សេចក្តីព្រាងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចែកចាយមួយថ្ងៃមុនកិច្ចប្រជុំកំពូលរបស់មេដឹកនាំបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍អំពីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាដែលមានរួមបញ្ចូលទាំងការដោះលែងអ្នកទោសនយោបាយជាចំណុច«មូលមតិ»មួយនៅក្នុងសេចក្តីថ្លែងការណ៍នោះដែរ។ នេះបើយោងតាមការបញ្ជាក់របស់ប្រភពចំនួន៣ ដែលបានដឹងអំពីឯកសារនោះ។
ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយនៅពេលបញ្ចប់កិច្ចប្រជុំកាលពីថ្ងៃសៅរ៍ ពាក្យពេចន៍ពាក់ព័ន្ធនឹងការដោះលែងអ្នកទោសនយោបាយត្រូវបានកែប្រែដោយមិនរំពឹងទុក និងមិនមានសំណើមុតមាំណាមួយឲ្យដោះលែងពួកគេនោះទេ។ នេះបើយោងតាមប្រភពចំនួន២ដែលបានបញ្ជាក់។
អវត្តមាននៃគោលជំហររឹងមាំទៅលើបញ្ហានេះបណ្តាលឲ្យសកម្មជនសិទ្ធិមនុស្សនិងអ្នកដែលប្រឆាំងនឹងកុបកម្មមានការខឹងសម្បា។ ពួកគេបានបង្កើនការរិះគន់ថាកិច្ចប្រជុំនេះទទួលបានជោគជ័យតិចតួចក្នុងរបៀបដែលផ្តល់អំណាចដល់មេដឹកនាំយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា។
សកម្មជននានាថ្លែងថាមនុស្សចំនួន ៣.៣៨៩ នាក់ត្រូវបានចាប់ខ្លួននៅក្នុងការបង្ក្រាបដោយយោធាចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈមក ហើយមនុស្សជិត៧៥០នាក់ត្រូវបានសម្លាប់។
«ចំណុចមូលមតិចំនួន៥» នៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រធានសមាគមនៅពេលចុងបញ្ចប់នៃកិច្ចប្រជុំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន មិនបានឲ្យដោះលែងអ្នកទោសនយោបាយនោះទេ។ ទោះជាយ៉ាងនេះក្តី សេចក្តីថ្លែងការណ៍នោះបានលើកលែងដាច់ដោយឡែកថា កិច្ចប្រជុំកំពូលនេះ «បានដឹងឮ» អំពីការអំពាវនាវឲ្យដោះលែងអ្នកទោសនយោបាយមីយ៉ាន់ម៉ា។ កិច្ចប្រជុំកំពូលនេះមានការចូលរួមដោយមេដឹកនាំយោធាមីយ៉ាន់ម៉ាគឺលោក Min Aung Hlaing។
ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនដោយយោធាគឺមានលោកស្រី Aung San Suu Kyi ដែលគណបក្សរបស់លោកស្រីបានប្រកាសជ័យជម្នះលើការបោះឆ្នោតមុននឹងមានរដ្ឋប្រហារកើតឡើង។ ប្រធានាធិបតីជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យនិងក្រុមតំណាងរាស្ត្រផ្សេងៗទៀតក៏ត្រូវបានចាប់ខ្លួនផងដែរ។
មានការភាន់ច្រឡំបន្ទាប់ពីកិច្ចប្រជុំកំពូលនោះបញ្ចប់ ខណៈបណ្ដាមេដឹកនាំនិងមន្ត្រីការទូតមួយចំនួនបានធ្វើអត្ថាធិប្បាយដោយស្នើថា ការមូលមតិគ្នាបានសម្រេចឡើងពាក់ព័ន្ធនឹងការអំពាវនាវឲ្យដោះលែងអ្នកទោសនយោបាយ។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Hishammuddin Hussein បានថ្លែងលើបណ្តាញសង្គមកាលពីថ្ងៃអាទិត្យថា៖ «ម៉ាឡេស៊ីបានជំរុញឲ្យបញ្ចប់អំពើហិង្សានៅប្រទេសមីយ៉ាន់ម៉ា ឲ្យដោះលែងអ្នកទោសនយោបាយ និងជំរុញឲ្យប្រេសិតតំណាងអាស៊ានម្នាក់ជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់។ ក្រុមមេដឹកនាំបានសម្រេចការមូលមតិបែបនេះ»។
មន្ត្រីមួយរូបក្នុងខុទ្ទកាល័យលោក Hishammuddin បានឲ្យទីភ្នាក់ងារព័ត៌មាន Reuters យោងទៅតាមខ្លឹមសារនៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានដែលបានអំពាវនាវឲ្យដោះលែងអ្នកទោសនយោបាយ។
ប្រភពចំនួន២ដែលបានឃើញសេចក្តីព្រាងពាក់ព័ន្ធនឹងចំណុចមូលមតិនោះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ជាអនាមិកថា ពួកគេមានការភ្ញាក់ផ្អើលដែលពាក្យពេចន៍នៅក្នុងសេចក្តីថ្លែងការណ៍នោះត្រូវបានកែប្រែ ប៉ុន្តែពួកគេមិនបាននិយាយថាដោយរបៀបណាឬនៅពេលណានោះទេ។ ទីភ្នាក់ងារព័ត៌មាន Reuters មិនទាន់បានឃើញសេចក្តីព្រាងនោះទេ។
នៅមិនទាន់មានការឆ្លើយតបភ្លាមៗណាមួយទៅនឹងសំណើសុំការអធិប្បាយពីរដ្ឋមន្ត្រីការបរទេសប្រ៊ុយណេ ដែលជាប្រធានកិច្ចប្រជុំកំពូលអាស៊ាននោះនៅឡើយទេ។
លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ី បានថ្លែងថា អ្នកទោសនយោបាយនានានឹងត្រូវ «ពាក់ព័ន្ធនៅក្នុងដំណោះស្រាយដែលត្រូវបានចរចាចំពោះវិបត្តិនេះ»។
ទោះជាយ៉ាងនេះក្តី ចំណុចមូលមតិទាំង៥ ក៏មានរួមបញ្ចូលការជំរុញឲ្យ«ភាគីទាំងអស់» នៅមីយ៉ាន់ម៉ាចូលរួមក្នុងកិច្ចចរចាផងដែរ។
ចំណុចដទៃទៀតនៃការមូលមតិគឺការបញ្ចប់អំពើហិង្សា ការបង្កើតឲ្យមានប្រេសិតពិសេសរបស់អាស៊ានម្នាក់ ការផ្ដល់ជំនួយមនុស្សធម៌ និងដំណើរទស្សនកិច្ចរបស់ប្រតិភូមួយរូបទៅកាន់មីយ៉ាន់ម៉ាដើម្បី «ជួបជាមួយភាគីពាក់ព័ន្ធទាំងអស់»។
នាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរីលោក Lee Hsien Loong បានថ្លែងថា នៅក្នុងកិច្ចប្រជុំកំពូលនោះ ក្រុមមេដឹកនាំនិងអ្នកតំណាងរបស់ពួកគេបានថ្លែងសុន្ទរកថាទៅលើស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា ហើយមេដឹកនាំរដ្ឋប្រហារលោក Min Aung Hlaing លើកឡើងពីទស្សនៈរបស់លោកចុងក្រោយគេ។
លោក Lee បានថ្លែងថា៖ «លោក [Min Aung Hlaing] បានថ្លែងថា លោកបានដឹងឮពីអ្វីដែលយើងនិយាយ ហើយលោកនឹងយកចំណុចណាដែលល្អទៅពិចារណា»៕
ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា