ពួកអាជ្ញាធរសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាមនុស្សយ៉ាងតិចណាស់ក៏១០នាក់ដែរបានស្លាប់បន្ទាប់ពីព្យុះសង្ឃរា Milton បានបក់បោកនៅរដ្ឋ Florida បន្ទាប់ពីប្រព័ន្ធអាកាសធាតុដ៏អាក្រក់នេះបានបញ្ជូនព្យុះបក់បោកទូទាំងរដ្ឋហើយបានធ្វើឱ្យលិចលង់តំបន់ Tampa Bay។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាកងារសារព័ត៌មាន AFP។
ព្យុះសង្ឃរាដ៏ខ្លាំងក្លានេះបានវាយប្រហារពីផ្នែកខាងលិចនៃរដ្ឋនេះទៅផ្នែកខាងកើតមុនចូលក្នុងមហាសមុទ្រអាត្លង់ទិក ដែលបានធ្វើឲ្យផ្លូវនានាត្រូវរាំងស្ទះដោយសារការបាក់ដើមឈើនិងបង្គោលខ្សែភ្លើង។ មនុស្ស៣លាននាក់គ្មានភ្លើងអគ្គីសនីប្រើប្រាស់។
ទោះជាយ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ វាបានបង្ហាញថាព្យុះកំបុតត្បូងជាជាងទឹកជំនន់ដែលបង្កការស្លាប់មនុស្សដោយសារខ្យល់ព្យុះ។
រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកលោក Alejandro Mayorkas បានប្រាប់ពួកអ្នកយកព័ត៌មានតាមន័យដើមថាមនុស្សយ៉ាងតិចណាស់ក៏១០នាក់ដែរដែលបានស្លាប់ «តាមការយល់របស់យើងគឺថាអ្នកស្លាប់ទាំងនោះបណ្តាលមកពីព្យុះកំបុតត្បូង»។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋភាគអាគ្នេយ៍សហរដ្ឋអាមេរិកអាចចៀសបានពីកម្រិតនៃការបំផ្លិចបំផ្លាញយ៉ាងខ្លាំងដែលពួកមន្ត្រីបានភ័យខ្លាច។
អភិបាលរដ្ឋ Florida លោក Ron DeSantis បានប្រាប់សន្និសីទកាសែតថា«ខ្យល់ព្យុះខ្លាំងណាស់ ក៏ប៉ុន្តែ ព្យុះនេះមិនដល់កម្រិតអាក្រក់បំផុតនោះទេ»។
ព្យុះសង្ឃរា Milton បានបក់បោកនៅឆ្នេរឈូងសមុទ្រ Florida ជាប្រភេទព្យុះកម្រិតទី៣ ដោយមានកម្លាំងខ្យល់ដ៏ខ្លាំងដែលបានបក់បោកនៅលើដីគោកកាត់តាមសហគមន៍នានាដែលនៅមិនទាន់រើបចេញពីខ្យល់ព្យុះ Helene ដែលបានវាយប្រហារតំបន់នោះកាលពី២សប្តាហ៍មុន។
សេវាកម្មអាកាសធាតុជាតិបានចេញការព្រមានព្យុះកំបុតត្បូង tornado ចំនួន១២៦ដងនៅទូទាំងរដ្ឋកាលពីថ្ងៃពុធ។
រហូតមកដល់រសៀលថ្ងៃព្រហស្បតិ៍ កិច្ចប្រតិបត្តិការជួយសង្គ្រោះបានបន្តនៅពេលដែលពួកបុគ្គលិកបានជម្លៀសពួកអ្នកស្រុកដែលបានជាប់គាំងដោយសារទឹកជំនន់នៅក្នុងទីក្រុង Clearwaterនៅជិតទីក្រុង Tampa៕
វេទិកាបញ្ចេញមតិ