ជនចំណាកស្រុកយ៉ាងហោចណាស់២៧នាក់ បានលង់ទឹកស្លាប់កាលពីថ្ងៃពុធនេះ បន្ទាប់ពីទូកដែលពួកគេជិះឆ្លងនោះបានក្រឡាប់នៅពេលដែលពួកគេបានព្យាយាមឆ្លងដៃសមុទ្រពីប្រទេសបារាំងទៅអង់គ្លេស។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin បាននិយាយថា មនុស្ស៣៤នាក់បានស្ថិតនៅលើទូកនោះ។ មនុស្ស២នាក់ត្រូវបានជួយសង្គ្រោះហើយម្នាក់ទៀតកំពុងបាត់ខ្លួននៅឡើយដែលនេះជាសោកនាដកម្មដ៏អាក្រក់បំផុតមួយមិនធ្លាប់មានពីមុនមកដែលទាក់ទិនជនចំណាកស្រុករវាងប្រទេសទាំង២។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ដោយមិនមានការពន្យល់ណាមួយ ក្រសួងមហាផ្ទៃបារាំង បានប្រកាសតួលេខអ្នកស្លាប់សរុបចំនួន២៧នាក់។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាកងារព័ត៌មានបារាំង AFP។ គេនៅមិនទាន់ដឹងពីសញ្ជាតិរបស់ជនចំណាកស្រុកទាំងនោះនៅឡើយទេ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បានបញ្ជាក់ថា៖ «នេះជាគ្រោះមហន្តរាយមួយសម្រាប់ប្រទេសបារាំង សម្រាប់សហភាពអឺរ៉ុបនិងសម្រាប់មនុស្សជាតិដែលបានឃើញពីការស្លាប់របស់ជនចំណាកស្រុកទាំងនេះនៅឯសមុទ្រដោយសារពួករត់ពន្ធមនុស្ស»។
លោករដ្ឋមន្ត្រីមហាផ្ទៃបារាំងរូបនេះ បានបង្ហោះសារក្នុង Twitter ថាអ្នករត់ពន្ធមនុស្សជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់ជនចំណាកស្រុកទាំងនេះ។
ប៉ូលិសបារាំងបានចាប់ខ្លួនមនុស្ស៤នាក់ដែលសង្ស័យពីការទាក់ទិនខ្លះនៅក្នុងការលង់ទឹកមនុស្សស្លាប់ហើយបានបើកការស៊ើបអង្កេតអំពីការស្លាប់នេះ។
កាសែត Washington Post បានរាយការណ៍ថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអំពាវនាវដល់រដ្ឋាភិបាលនៅតំបន់អឺរ៉ុបឲ្យធ្វើការដោះស្រាយឲ្យបានប្រសើរឡើងនូវបម្លាស់ទីរបស់ជនចំណាកស្រុកដែលឆ្លងកាត់ច្រកសមុទ្រនេះ។
លោកប្រធានាធិបតី Macron បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «បារាំងនឹងមិនអនុញ្ញាតឲ្យច្រកសមុទ្រនេះក្លាយទៅជាវាលបញ្ចុះសពនោះទេ។
ចំណែកនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson វិញបានបើកកិច្ចប្រជុំជាបន្ទាន់មួយកាលពីថ្ងៃពុធដើម្បីពិភាក្សាពីការស្លាប់របស់ជនចំណាកស្រុកទាំងនោះ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Reuters និង AFP