ប្រទេសអូស្ត្រាលីនិងចិន បានធ្វើឱ្យមានភាពប្រសើរឡើង ក្នុងការវិលត្រឡប់ «ទៅរកការធ្វើពាណិជ្ជកម្មដែលគ្មានការរាំងស្ទះ» ហើយការចម្រើនទៅមុខនេះត្រូវបន្ត។ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese កាលពីថ្ងៃព្រហស្បតិ៍ ខណៈលោកបានជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang នៅកិច្ចប្រជុំកំពូលអាស៊ានក្នុងប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
«ភាពចម្រើនទៅមុខដែលយើងបានធ្វើក្នុងការវិលត្រឡប់ទៅរកការធ្វើពាណិជ្ជកម្មដែលគ្មានការរាំងស្ទះនោះ គឺជាការល្អប្រសើរសម្រាប់ប្រទេសទាំង២ ហើយយើងចង់ឃើញភាពប្រសើរនោះបន្តទៅមុខទៀត»។
លោក Albanese បានថ្លែងដូចនេះក្នុងការបើកកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីចិន។ លោកបន្តទៀតថា ការយល់ឃើញរបស់អូស្ត្រាលីមិនតែងតែស្របជាមួយចិននោះទេ «ប៉ុន្តែយើងយល់ថា ការសន្ទនាគ្នាពិតជាមានសារៈសំខាន់ខ្លាំង»។
នាយករដ្ឋមន្ត្រីចិនលោកLi និយាយថា លោកស្វាគមន៍លោក Albanese ទៅទស្សនកិច្ចប្រទេសចិនក្នុងឆ្នាំនេះ ហើយនាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះឆ្លើយតបថា លោកនឹងទៅ។
ការទទួលយកការអញ្ជើញឱ្យទៅទស្សនកិច្ចរដ្ឋធានីប៉េកាំងប្រទេសចិននេះ ដែលជាលើកទី ១ ហើយសម្រាប់មេដឹកនាំអូស្ត្រាលី ទៅកាន់ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០១៦ មក គឺជាជំហានដ៏សំខាន់មួយ ក្នុងការធ្វើឱ្យមានស្ថិរភាពក្នុងទំនាក់ទំនងជាមួយចិន៕