ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​ថា​លោក Trump មាន​ទោស​ក្នុង​សំណុំរឿង​លុយ​បំបិទ​មាត់ ប៉ុន្តែ​មិន​រង​ការ​ពិន័យ​អ្វី​ទេ


ប្រធានាធិបតីជាប់ឆ្នោត​លោក Donald Trump ប្រឈម​នឹង​ ​ការ​កាត់ទោស​ពី​បទ​ព្រហ្មទណ្ឌ​របស់​លោក​ក្នុង​សំណុំរឿង​លុយ​បំបិទ​មាត់​នៅទីក្រុងញូវយ៉ក។
ប្រធានាធិបតីជាប់ឆ្នោត​លោក Donald Trump ប្រឈម​នឹង​ ​ការ​កាត់ទោស​ពី​បទ​ព្រហ្មទណ្ឌ​របស់​លោក​ក្នុង​សំណុំរឿង​លុយ​បំបិទ​មាត់​នៅទីក្រុងញូវយ៉ក។

ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋ​អាមេរិក​លោក Donald Trump នឹង​មិន​ជាប់​ពន្ធនាគារ​ឬ​បង់​ប្រាក់​ពិន័យ​ដោយសារ​ការ​កាត់ទោស​ពី​បទ​ព្រហ្មទណ្ឌ​របស់​លោក​ក្នុង​សំណុំរឿង​លុយ​បំបិទ​មាត់​តារា​អាសអាភាស​ម្នាក់​នោះទេ។ នេះ​បើ​យោង​តាម​សេចក្តី​សម្រេច​របស់​ចៅក្រម​ម្នាក់​កាលពី​ថ្ងៃ​សុក្រ។ ប៉ុន្តែ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​ថា​ការ​ផ្តន្ទាទោស​នេះ​នឹង​ធ្វើឲ្យ​លោក Trump ជាប់ឈ្មោះ​ជា​អ្នក​មាន​ទោស។

ការ​ផ្តន្ទាទោស​របស់​លោក​ចៅក្រម Juan Merchan ឲ្យ​លោក Trump អាយុ ៧៨ ឆ្នាំ​នេះ​មានទោស​តែ​មិន​រង​ការ​ពិន័យ​ណា​មួយ​នេះ​បាន​បិទបញ្ចប់​សំណុំរឿង​លុយ​បំបិទ​មាត់​នេះ ដែល​សំណុំរឿង​នេះ​បាន​តាម​អន្ទង​លោក Trump រហូត​មក​ដល់​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​លោក​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ម្តងទៀត​នៅ​ថ្ងៃ​ទី ២០ ខែ​មករា​ខាង​មុខ​នេះ។

លោក​ចៅក្រម Merchan បាន​សម្រេច​ដាក់​លោក Trump ជា​ជន​មាន​ទោស​ក្នុង​កំណត់ត្រា​អចិន្ត្រៃយ៍​របស់​លោក Trump ដោយ​គ្មាន​ពិន័យ​ផ្លូវច្បាប់​ផ្សេង​ទៀត​ដូចជា​ការ​ជាប់​ឃុំ ការ​បង់ប្រាក់​ពិន័យ ឬ​ការ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​នោះទេ។

លោក Trump មិន​ទទួល​សារភាព​ថា​លោក​មាន​ទោស​ទេ ហើយ​បាន​ប្តេជ្ញា​ថា​នឹង​ប្តឹង​ជំទាស់​នឹង​សាលក្រម​ដាក់​ឲ្យ​លោក​មាន​ទោស​នេះ។ លោក​បាន​បង្ហាញ​ខ្លួន​ជាមួយ​មេធាវី​របស់​លោក​តាម​អេក្រង់​ទូរទស្សន៍​ដែល​បញ្ចាំង​ក្នុង​បន្ទប់​សវនាការ​ដោយ​មាន​ទង់ជាតិ​អាមេរិក​ពីរ​នៅ​ពីក្រោយ។

ដោយ​ពាក់​ក្រវាត់ក​ពណ៌​ក្រហម​ដែល​មាន​ឆ្នូត​ពណ៌​ស លោក Trump បាន​និយាយ​មុន​ពេល​ត្រូវបាន​ផ្តន្ទាទោស​ថា៖ «នេះ​គឺជា​ការ​តាម​ធ្វើទុក្ខ​បុកម្នេញ​នយោបាយ។ គេ​ធ្វើ​វា​ដើម្បី​បង្ខូច​កេរ្ដិ៍ឈ្មោះ​ខ្ញុំ​ដើម្បី​ឲ្យ​ខ្ញុំ​ចាញ់​ការ​បោះឆ្នោត ប៉ុន្តែ​វា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ការ​ធ្វើ​ដូច្នេះ​គឺ​ទៅ​មិន​រួចទេ»។

លោក Trump ដែល​មិន​បាន​ផ្តល់​សក្ខីកម្ម​ក្នុង​អំឡុងពេល​ជំនុំជម្រះ​រយៈពេល ៦ សប្តាហ៍​កាលពី​ឆ្នាំ​មុន បាន​និយាយ​ថា៖ «ខ្ញុំ​គ្មាន​ទោស​សោះ។ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG