វ៉ាស៊ីនតោន៖ ភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូងគឺជាចំណុចសំខាន់នៅក្នុងកិច្ចប្រជុំក្នុងសប្តាហ៍នេះ រវាងរដ្ឋមន្រ្តីក្រសួងការបរទេសពីប្រទេសចិននិងសមាជិក ១០ នៃសមាគមប្រទេស អាស៊ីអាគ្នេយ៍ ឬ អាស៊ាន។ បញ្ហានេះរំពឹងថា នឹងជាការយកចិត្តទុកដាក់ដ៏ធំមួយនៅក្នុងរបៀបវារៈនៅទីក្រុង ប៉េកាំងដែរ។ បញ្ហានេះក៏ជាបញ្ហាចម្បងនៅក្នុងរបៀបវារៈនៅក្នុងកិច្ចប្រជុំនៅប្រទេស ប្រ៊ុយណេ រវាងរដ្ឋមន្រ្តីក្រសួងការពារប្រទេសក្នុងតំបន់ ជាមួយសមភាគីពីប្រទេសចិន សហរដ្ឋអាមេរិក និងប្រទេសដទៃទៀតផង តែ ដំណោះស្រាយមួយប្រហែលទំនងជាមិនអាចសម្រេចបានទេ។
ប្រទេសសមាគម អាស៊ាន ចង់បានដំណោះស្រាយដ៏ឆាប់រហ័សដើម្បីធ្វើកិច្ចចរចាអំពីក្រមប្រតិបត្តិមួយសម្រាប់សមុទ្រចិនខាងត្បូង និងកិច្ចចរចាពហុភាគីស្តីពីជម្លោះដែនទឹកនៅជុំវិញនិងនៅក្នុងសមុទ្រចិនខាងត្បូង។ តែជំហរទាំងពីរនេះ មានទំនាស់ជាមួយរដ្ឋាភិបាលចិន ដែលបានដំឡើងការទាមទារយកដែនទឹកសមុទ្ររបស់ខ្លួនកាន់តែតឹងឡើងៗ។
គ្រប់គ្រងសកម្មភាពនាវាចរ និងរៀបចំធ្វើវេទិកាមួយសម្រាប់កិច្ចចរចាដើម្បីដោះស្រាយជម្លោះដែនទឹកនោះផង។
លោក James Clad អតីតឧបការីរងរដ្ឋមន្រ្តីការពារប្រទេសនៃសហរដ្ឋអាមេរិក ថ្លែងថា សេចក្តីប្រកាសរបស់សមាគម អាស៊ាន ទំនងជាមិនមានផលប៉ះពាល់អ្វីច្រើនទេ។
«ទីមួយគឺខ្ញុំមិនជឿថា អាស៊ាន នឹងអាចនិយាយដោយសំឡេងតែមួយបានទេ។ ជាបថម រដ្ឋាភិបាលកម្ពុជា កន្លែងដែលកិច្ចប្រជុំមួយរបស់ប្រមុខរដ្ឋបានប្រព្រឹត្តធ្វើមិនយូរប៉ុន្មានថ្មីៗនេះ បានខំព្យាយាមគ្រប់មធ្យោបាយដើម្បីធ្វើតម្រូវចិត្តមិត្តរបស់ខ្លួននៅក្រុង ប៉េកាំង។ ដូច្នេះ គំនិតថានឹងមានសំឡេងតែមួយពី អាស៊ាន នៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង តាមធម្មជាតិនិងតាមបទពិសោធន៍ គឺប្រហែលមិនអាចទៅរួចទេ។ ទោះជាយ៉ាងនេះក៏ខ្ញុំគិតថា ជាការល្អដែលគេចាប់ផ្តើមជាមួយនឹងការនិយាយកម្លា តែខ្ញុំមិនគិតថាកិច្ចចរចាជាមួយប្រទេសចិននឹងមានចេញជាលទ្ធផលដ៏សំខាន់ណាមួយទេ ពីព្រោះចិនមុខជានឹងលើកបន្តទៅថ្ងៃមុខទៀត ដូចដែលពួកគេបានធ្វើជារៀងរហូតមក»។
កម្ពុជា-ចិន
ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសកម្ពុជានិងចិនបានទទួលការពិនិត្យពិច្ច័យយ៉ាងដិតដល់កាលពីឆ្នាំមុន នៅពេលដែលកម្ពុជាបានធ្វើជាអ្នកទទួលភ្ញៀវនៃសន្និសីទកំពូលរបស់ អាស៊ាន នៅក្រុងភ្នំពេញ។ ក្នុងនោះ ជាលើកទីមួយក្នុងប្រវត្តិសាស្រ្តដែលក្រុមរដ្ឋមន្រ្តីមិនអាចយល់ស្របគ្នាបាន លើភាសានៃសេចក្តីប្រកាសរួមមួយ ជាសញ្ញាដែលបង្ហាញថាមានការខ្វែងគំនិតគ្នាជាបន្តរវាងរដ្ឋមន្រ្តីទាំង ១០។
កាលពីសប្តាហ៍មុន រដ្ឋមន្រ្តីការបរទេសកម្ពុជាបានធ្វើកិច្ចចរចាជាមួយសមភាគីពីប្រទេសចិន ហើយបានអំពាវនាវឲ្យមានទំនាក់ទំនងជិតស្និទ្ធជាងមុនរវាង អាស៊ាននិងចិន។ ក៏ប៉ុន្តែអ្នកវិភាគឯករាជ្យកម្ពុជា លោក ឡៅ ម៉ុងហៃ បានប្រាប់ វីអូអេថា នេះជាផ្នែកមួយនៃផែនការលេងល្បែងចាស់របស់ចិន។
ប្រទេសចិននិយាយថា ខ្លួនមិនរួសរាន់នឹងធ្វើការចរចាអំពីក្រមប្រតិបត្តិមួយទេ ហើយក៏ប្រឆាំងទល់នឹងដំណោះស្រាយពហុភាគីចំពោះជម្លោះដែនទឹកនេះ ដោយចង់ធ្វើកិច្ចចរចាជាឧភតោភាគីជាមួយប្រទេសជិតខាងរបស់ខ្លួន មួយទល់នឹងមួយវិញ។
ផ្នែកកាទូតរបស់ស.រ.អា
សរអាដែលនិយាយថាខ្លួនមិនគាំទ្រភាគីណាមួយនៅក្នុងជម្លោះដែនទឹកនេះ បានដំឡើងការចូលរួមក្នុងកិច្ចការទូតនៅក្នុងបញ្ហានេះ។
លោក David Shear ឯកអគ្គរដ្ឋទូតសរអាប្រចាំប្រទេស វៀតណាម បានប្រាប់វីអូអេថា ក្រមប្រតិបត្តិមួយជាជំហានដ៏សំខាន់សម្រាប់តំបន់។
«យើងកំពុងចូលរួមនៅក្នុងកិច្ចចរចាដ៏សកម្មមួយជាមួយមន្រ្តី វៀតណាម អំពីបញ្ហានេះ ហើយយើងនិយាយគ្នាអំពីបញ្ហាផ្សេងៗទៀត រួមទាំងសកម្មភាពនៅលើទឹក រួមទាំងបញ្ហាទាក់ទងនឹងការចរចាជាមួយភាគីចិនស្តីអំពីក្រមប្រតិបត្តិមួយសម្រាប់សមុទ្រចិនខាងត្បូង ដែលយើងជឿថាបើយកទៅអនុវត្ត នឹងជួយកាត់បន្ថយភាពតានតឹងយ៉ាងច្រើននៅលើទឹកនៃសមុទ្រចិនខាងត្បូង»។
សរអានិងវៀតណាមមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងនៅក្នុងបញ្ហាមួយចំនួន ដូចជាសិទ្ធិមនុស្ស។ ប៉ុន្តែលោក Alexander Vuving នៃមជ្ឈមណ្ឌល អាស៊ី-ប៉ាស៊ីហ្វ៊ីក សម្រាប់ការសិក្សាសន្តិសុខ មានជំនឿថា ភាពជាដៃគូយុទ្ធសាស្រ្តមួយរវាងសរអានិងវៀតណាម ពិតជាអាចធ្វើឲ្យសម្រេចបាននៅក្នុងរយៈពេលយូរ ដោយមកពីមានភាពគឃ្លើនរបស់ចិនកាន់តែខ្លាំងឡើងនៅក្នុងសមុទ្រចិនខាងត្បូង និងការ«ងាករេ»របស់រដ្ឋបាលលោក អូបាម៉ា ឆ្ពោះទៅរកទ្វីប អាស៊ី។
លោក Vuving និយាយថា នៅមានឧបសគ្គច្រើនទៀតនៅក្នុងទំនាក់ទំនងរវាងវៀតណាមនិងសរអាក្នុងអនាគតដ៏ខ្លីខាងមុខ។ តែលោកថ្លែងថា ក្នុងរយៈពេលយូរទៅមុខ ការទាក់ទងឧភតោភាគីនេះនឹងមានភាពជិតស្និទ្ធខ្លាំងជាងមុន ដោយមកពីប្រទេសចិនធ្វើសេចក្តីប្តេជ្ញាកាន់តែខ្លាំងនៅក្នុងការទាមទារអធិបតេយ្យភាពរបស់ខ្លួននៅក្នុ្ងងសមុទ្រចិនខាងត្បូង ដែលជាការប៉ះទង្គិចផ្ទាល់ជាមួយផលប្រយោជន៍របស់វៀតណាមនៅក្នុងជម្លោះទឹកសមុទ្រនេះ។
ហ្វីលីពីន
សរអាក៏កំពុងនិយាយជាមួយប្រទេស ហ្វ៊ីលីពីនដែរ រួមទាំងកិច្ចចរចាអំពីការដំឡើងវត្តមានផ្លាស់វេននៃកងកម្លាំងនិងសម្ភារៈរបស់សរអា។ កាលពីថ្ងៃច័ន្ទ លោករដ្ឋមន្រ្តីការពារប្រទេស Chuck Hagel បានប្រកាសអំពីការដំឡើងថវិកាយ៉ាងច្រើនរបស់សរអា សម្រាប់កម្មវិធីអប់រំនិងហ្វឹកហ្វឺនផ្នែកយោធានៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍។
លោកអតីតឧបការីរងរដ្ឋមន្រ្តីការពារប្រទេស James Clad ថ្លែងថា ការចូលរួមរបស់សរអាកំពុងជួយពង្រឹងជំហររបស់ប្រទេសនៃសមាគម អាស៊ាន។
«ខ្ញុំគិតថា អ្វីដែលត្រូវយល់គឺថា ជាមួយរដ្ឋបាលនេះ ការមានប្រៀបធំ ការចំណេញធំនៅក្នុងកិច្ចការទូត គឺ លោកអតីតរដ្ឋមន្រ្តីការពារប្រទេស Robert Gatesនិងលោកស្រីអតីតរដ្ឋមន្រ្តីការបរទេស Hillary Clinton បានអញ្ជើញទៅក្រុង Hanoi ក្នុងឆ្នាំ ២០១០ ហើយបានសម្តែងអំពីជំហររបស់ប្រទេសអាមេរិកថា បញ្ហានេះត្រូវតែដោះស្រាយជាពហុភាគី។ នេះជាការចំណេញយ៉ាងធំសម្រាប់ប្រទេស អាស៊ាន។ ប្រទេសចិនមិនសប្បាយចិត្តទេ នៅពេលនោះក៏ដូចជាពេលនេះដែរ។ ដូចនេះពេលដែលមហាអំណាចធ្វើការទាក់ទងជាមួយប្រទេសតូចជាងខ្លួន គេចូលចិត្តទាក់ទងជាឧភតោភាគី ដែលធ្វើឲ្យគេមានប្រៀបជាង»។
លោកស្រី Su Xiaohui នៃវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិ បានថ្លែងថា ប្រទេសចិនមិនអាចទទួលយកគំនិតនៃការចរចាជាពហុភាគិបានទេ។
លោកស្រី Xu ពោលថា ប្រទេស ហ្វ៊ីលីពីន ជឿថាខ្លួននឹងចាញ់ប្រៀបប្រទេសចិននៅក្នុងកិច្ចចរចាអំពីបញ្ហាសមុទ្រចិនខាងត្បូង ហើយការអភិវឌ្ឍន៍របស់ចិននឹងនាំឲ្យទន់ខ្សោយដល់ជំហររបស់ប្រទេស ហ្វ៊ីលីពីន។ ហេតុដូច្នេះ គេមិនចង់ធ្វើកិច្ចចរចាឧភតោភាគី ជាមួយប្រទេសចិនទេ។
គេមានជំនឿថាតំបន់សមុទ្រចិនខាងត្បូងមានធនធានប្រេងនិងឧស្ម័នធម្មជាតិដ៏សន្ធឹកសន្ធាប់។ នេះជាកន្លែងដែលមានជម្លោះដែនទឹករវាងប្រទេសចិន និងប្រទេសឯទៀត មានរួមកោះ តៃវ៉ាន់ ប្រទេស វៀតណាម ប្រ៊ុយណេ, ម៉ាឡេស៊ី និង ហ្វ៊ីលីពីន។ ប្រទេសចិននិងជប៉ុនក៏កំពុងជាប់ជំពាក់ក្នុងជម្លោះដាច់ដោយឡែកមួយទៀត នៅសមុទ្រចិនភាគខាងកើតដែរ៕
ព័ត៌មាននេះ បានផ្តល់ឲ្យដោយលោក Fred Wang ពីទីក្រុងប៉េកាំង Tra Mi ពីរដ្ឋធានី Washington និងលោក គង់ សុឋានរិទ្ធពីរាជធានីភ្នំពេញ។ របាយការណ៍នេះ ជាកិច្ចសហការណ៍របស់វីអូអេផ្នែកភាសាចិនកុកងឺ វៀតណាម និងខ្មែរ។
ប្រែសម្រួលដោយ កែរ យ៉ាន