គណៈកម្មការសិទ្ធិមនុស្សអាស៊ីដែលមានមូលដ្ឋាននៅទីក្រុងហុងកុង (Asian Human Rights Commission) បានអំពាវនាវនៅថ្ងៃសុក្រនេះ ឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យមានការដកដីកាចាប់ខ្លួនថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងធានាឱ្យថ្នាក់ដឹកនាំគណបក្សប្រឆាំងនេះ អាចវិលត្រឡប់ចូលប្រទេសកម្ពុជាវិញដោយសុវត្ថិភាពនិងគ្មានការកាត់ទោសណាមួយ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្សនេះ។
ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីតុលាការកម្ពុជាកាលពីសប្ដាហ៍មុនបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន៨រូប ក្រោមការចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ មន្ត្រីបក្សប្រឆាំងទាំង៨នាក់នេះដែលបច្ចុប្បន្នរស់នៅនិរទេសខ្លួនក្រៅប្រទេស រួមមានលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហូរ លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក តុ វ៉ាន់ចាន់ លោក ឡុង រី និងលោក អ៊ូ ច័ន្ទឬទ្ធិ។
គណៈកម្មការសិទ្ធិមនុស្សអាស៊ី លើកឡើងថា វាមានសារសំខាន់ដែលសហគមន៍អន្តរជាតិនិងពលរដ្ឋកម្ពុជា «អាចការពារសិទ្ធិក្នុងការមានគណបក្សប្រឆាំងដ៏ខ្លាំងក្លា ដោយមានទស្សនៈឆ្ពោះទៅរកការលើកតម្កើងលទ្ធិប្រជាធិបតេយ្យដ៏ពិតប្រាកដនិងការបំពេញសិទ្ធិមនុស្សគ្រប់គ្នា»៕