ​ផ្នែក​សន្តិសុខ​ដ៏​ចម្បង​មួយ​របស់​អូស្ត្រាលី។

លោក​បញ្ជាក់​ថា៖ «នៅ​ក្នុង​សហគមន៍​ពលរដ្ឋ​អូស្ត្រាលី​នៅ​បរទេស មាន​ប្រទេស​ជា​ច្រើន​ដែល​ប៉ុនប៉ង​គំរាមកំហែង​និង​បំភិត​បំភ័យ​ពួកគេ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ទាំងនោះ»។

លោក​បន្ថែម​ថា៖ «នៅពេល​យើង​រកឃើញ​បញ្ហា​នេះ យើង​ដោះស្រាយ​បញ្ហា​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព»។

នៅ​ក្នុង​ឆ្នាំ ២០២២ លោកBurgess បាន​បញ្ចេញ​ឱ្យ​ដឹង​ថា អង្គការ​ស៊ើបការណ៍​សម្ងាត់​សន្តិសុខ​អូស្ត្រាលី (ASIO) បាន​បង្អាក់​ផែនការ​ជ្រៀតជ្រែក​បរទេស​របស់​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ម្នាក់​ដែល​លោក​ហៅ​ថា «អាយ៉ង» ដែល​មាន​ទំនាក់ទំនង​ដ៏​ជ្រាលជ្រៅ​ជាមួយ​នឹង​រដ្ឋាភិបាល​បរទេស។

ជន​នោះ​បាន​ផ្តល់​ប្រាក់​រាប់​សែន​ដុល្លារ​ដល់​បុគ្គលិក​ម្នាក់​ឱ្យ​ព្យាយាម​ជះ​ឥទ្ធិពល​លើ​ការ​បោះឆ្នោត​មួយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Burgess ដោយ​មិន​បញ្ជាក់​អំពី​ការ​បោះឆ្នោត​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នៅក្នុង​រឿង​នេះ​ទេ។

អង្គការ​ស៊ើបការណ៍​សម្ងាត់​សន្តិសុខ​អូស្ត្រាលី (ASIO) នៅ​ខែ​នេះ​ក៏​បាន​បង្កើន​កម្រិត​នៃ​ការ​គំរាម​កំហែង​ភេរវកម្ម​នៅក្នុង​ប្រទេស​អូស្ត្រាលី​ទៅដល់​កម្រិត «អាច​កើតឡើង» ផងដែរ ដោយ​បាន​និយាយ​ថា ការ​កើនឡើង​នូវ​មនោគមន៍វិជ្ជា​ជ្រុល​និយម​ក្នុង​ប្រទេស​បាន​ធ្វើឱ្យ​សកម្មភាព​ហិង្សា​អាច​កើតឡើង​នៅក្នុង​រយៈពេល ១២ ខែ​ខាងមុខ។

លោកBurgess បាន​និយាយ​កាលពី​ថ្ងៃ​ទី ១១ ខែ​សីហា​ថា ការ​រីក​រាលដាល​នៃ​ព័ត៌មាន​ក្លែងក្លាយ​នៅ​លើ​បណ្តាញ​សង្គម​អនឡាញ​បាន​ធ្វើឱ្យ​ការ​ដោះស្រាយ​ការ​គំរាមកំហែង​ហិង្សា​ដែល​កើតចេញ​ពី​នយោបាយ​កាន់តែ​លំបាក​ឡើង ដោយ​អនីតិជន «សម្ងំ​មើល​កុំព្យូទ័រ​តែនៅ​ក្នុង​បន្ទប់​របស់​ខ្លួន» ដែល​កាន់តែ​ងាយ​ប្រឈម​នឹង​ឥទ្ធិពល​នៃ​ភាព​ជ្រុល​និយម​ហិង្សា។

ប្រធាន​ផ្នែក​ចារកម្ម​អូស្ត្រាលី​រូប​នេះ​បាន​លើកឡើង​ទៀត​ថា អង្គការ​ស៊ើបការណ៍​សម្ងាត់​សន្តិសុខ​អូស្ត្រាលី (ASIO) នឹង​បន្ត​ឃ្លាំមើល​លើ​ហានិភ័យ​បែប​នេះ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​បន្ទាប់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ដែល​គេ​រំពឹង​ថា​នឹង​ធ្វើឡើង​នៅ​ឆ្នាំ ២០២៥ ដោយសារតែ​ការ​បោះឆ្នោត​នេះ​នឹង​ក្លាយជា «ចំណុច​សំខាន់​មួយ» សម្រាប់​ការ​ជជែក​ដេញដោល​ខ្លាំងក្លា​អំពី​បញ្ហា​សង្គម៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG