ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) បានហៅការប៉ុនប៉ងបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (Cambodian Center for Humna Rights) ថាជា«ទង្វើឥតមេត្តាធម៌របស់ជនផ្ដាច់ការ»។
ប្រតិកម្មរបស់ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សនេះ ដែលមានមូលដ្ឋាននៅក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ី ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអាទិត្យ បានបញ្ជាឲ្យក្រសួងមហាផ្ទៃធ្វើការស៊ើបអង្កេតនិងពិនិត្យមើលលទ្ធភាពផ្លូវច្បាប់ ដើម្បីបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
ពេលថ្លែងទៅកាន់ក្រុមកម្មកររោងចក្រកាត់ដេរកាលពីថ្ងៃអាទិត្យ លោក ហ៊ុន សែន បានលើកឡើងថា៖ «ការពិត អាមជ្ឈមណ្ឌលសិទ្ធិមនុស្ស[កម្ពុជា] នៅទីក្រុងភ្នំពេញ អាហ្នឹងត្រូវតែបិទចោល ព្រោះអាហ្នឹងធ្វើតាមបរទេសណា។ អាហ្នឹងគួរមើល ក្រសួងមហាផ្ទៃមើល ព្រោះថាអាហ្នឹងបរទេសអ្នកឱ្យបង្កើត មិនមែនខ្មែរអ្នកឱ្យបង្កើតទេ។ បរទេសអ្នកឲ្យបង្កើត មើលអាមជ្ឈមណ្ឌលសិទ្ធិមនុស្សនៅភ្នំពេញហ្នឹងមួយទៀត»។
លោក Charles Santiago ប្រធានក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្សនិងជាសមាជិកមួយរូបរបស់សភាប្រទេសម៉ាឡេស៊ី បានមានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍មួយតាមសារអេឡិចត្រូនិក ដែល VOA ទទួលបានកាលពីថ្ងៃអាទិត្យថា៖
«ការជំរុញឲ្យបិទអង្គការសិទ្ធិមនុស្សដ៏គួរឲ្យគោរពមួយនេះ គឺជាទង្វើឥតមេត្តាធម៌របស់ជនផ្ដាច់ការ ហើយវានឹងធ្វើឲ្យមានការរីករាលដាលនៃការភ័យខ្លាចក្នុងចំណោមអង្គការសង្គមស៊ីវិល»។
លោក Charles Santiago បន្តទៀតថា៖ «ការវាយប្រហាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលើCCHR [មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា] គឺជាភស្តុតាងបន្ថែមទៀតនៃការរអិលកាន់តែជ្រៅទៅៗរបស់កម្ពុជាទៅក្នុងភាពផ្ដាច់ការ»។
ក្រោយពីការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអាទិត្យ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃដដែលនោះ ដោយបានគូសបញ្ជាក់អំពីឯករាជ្យភាពរបស់ខ្លួន ក្នុងការបំពេញការងារលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ដោយឈរលើគោលការណ៍ អព្យាក្រឹត និងឥតលម្អៀងទៅរកគណបក្សនយោបាយណាមួយឡើយ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថា ប្រសិនបើមានការស៊ើបអង្កេតឯករាជ្យ និងឥតលម្អៀងមកលើខ្លួន ការស៊ើបអង្កេតនោះ «នឹងបង្ហាញពីភាពត្រឹមត្រូវរបស់អង្គការនេះ»។
លោក Charles Santiago នៃក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស បានថ្លែងថា «មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គឺជាអង្គការមួយដែលទទួលបានការគោរពច្រើនជាងគេបង្អស់មួយ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងនៅក្នុងតំបន់អាស៊ានទាំងមូលទៀតផង»។
លោកថ្លែងបន្ថែមទៀតថា ជាច្រើនឆ្នាំមកហើយ អង្គការនេះបានបង្ហាញឲ្យឃើញពីឯករាជ្យភាពនិងការប្ដេជ្ញាដ៏ខ្លាំងក្លា ក្នុងការការពារសិទ្ធិមនុស្ស សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ត្រូវបានបង្កើតឡើងដោយលោក កឹម សុខា កាលពីឆ្នាំ២០០២ ប៉ុន្តែក្រោយមក លោកក៏បានលាលែងពីតំណែងជាប្រធានអង្គការក្រៅរដ្ឋាភិបាលមួយនេះនៅឆ្នាំ២០០៧ ដើម្បីចូលប្រឡូកក្នុងឆាកនយោបាយវិញ ដោយបង្កើតគណបក្សសិទ្ធិមនុស្ស។
បច្ចុប្បន្នជាប្រធានគណបក្សសង្គ្រោះជាតិ ដែលទើបត្រូវបានតុលាការកំពូលរំលាយចោលនោះ លោក កឹម សុខា កំពុងជាប់ឃុំ រង់ចាំការជំនុំជម្រះទោស ក្រោយពីលោក ត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ តាមបណ្ដឹងរបស់រដ្ឋាភិបាល ដែលចោទថា លោករៀបចំផែនការផ្ដួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។
ប៉ុន្តែ លោក កឹម សុខា បានបដិសេធការចោទប្រកាន់ប្រឆាំងនឹងរូបលោក ហើយគណបក្សប្រឆាំងចាត់ទុកថា ចំណាត់ការរបស់រដ្ឋាភិបាលនេះ គឺគ្រាន់តែជាល្បិចកល ក្នុងការធានាថាលោក ហ៊ុន សែន នៅតែអាចបន្តកាន់អំណាចតទៅទៀត ក្រោយការបោះឆ្នោតជាតិនៅឆ្នាំក្រោយ ទោះបីជាលោកនាយករដ្ឋមន្ត្រី បានកាន់តំណែងនេះអស់ជាង៣ទសវត្សរ៍មកហើយក៏ដោយ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយណាមួយទេ ហើយថា អង្គការនេះមានឯករាជ្យដាច់ខាតពីគណបក្សនយោបាយទាំងអស់ ទោះបីជាអតីតបុគ្គលិករបស់ខ្លួនមួយចំនួន បានចូលប្រឡូកក្នុងវិស័យនយោបាយ ឬបានចូលរួមជាមួយគណបក្សនយោបាយផ្សេងៗក៏ដោយ។
សេចក្ដីថ្លែងការណ៍ដដែលនោះសរសេរថា«ទោះបីជាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គាំទ្រសិទ្ធិរបស់បុគ្គលគ្រប់រូបក្នុងការចូលប្រឡូកក្នុងវិស័យនយោបាយយ៉ាងណាក្ដី ក៏មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ពុំដែលទទួលរងឥទ្ធិពលអ្វីទាំងអស់ពីអតីតបុគ្គលិកដែលបានចូលប្រឡូកក្នុងវិស័យនយោបាយ ទោះតាមមធ្យោបាយណាក៏ដោយ»។ចាប់តាំងពីការលាលែងពីតំណែងរបស់លោក កឹម សុខា ពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានេះកាលពីឆ្នាំ២០០៧មក អង្គការក្រៅរដ្ឋាភិបាលមួយនេះ បានផ្លាស់ប្ដូរមេដឹកនាំចំនួនពីរលើករួចមកហើយ។
លោក អ៊ូ វីរៈ បានដឹកនាំអង្គការសិទ្ធិមនុស្សនេះ បន្តពីលោក កឹម សុខា រហូតដល់ចុងឆ្នាំ២០១៤ ជាពេលដែលលោកបានលាឈប់ពីតំណែង ហើយអ្នកបន្តវេនពីលោក អ៊ូ វីរៈ គឺលោកស្រី ចក់ សុភាព ដែលបានដឹកនាំមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានេះតាំងពីពេលនោះរហូតដល់បច្ចុប្បន្ននេះ។
លោក Charles Santiago ប្រធានក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សបានថ្លែងថា អាជ្ញាធរកម្ពុជាគួរតែអនុញ្ញាតឲ្យមជ្ឈមណ្ឌលសិទ្ធិមនុស្សនេះបន្តការងារដ៏សំខាន់របស់ខ្លួនតទៅទៀត ដោយឥតមានការភ័យខ្លាចនិងការបំភិតបំភ័យណាមួយឡើយ៕