សហគមន៍វេជ្ជសាស្ត្រអន្តរជាតិកំពុងកាន់មរណទុក្ខដល់ការស្លាប់ជាបន្ទាន់នៃពួកអ្នកស្រាវជ្រាវនិងពួកអ្នកជំនាញការខាងជំងឺអេដស៍១០០នាក់ដែលបានធ្វើដំណើរទៅកាន់សន្និសីទកម្រិតខ្ពស់មួយអំពីជំងឺ អេដស៍ក្នុងប្រទេសអូស្ត្រាលី។ ពួកអ្នកស្រាវជ្រាវនិងពួកអ្នកជំនាញការខាងអេដស៍ទាំងនេះឋិតនៅក្នុងចំណោមពួកអ្នកដំណើរ២៩៨នាក់ដែលជិះក្នុងយន្តហោះមួយគ្រឿងនៃក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីដែលបានធ្លាក់ក្នុងតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែនដែលមានចលាចល។ លោកនាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលីបានបន្ទោសកងកម្លាំងលម្អៀងទៅខាងរុស្សីថាបានបាញ់ទម្លាក់អាកាសយាននោះ។
ជនច្រើននាក់ក្នុងបណ្តាពួកអ្នកដំណើរដែលជិះក្នុងអាកាសយាននោះពីក្រុង Amsterdam ទៅកាន់ក្រុង Kuala Lumpur ជាពួកអ្នកស្រាវជ្រាវនិងសកម្មជនខាងជំងឺអេដស៍ល្បីឈ្មោះដែលធ្វើដំណើរទៅចូលរួមក្នុងសន្និសីទអេដស៍ធំមួយដែលចាប់ផ្តើមធ្វើនៅក្រុង Melbourne ប្រទេសអូស្ត្រាលីនៅថ្ងៃច័ន្ទសប្តាហ៍នេះ។
ការបាត់បង់ទាំងនេះនឹងទំនងជានឹងធ្វើឱ្យមានភាពធ្ងន់ធ្ងរថែមទៀតលើព្រឹត្តិការណ៍ជាសោកនាដកម្មរួចស្រេចហើយនេះ ដោយបានកម្ចាត់ពួកអ្នកស្រាវជ្រាវនាំមុខខ្លះៗចេញពីការតស៊ូទូលំទូលាយប្រឆាំងនឹងមេរោគហ៊ីវ (HIV) និង ជំងឺអេដស៍ (AIDS)។
មេដឹកនាំនៃប្រទេសអូស្ត្រាលី បានបន្ទោសការធ្លាក់អាកាសយានជាសោកនាដកម្មនេះទៅលើពួកទាមទារបំបែករដ្ឋលម្អៀងទៅខាងរុស្សីហើយបាននិយាយថាលោកនឹងកោះហៅឯកអគ្គរដ្ឋទូតរបស់ប្រទេសរុស្សីប្រចាំប្រទេសអូស្ត្រាលីឱ្យមកពិភាក្សាគ្នាអំពីបញ្ហានេះ។
នេះជាប្រសាសន៍លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Tony Abbott ថ្លែងទៅកាន់សភានៃប្រទេសអូស្ត្រាលី។
«លោកស្រីប្រធានសភា ថ្ងៃនេះជាថ្ងៃសោកសៅមួយសម្រាប់ប្រទេសយើងនិងជាថ្ងៃសោកសៅមួយសម្រាប់ពិភពលោកយើង។អាកាសយាននៃក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ជើងហោះហើរលេខ MH17 បានត្រូវបាញ់ធ្លាក់លើផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែន ទំនងជាដោយពួកឧទ្ទាមគាំទ្រដោយរុស្សីហើយមនុស្ស២៩៥នាក់បានត្រូវសម្លាប់។ មានជនជាតិអូស្ត្រាលីយ៉ាងតិចណាស់២៧នាក់បានត្រូវសម្លាប់។»
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីបានមានប្រសាសន៍នៅមុនចំនួនអ្នកដំណើរបានត្រូវពិនិត្យសើរើជាថ្មីដោយមានរួមបញ្ចូលទាំងកុមារបីនាក់ផងដែរ។
លោក Danis Napthine នាយករដ្ឋមន្ត្រីនៃរដ្ឋ Victoria ប្រទេសអូស្ត្រាលីដែលក្រុង Melbourne ជាធានីបានមានប្រសាសន៍ថាពួកមន្ត្រីកំពុងស្វះស្វែងរកព័ត៌មានអំពីអ្នកចូលរូមក្នុងសន្និសីទនេះប៉ុន្មាននាក់ដែលបានបាត់បង់ជិវិតក្នុងគ្រោះថ្នាក់អាកាសយាននោះធ្លាក់។
«មានតួលេខប្លែកគ្នាអំពីចំនួនអ្នកដំណើរនៅក្នុងអាកាសយាននោះដែលទៅចូលរួមក្នុងសន្និសីទ អេដស៍។ យើងដឹងអំពីចំនួនពិតប្រាកដនៃពួកមនុស្សជាន់ខ្ពស់ដែលធ្វើដំណើរមកទីនេះដែលជាពួកអ្នកស្រាវជ្រាវ ជាអ្នកវិទ្យាសាស្ត្រខាងវេជ្ជសាស្ត្រ ជាពួកវេជ្ជបណ្ឌិត ជាពួកមនុស្សដែលឋិតនៅជួរមុខក្នុងការដោះស្រាយបញ្ហាជំងឺអេដស៍ នៅទូទាំងពិភពលោកដែលឋិតនៅក្នុងការប្រយុទ្ធនោះ។ ដូច្នេះគេមិនទាន់បានដឹងនៅទ្បើយទេអំពីចំនួនពិតប្រាកដ ក៏ប៉ុន្តែគ្មានការសង្ស័យទេថាមានចំនួនច្រើនក្រាស់ក្រែល។»
លោកស្រី Julie Bishop រដ្ឋមន្ត្រីក្រសួងការបរទេស អូស្ត្រាលីបានមានប្រសាសន៍ថារដ្ឋាភិបាលលោកស្រីកំពុងស៊ើបអង្កេតអំពីព្រឹត្តិការណ៍នេះហើយ។
ពួកឧទ្ទាមលម្អៀងទៅខាងរុស្សីបានទ្បោមព័ទ្ធតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែនដែលមានអ្នកស្រុកនិយាយភាសារុស្សីជាច្រើនខែមកហើយ ហើយកាលពីខែមិថុនាពួកឧទ្ទាមទាំងនេះបានបាញ់ទម្លាក់យន្តហោះយោធាអ៊ុយក្រែនមួយគ្រឿងបណ្តាល ឱ្យមនុស្សទាំងអស់៤៩នាក់នៅក្នុងអាកាសនោះស្លាប់ទាំងអស់។
កាលពីថ្ងៃសុក្រ សមាគមអេដស៍អន្តរជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាពួកគេកំពុងស្វះស្វែងរកសចក្តីល្អិតល្អន់អំពីថាតើការធ្លាក់អាកាសយាននឹងមានផលប៉ះពាល់បែបណាលើសន្និសីទរបស់ពួកគេ។
ក៏ប៉ុន្តែ ពូកគេបាននិយាយបន្ថែមថា ជាការទទួលស្គាល់ដល់ការប្តេជ្ញាដ៏ធំធេងរបស់ពួកសហសេវិកពួកគេក្នុងការប្រយូទ្ធប្រឆាំងនឹងការរាតត្បាតដ៏ប្រល័យនៃជំងឺនេះ ការប្រជុំសន្និសីទនេះនឹងមានធ្វើតាមការកំណត់៕
ប្រែសម្រួលដោយ ឈឹម សុមេធ