ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ជាប់ឆ្នោត​លោក Donald Trump ព្យាយាម​ម្តងទៀត​ដើម្បី​ពន្យារពេល​កាត់ទោស​រូបលោក​នៅថ្ងៃសុក្រ​ខាងមុខ​ពី​បទ​បង់លុយបំបិតមាត់


ប្រធានាធិបតីជាប់ឆ្នោត​លោក Donald Trump ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពីថ្ងៃ​៧ ខែមករា ឆ្នាំ២០២៥។
ប្រធានាធិបតីជាប់ឆ្នោត​លោក Donald Trump ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពីថ្ងៃ​៧ ខែមករា ឆ្នាំ២០២៥។

ប្រធានាធិបតីជាប់ឆ្នោត​លោក Donald Trump ព្យាយាម​ម្តងទៀត​កាលពី​ថ្ងៃ​អង្គារ ដើម្បី​ពន្យារពេល​កាត់ទោស​រូបលោកក្នុង​សំណុំរឿង​បង់លុយបំបិតមាត់ ដោយ​បាន​ស្នើ​តុលាការ​សាលាឧទ្ធរណ៍​ញូវយ៉ក​ឲ្យ​អន្តរាគមន៍ ពេល​លោក​ប្រយុទ្ធ​ដើម្បី​បញ្ចៀស​ដំណាក់កាល​ចុងក្រោយ​នៃ​ការ​កាត់ទោស​រូបលោក មុន​ពេល​លោក​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ម្តងទៀត។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​ AP។

លោក Trump បាន​ដាក់បណ្តឹងឧទ្ធរណ៍នេះ​ មួយ​ថ្ងៃ​ក្រោយ​ពី​ចៅក្រម​ជំនុំជម្រះលោក Juan M. Merchan បាន​បដិសេធសំណើ​របស់លោក​ Trump ឲ្យ​ព្យួរ​កាលកំណត់​នូវការកាត់ទោស​រូប​លោក ហើយ​បាន​បញ្ជារ​ឲ្យ​បន្ត​សំណុំរឿង​នេះ​តាម​កាលកំណត់​នៅ​ថ្ងៃសុក្រនេះ។

លោក Trump កំពុង​ព្យាយាម​ស្នើសុំ​បទបញ្ជារ​គ្រាអាសន្ន​ដែល​អាច​ឲ្យ​រូប​លោក​រួច​ផុត​ពី​ការ​កាត់ទោស ក្នុង​ពេល​លោក​ប្តឹងឧទ្ធរណ៍​លើ​ការ​សម្រេច​របស់លោកចៅក្រម Merchan​កាល​ពី​សប្តាហ៍​មុន ក្នុង​ការ​តម្កល់សាលក្រមជាប្រវត្តិសាស្ត្រនេះ។ ការ​ជជែកដេញ​ដោល​ផ្ទាល់មាត់ ត្រូវ​បាន​រំពឹង​ថានឹង​ធ្វើ​នៅ​ពីមុខ​ចៅក្រម​តែម្នាក់នៅល្ងាច​ថ្ងៃអង្គារ​ម៉ោង​នៅ​សហរដ្ឋ​អាមេរិក ដែល​ទំនង​ជា​អាច​ចេញ​សេចក្តីសម្រេច​មិនយូរប៉ុន្មាន​បន្ទាប់ពីនោះ។

មេធាវី​ការពារក្តី​ឲ្យ​លោក Trump លោក Todd Blanche បាន​សរសេរ​ក្នុង​ឯកសារ​បណ្តឹងឧទ្ធរណ៍​ថា ការ​សម្រេច​ដ៏ឆាប់រហ័ស មាន​ភាពចាំបាច់«‍ដើម្បី​បង្ការ​ការរំលោភបំពាន​ដែល​កំពុង​កើតឡើង»លើ​សិទ្ធិរបស់​លោក Trump ដែលការពារ​ដោយ​រដ្ឋធម្មនុញ្ញ «‍និង​ការគំរាម​កំហែងធ្វើ​ឲ្យរអាក់រអួល»ដល់​ដំណើរការ​ផ្ទេរ​តំណែង​ប្រធានាធិបតី។

សល់​មិន​ដល់​ពីរសប្តាហ៍​ទៀត​ប៉ុណ្ណោះ មុនស្បថចូលកាន់តំណែង លោក Trump ទំនងជា​ក្លាយជា​ប្រធានាធិបតីដំបូងគេ​ដែល​ឡើង​កាន់តំណែង ដោយ​មានទោស​ពី​បទឧក្រិដ្ឋ។ បើ​ការកាត់ទោស​ដោយ​ចៅក្រម មិន​បាន​កើតឡើង​មុន​អាណត្តិទី២​របស់​លោក​ចាប់ផ្តើម​នៅ​ថ្ងៃទី២០​ ខែ​មករា​ខាងមុខ​នេះ​ទេ នោះ​អភ័យ​ឯកសិទ្​ធិប្រធានាធិបតី​អាច​ព្យួរការកាត់​ទោស​នេះ​រហូតទាល់តែ​លោក​ចប់​អាណត្តិ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG