រយៈពេលជាងពីរខែមកហើយចាប់តាំងពីរដ្ឋាភិបាលកម្ពុជាបានទទួលក្រុមដំបូងនៃជនភៀសខ្លួនពីកោះ Nauru បន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយនឹងរដ្ឋាភិបាលប្រទេសអូស្ត្រាលីចម្រូងចម្រាសស្តីពីការផ្ទេរជនភៀសខ្លួនមកប្រទេសកម្ពុជា ដែលជាប្រទេសក្រីក្រមួយនៅក្នុងសហគមន៍អ៊ាស៊ាន។
ខណៈពេលដែលមន្រ្តីកម្ពុជានិយាយថា ក្នុងពេលបច្ចុប្បន្នកម្ពុជានឹងមិនទទួលយកជនភៀសខ្លួនបន្ថែមទៀតនោះ ប្រទេសអូស្រ្តាលីបាននិយាយថា កិច្ចព្រមព្រៀងស្តីពីការទទួលយកជនភៀសខ្លួននេះមិនមានភាពរង្គោះរង្គើរទេ។
កិច្ចព្រមព្រៀងនេះមានភាពចម្រូងចម្រាសចាប់តាំងពីការចាប់ផ្តើមមកម្ល៉េះ។សហគមន៍សិទ្ធិមនុស្សជាច្រើនបាននិយាយថា ប្រទេសអូស្រ្តាលីបានរំលោភលើស្មារតីនៃកិច្ចព្រមព្រៀងអន្ដរជាតិស្តីពីជនភៀសខ្លួន ដោយឱ្យប្រទេសកម្ពុជាទទួលយកជនភៀសខ្លួន ជាពិសេសបើផ្អែកទៅលើភាពក្រីក្ររបស់ប្រទេសកម្ពុជា និងកំណត់ត្រាសិទ្ធិមនុស្សមិនល្អរបស់ប្រទេសនេះ។
ជនភៀសខ្លួនបួននាក់ដែលមកពីកោះប៉ាស៊ីហ្វិកខាងត្បូងនៃកោះ Nauru ត្រូវបានប្រគល់ទៅអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) នៅខែមិថុនា ដើម្បីជួយពួកគេក្នុងការតាំងទីលំនៅ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ជនភៀសខ្លួនទាំងនេះកំពុងរៀនភាសាខ្មែរ និង«សុខសប្បាយណាស់» ប៉ុន្តែពួកគេមិនត្រូវបានគេដាក់ឱ្យទៅរស់នៅដោយខ្លួនឯង ឬធ្វើ«សមាហរណកម្ម»ចូលក្នុងសង្គមនៅឡើយទេ។ កម្ពុជានឹងមិនទទួលយកជនភៀសខ្លួនបន្ថែមទៀតទេ រហូតទាល់តែជនភៀសខ្លួនទាំងបួនរូបនេះអាចរស់នៅបានដោយខ្លួនឯង។
ទោះយ៉ាងណា លោក ខៀវ សុភ័គ ត្រូវបានគេដកស្រង់សម្តីនៅក្នុងកាសែត The Cambodia Daily ក្នុងពេលថ្មីៗនេះថា កម្ពុជាមិនមានផែនការទទួលយកជនភៀសខ្លួនបន្ថែមទៀតទេ។
លោកត្រូវបានគេដកស្រង់សម្តីថា៖«ទទួលបានកាន់តែតិចកាន់តែល្អ»។ លោកស្រី Julie Bishop រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី បាននិយាយថា កិច្ចព្រមព្រៀងនេះគឺនៅតែកំពុងបន្ត។ លោកស្រីបានប្រាប់ក្រុមអ្នកកាសែតនៅទីក្រុងស៊ីដនីថា៖ «យើងរំពឹងថា មនុស្សជាច្រើនទៀតនឹងត្រូវបានតាំងលំនៅថ្មីក្នុងប្រទេសកម្ពុជា»។
លោកស្រីបាននិយាយថា ប្រទេសអូស្រ្តាលីកំពុងបញ្ជូនសារទៅកាន់ក្រុមអ្នកជួញដូរមនុស្ស ហើយនឹងប្រជាពលរដ្ឋដែលត្រូវក្រុមជួញដូរមនុស្ស«បោកប្រាស់»ថា ពួកគេនឹងបានតាំងលំនៅថ្មីនៅប្រទេសអូស្ត្រាលីនោះ។
ជនភៀសខ្លួនជនជាតិអ៊ីរ៉ង់បីនាក់ និង Rohingya ម្នាក់បានមកដល់ប្រទេសកម្ពុជានៅខែមិថុនា បន្ទាប់ពីមានកិច្ចព្រមព្រៀងមួយកាលពីខែកញ្ញា។ សារព័ត៌មាន The Guardian និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត បានរាយការណ៍ថា ប្រទេសអូស្រ្តាលីបានផ្តល់ឱ្យប្រទេសកម្ពុជាជាទឹកប្រាក់ចំនួន៥៥លានដុល្លារជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ប៉ុន្តែលោក ខៀវ សុភ័គ បាននិយាយថា មិនមានការប្រើប្រាស់ក្នុងការផ្ទេរជនភៀសខ្លួននោះទេ។
គាត់បាននិយាយថា៖ «យើងធ្វើការងារនេះក្នុងនាមមនុស្សធម៌»។
លោកបាននិយាយថា ប្រទេសអូស្រ្តាលីបានផ្តល់ជំនួយជាធម្មតារបស់ខ្លួន។
«លុយពាក់ព័ន្ធនឹងជនភៀសខ្លួនអត់មានមួយរៀលទេ»។
លោកបានប្រាប់វីអូអេខ្មែរថា រដ្ឋាភិបាលមិនបានពិចារណាអំពីការទទួលយកជនភៀសខ្លួនបន្ថែមទៀតនោះទេ នាពេលបច្ចុប្បន្ននេះ។ លោកបានថ្លែងថា៖ «និយាយរួម ឥឡូវនេះ យើងមិនបានគិតផែនការនាំចូលថ្មីនោះទេ»។
លោកបន្តថា ការទទួលយកជនភៀសខ្លួនបន្ថែមទៀតនឹងកើតឡើង បន្ទាប់ពីជនភៀសខ្លួនបួននាក់ ដែលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជានោះ អាចធ្វើសមាហរណកម្មចូលក្នុងសង្គមបាន។
«ពួកគេកំពុងតែរៀនវប្បធម៌។ បន្ទាប់ពីនោះ យើងនឹងរកកន្លែងឲ្យពួកគេនៅ»៕