បញ្ហាសមុទ្រចិនខាងត្បូងត្រូវបានលើកយកមកពិភាក្សា និងបង្ហាញក្តីកង្វល់ដោយរដ្ឋមន្ត្រីការបរទេសមួយចំនួនរបស់អាស៊ាន និងបានស្នើឱ្យភាគីជម្លោះពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ហើយដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈការគោរពទៅតាមច្បាប់អន្តរជាតិ ដើម្បីបន្ធូរបន្ថយភាពតានតឹងនិងការប្រឈមមុខដាក់គ្នា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសតំបន់អាស៊ី-បូព៌ាលើកទី១២ ចេញផ្សាយកាលពីសប្តាហ៍មុន។
បើតាមសេចក្តីថ្លែងការណ៍ចុះនៅថ្ងៃទី៥ខែសីហា និងត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)នាថ្ងៃទី១១ខែសីហាឆ្នាំ២០២២នេះ កិច្ចប្រជុំនេះបានបញ្ជាក់សារជាថ្មីនូវសារៈសំខាន់នៃការមិនប្រើប្រាស់កងកម្លាំង និងអនុវត្តការរឹតត្បិតសកម្មភាពនានាដោយភាគីជម្លោះនិងរដ្ឋដទៃទៀត ព្រមទាំង អនុវត្តទៅតាមការកំណត់ទាំងឡាយដែលមានចែងនៅក្នុងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូងឬហៅកាត់ថាDOC (Declaration on the Conduct of Parties in the South China Sea) ដើម្បីធានាឱ្យបានសន្តិសុខ និងស្ថិរភាពក្នុងទីតាំងដែលមានការខ្វែងគំនិតគ្នា។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ក្នុងន័យដើមថា៖ «កិច្ចប្រជុំសង្កត់ធ្ងន់ទៅលើការចាំបាច់នៃការកសាងទំនុកចិត្ត វិធានការការពារ និងការជឿទុកចិត្តលើច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២»។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា បញ្ហាសមុទ្រចិនខាងត្បូងជាជម្លោះដ៏រ៉ាំរ៉ៃ ដែលបានអូសបន្លាយពេលជាយូរមកហើយនិងគ្មានដំណោះស្រាយ។ ដូច្នេះ អ្វីដែលភាគីទំនាស់គួរធ្វើនោះគឺ«រក្សាភាពដើម»។
លោកបន្ថែមថា ភាគីក្រៅជម្លោះមិនត្រូវធ្វើសកម្មភាពក្នុងចេតនាអុជអាល ដែលរុញឱ្យកម្តៅកាន់តែឆាបឆួល ហើយជាពិសេសភាគីក្នុងជម្លោះផ្ទាល់ត្រូវដោះស្រាយរួមគ្នា ដោយមិនត្រូវធ្វើឱ្យរឿងនេះក្លាយទៅជាជម្លោះអន្តរជាតិនោះទេ។
លោកថ្លែងថា៖«ចៀសវាងការធ្វើអន្តរជាតូបនីយកម្មនៃជម្លោះ ដែលនាំឱ្យបញ្ហាសមុទ្រចិនខាងត្បូងហ្នឹង វាកាន់តែក្តៅ កាន់តែធ្វើឱ្យមានការប៉ះពាល់ទៅដល់បញ្ហាសន្តិភាព ស្ថិរភាពតំបន់ និងវិបុលភាពរួមរបស់ពិភពលោក»។
ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ីលោកបណ្ឌិតឈាង វណ្ណារិទ្ធប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា ជម្លោះសមុទ្រចិនខាងត្បូង ជាជម្លោះដែលអូសបន្លាយនិងចាក់ស្រេះ ហេតុនេះភាគីពាក់ព័ន្ធក្នុងជម្លោះនេះត្រូវការពេលវេលាច្រើនក្នុងការរកដំណោះស្រាយដើម្បីបញ្ចប់វិបត្តិនេះ។
លោកថ្លែងថា៖«អ៊ីចឹងវាមិនអាចមានដំណោះស្រាយឆាប់ៗដើម្បីដោះស្រាយបញ្ហាទាំងនោះទេ។ អ្វីដែលអាស៊ាននិងចិនកំពុងតែធ្វើគឺដោះស្រាយបញ្ហាសន្សឹមៗ ជាពិសេសសម្រេចបាននូវក្រមប្រតិបត្តិ COC»។
បើតាមលោកឈាង វណ្ណារិទ្ធក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង(COC)គឺជាយន្តការដ៏សំខាន់ដើម្បីឱ្យមានការយល់គ្នាកាន់តែច្រើន សហប្រតិបត្តិការ និងពង្រឹងនូវការគោរពច្បាប់អន្តរជាតិដែលជាវិថីដើរចេញពីជម្លោះដ៏រ៉ាំរ៉ៃមួយនេះ។
វីអូអេមិនអាចទាក់ទងសុំការអត្ថាធិប្បាយតាមទូរស័ព្ទពីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោកផៃ ស៊ីផានបានទេនៅថ្ងៃចន្ទនេះ។
យ៉ាងណាក៏ដោយ ចំពោះបញ្ហាសមុទ្រចិនខាងត្បូងនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជាប្រាក់ សុខុនធ្លាប់បានលើកទឹកចិត្តឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់«ប្រកាន់ខ្ជាប់ភាពអត់ធ្មត់ជាអតិបរមា» និងស្វែងរកដំណោះស្រាយចំពោះជម្លោះដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ(UNCLOS) ដែលត្រូវបានអនុម័តកាលពីឆ្នាំ១៩៨២។
គួរបញ្ជាក់ថាកាលពីដើមខែមិថុនា នៅក្នុងជំនួបមួយជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុរដ្ឋមន្រ្តីការបរទេសអាមេរិក អ្នកស្រី Wendy Sherman បានអះអាងថា អាមេរិកមានបំណងធ្វើការជាមួយប្រទេសកម្ពុជា នៅក្នុងតួនាទីរបស់កម្ពុជាជាប្រធាននៃសមាគមអាស៊ាននៅឆ្នាំ២០២២ ហើយជួយធានាឱ្យកម្ពុជាអាចដើរតួនាទីប្រកបដោយន័យស្ថាបនា នៅក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ និងនយោបាយសំខាន់ៗ នៅក្នុងតំបន់ ដូចជាបញ្ហាប្រទេសកូរ៉េខាងជើង បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាតំបន់ទន្លេមេគង្គ។
ក្រោយមក រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony J. Blinken បានសង្កត់ធ្ងន់នូវការប្តេជ្ញារបស់អាមេរិកចំពោះអាស៊ាន តួនាទីដ៏សំខាន់របស់អាស៊ានសម្រាប់យុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក និងបានលើកឡើងអំពីការបដិសេធរបស់អាមេរិកប្រឆាំងនឹងការអះអាងរបស់ចិន«ដោយមិនស្របច្បាប់»ទៅលើដែនទឹកក្នុងតំបន់សមុទ្រចិនខាងត្បូង និងបញ្ជាក់ជាថ្មីថា អាមេរិកនៅជាមួយប្រទេសភាគីជម្លោះដែលជាសមាជិកអាស៊ាន ដើម្បីតទល់នឹងការបង្ខំរបស់ចិន។ ក៏ប៉ុន្តែចិនជារឿយៗអះអាងពីការកាន់កាប់ស្ទើរតែទាំងអស់នៃដែនកោះក្នុងសមុទ្រចិនខាងត្បូង៕