តាមការស្ទង់មតិរបស់ក្រុមហ៊ុន Gallup ដែលចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថា មានការកើនឡើងនូវការគាំទ្រដល់ការដឹកនាំរបស់សហរដ្ឋអាមេរិកនៅក្នុងពិភពលោកតាមរយៈការស្ទង់មតិក្នុងឆ្នាំ២០២១ នៅទូទាំងទ្វីបអាស៊ីដោយមានការកើនឡើងខ្ពស់នៅក្នុងប្រទេសឡាវ កូរ៉េខាងត្បូងនិងវៀតណាម។
បើតាមការស្ទង់មតិនេះបានបង្ហាញថា អត្រាយល់ព្រមទៅលើការដឹកនាំរបស់អាមេរិកក្នុងពិភពលោក ដែលត្រូវបានធ្វើឡើងក្នុងប្រទេសចំនួន៣៣គឺមានការគាំទ្រចំនួន៤១ភាគរយនៅក្នុងឆ្នាំ២០២១ ដែលបានកើនឡើងចំនួន១០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០នោះ។ ដោយឡែកអត្រាគាំទ្រការដឹកនាំរបស់ចិនវិញបានធ្លាក់ចុះចំនួន១ពិន្ទុគឺមានចំនួន២៧ភាគរយនៅក្នុងរយៈពេលដូចគ្នានេះដែរ។
អ្នកចូលរួមការស្ទង់មតិក៏ត្រូវបានសួរអំពីទស្សនៈរបស់គេស្តីពីការដឹកនាំរបស់ប្រទេសអាល្លឺម៉ង់ ដែលមានចំនួន៤៣ភាគរយ រុស្ស៊ីមានចំនួន៣៣ភាគរយ។ គួរកត់សម្គាល់ថា ការស្ទង់មតិនេះត្រូវបានធ្វើឡើងមុនការចូលឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។
លទ្ធផលនៃការស្ទង់មតិនេះជាព័ត៌មានដ៏ល្អមួយសម្រាប់រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ដែលមានគម្រោងរៀបចំកិច្ចប្រជុំកំពូលជាមួយមេដឹកនាំនៃសមាគមន៍ប្រទេសអាស៊ីអាគ្នេយ៍ឬអាស៊ាននៅខែឧសភាខាងមុខនេះ។
អត្រាគាំទ្រចំនួន៤១ភាគរយស្តីពីតួនាទីដឹកនាំរបស់សហរដ្ឋអាមេរិកនេះ មានកម្រិតខ្ពស់ជាងរដ្ឋបាលអាមេរិកមុនដែលដឹកនាំដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ប៉ុន្តែនៅតែ ទាបជាងអត្រាស្ទង់មតិដែលគាំទ្រអាមេរិកក្នុងឆ្នាំ២០១៣ ដែលមានចំនួន៤៥ភាគរយ។ នេះបើតាមការឲ្យដឹងរបស់ក្រុមហ៊ុនស្ទង់មតិ Gallup។
ក្រុមហ៊ុន Gallup បានឲ្យដឹងទៀតថា៖ «គួរឲ្យកត់សម្គាល់ផងដែរ អត្រាអ្នកគាំទ្រសហរដ្ឋអាមេរិកគឺផ្អែកទៅលើទិន្នន័យដែលប្រមូលបាននៅក្នុងនិងក្រោយអំឡុងពេលនៃការដកកងទ័ពអាមេរិកចេញ ពីប្រទេសអាហ្វហ្គានីស្ថានកាលពីខែសីហា ឆ្នាំ២០២១»។
មានតែប្រទេសមួយប៉ុណ្ណោះក្នុងទ្វីបអាស៊ីដែលផ្តល់ការគាំទ្រតិចលើតួនាទីដឹកនាំសហរដ្ឋអាមេរិក នោះគឺប្រទេសអ៊ីរ៉ង់។ ប្រទេសនេះបានផ្តល់ការគាំទ្រអាមេរិកក្នុងចំនួនតែ៧ភាគរយប៉ុណ្ណោះ។ កម្រិតការគាំទ្រតិចនេះ ក៏ត្រូវបានគេឃើញផងដែរនៅក្នុងប្រទេសតួកគីដែលមានចំនួនអ្នកគាំទ្រប្រមាណ២២ភាគរយហើយប្រទេសប៉ាគីស្ថានមានការគាំទ្រប្រមាណ២៣ភាគរយ។
ការគាំទ្រដ៏ខ្លាំងទៅលើតួនាទីដឹកនាំរបស់អាមេរិកគឺមានប្រទេសឡាវដោយមានសំឡេងគាំទ្រឡើងខ្លាំងពី៤ភាគរយកាលពីឆ្នាំ២០២០ទៅដល់៣៤ភាគរយក្នុងឆ្នាំ២០២១។ ដោយឡែកការគាំទ្ររបស់ប្រទេសកូរ៉េខាងត្បូងបានឡើងចំនួន២៩ពិន្ទុគឺចំនួន៥៩ភាគរយ ហើយវៀតណាមមានការកើនឡើង២៤ពិន្ទុគឺប្រមាណ៤៥ភាគរយ។
ប្រទេសដែលមានអត្រាគាំទ្រខ្លាំងបំផុតនៅក្នុងទ្វីបអាស៊ីដល់តួនាទីដឹកនាំលើពិភពលោករបស់សហរដ្ឋអាមេរិកគឺប្រទេសហ្វីលីពីនដោយមានការគាំទ្រចំនួន៧១ភាគរយ៕