លោក Eric Greitens អភិបាលរដ្ឋ Missouri បានព្រមានកាលពីថ្ងៃអាទិត្យថា រដ្ឋបាលរបស់លោកនឹងធ្វើចំណាត់ការយ៉ាងម៉ឺងម៉ាត់ចំពោះអ្នកដែលធ្វើការតវ៉ាដោយហិង្សានៅក្នុងទីក្រុង St. Louis ដែលការតវ៉ានោះពាក់ព័ន្ធនឹងការស្លាប់របស់បុរសស្បែកខ្មៅម្នាក់។
អ្នកតវ៉ាមួយក្រុមតូចបានចាប់ផ្តើមវាយបំបែកកញ្ចក់បង្អួចនិងគប់របស់របរដាក់លើប៉ូលិសកាលពីយប់ថ្ងៃសៅរ៍ ក្នុងអំឡុងពេលនៃការតវ៉ាក្នុងយប់ទីពីរ ជុំវិញការដកបន្ទុកចេញពីប៉ូលិសស្បែកសម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទឃាតកម្មក្នុងករណីមរណភាពរបស់បុរសស្បែកខ្មៅរូបនោះ។ គេរំពឹងថានឹងមានការតវ៉ាបន្ថែមទៀតនៅល្ងាចថ្ងៃអាទិត្យនេះ ម៉ោងក្នុងសហរដ្ឋអាមេរិក។
មនុស្សយ៉ាងហោចណាស់៩នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលនៃអំពើហិង្សាកាលពីថ្ងៃសៅរ៍ ដែលបានកើតឡើងនៅតំបន់ Delmar Loop ដែលស្ថិតនៅជាយក្រុង St. Louis។ តំបន់ Delmar Loop នេះ មានហាងជាង១០០ ដោយរួមមានទាំងភោជនីយដ្ឋាន វិចិត្រសាល ហាងលក់សម្លៀកបំពាក់ ហាងលក់វត្ថុអនុស្សាវរីយ៍ និងកន្លែងកំសាន្តនានា។
ប៉ូលិសក្នុងឯកសណ្ឋានវាយឆ្មក់បានគ្រប់គ្រងស្ថានការណ៍នេះបានយ៉ាងលឿន នៅក្រោយពេលដែលអ្នកតវ៉ាបានចាកចេញពីកន្លែងដែលពោរពេញទៅដោយអំបែងកញ្ចក់នោះ៕